រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ សហការជាមួយសមត្ថកិច្ចខណ្ឌប្ញស្សីកែវចុះឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ មីនា ២០១៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ការចុះឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៣៨ របស់សាលាដំបូងខេត្តកំពង់ធំ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០១ កក្តដា ២០១២ ។ ជនសង្ស័យឈ្មោះ ស្រូយ ឡូត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលកើតហេតុ មានស្រុកកំណើត ភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ