ខេត្តស្វាយរៀង ៖ យុវជនម្នាក់សល់៣ថ្ងៃទៀតចូលរោងការបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុក ហើយកិនពីលើបាក់ភ្លៅទាំង២ និងអូសចម្ងាយ១៥ម៉ែត្របណ្តាលឱ្យម៉ូតូដាច់ជាពីរកំណាត់ប៉ើងធ្លាក់ទៅលើថ្នល់សន្លប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ មីនា ២០១៤ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិអំពឹល ឃុំអំពឹល ស្រុករមាសហែក។ បើតាមនគរបាលស្រុករមាសហែកបានឱ្យដឹងថា យុវជនរងគ្រោះឈ្មោះតាំង លី អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានមកធ្វើកម្មករនៅរាជធានីភ្នំពេញ ហើយបានមកដណ្តឹងនារីម្នាក់ឈ្មោះមាស ស្រីម៉ី អាយុ២១ឆ្នាំ ជាកម្មការិនី មានទីលំនៅភូមិម្តេញ ឃុំត្រសី ស្រុករមាសហែក។ ពួកគេត្រូវចូលរោងការនៅថ្ងៃទី១៦ មីនា ២០១៤ ខាងមុខនេះ ហើយឪពុកម្តាយក្មេកបានឱ្យមកទិញអីវ៉ាន់សម្រាប់រៀបការនៅផ្សារកំពង់ត្រាច ស្រុករមាសហែក។
ប្រភពដដែលបន្តទៀតថា ក្រោយពីទិញអីវ៉ាន់រួចរាល់ហើយក៏ត្រឡប់ទៅផ្ទះខាងគូដណ្តឹងវិញដោយជិះម៉ូតូម៉ាកហុងដាគុបមូល ពណ៌ស្លឹកឈើក្នុងទិសដៅពីត្បូងទៅជើងតែម្នាក់ឯង លុះដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ២G៩១៤៩ ពណ៌ទឹកមាសបើកបញ្ច្រាសទិសគ្នាយ៉ាងលឿនរេចង្កូតទៅឆ្វេងបុកជនរងគ្រោះពេញទំហឹងលាន់ដូចរន្ទះ ហើយកិនពីលើមនុស្ស និងម៉ូតូអូសចម្ងាយ១៥ម៉ែត្របណ្តាលឱ្យបាក់ភ្លៅទាំង២សន្លប់នៅនឹងកន្លែង រីឯម៉ូតូដាច់ជាពីរកំណាត់ធ្លាក់ចិញ្ចើមថ្នល់។
ក្រោយកើតហេតុអ្នកបើកបរត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអំពឹល រីឯជនរងគ្រោះត្រូវនគរបាលហៅរថយន្តសង្គ្រោះមន្ទីរពេទ្យស្រុកប្រតិបត្តិស្រុកមាសរហែកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ចំណែកម៉ូតូ និងរថយន្តត្រូវគេបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ