ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើទឹកដីថៃក្នុងខេត្តឆាក់ឆឹនសៅ នាពេលកន្លងមកត្រូវភាគីថៃបញ្ជូនមកឱ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ មីនា ២០១៤ ។
ស្ត្រីរងគ្រោះឈ្មោះម៉ូត មិត្ត អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំបោសស្បូវ ស្រុកព្រះនេត្រព្រះ។ ជនរងគ្រោះមើលទៅហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ព្រោះមិនអាចនិយាយស្តីបានភ្ជាប់ជាមួយស៊ីរ៉ូម និងខ្យល់អុកស៊ីសែនផងដែរ ។
តាមសាច់ញាតិជនរងគ្រោះនិយាយថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ពេលវិលត្រឡប់ពីក្រុងបាងកកតាមរថយន្តមួយគ្រឿងបើកធ្លាក់ស្នាមភ្លោះចែកផ្លូវនៅក្នុងខេត្តឆាក់ឆឹនសៅ កាលពីយប់ថ្ងៃទី៨ មីនា ២០១៤ កន្លងទៅ។
សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ក្រៅពីស្ត្រីរងគ្រោះបុរសជាប្តីស្ត្រីរងគ្រោះ និងចៅស្រីម្នាក់ទៀតបានរងរបួសដែរ ប៉ុន្តែត្រូវគេបញ្ជូនមកមុនហើយ។ ទោះជាយ៉ាងណាក្រុមសាច់ញាតិប្រាប់ថា ជនរងគ្រោះជាពលករស្របច្បាប់មានលិខិតឆ្លងដែនត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ