ខេត្តកោះកុង ៖ នៅខេត្តកោះកុងទោះបីជាតួលេខប្រាក់ពន្ធរួមរបស់គយ និងរដ្ឋាករទទួលបានកើនឡើងក៏ដោយ ប៉ុន្តែបានកត់សម្គាល់ថា កំពង់ផែស្រែអំបិលបែរជាស្ងាត់ជ្រងំ ហើយប្រាក់ពន្ធបានថយចុះយ៉ាងគំហុក ។ មន្ត្រីគយនិងរដ្ឋាករមួយរូបនៅកំពង់ផែស្រែអំបិលបាននិយាយថា ចាប់ពីខែធ្នូ ឆ្នាំ២០១៣ រហូតមកដល់ពេលនេះប្រាក់ពន្ធបានថយចុះប្រមាណ២.០០០លានរៀលមកនៅត្រឹមរង្វង់៤០០លានរៀលប៉ុណ្ណោះក្នុងមួយខែ ។
មន្ត្រីដដែលបានអះអាងទៀតថា ជាច្រើនឆ្នាំកន្លងមកមានក្រុមហ៊ុនមួយឈ្មោះLM របស់ឧកញ៉ាម្នាក់ជាអ្នកដើរតួរកចំណូលប្រាក់ពន្ធធំជាងគេនៅច្រកកំពង់ផែស្រែអំបិលដែលក្រុមហ៊ុនមួយនេះមានទំនិញច្រើនមុខនាំចូលពីប្រទេសថៃដូចជា ទំនិញចាប់ហួយ គ្រឿងអេឡិចត្រូនិក គ្រាប់ប្លាស្ទិក ភេសជ្ជៈគ្រប់មុខ ស្រាបៀរថៃ ស្រាគ្រប់ប្រភេទ ទូរស័ព្ទដៃគ្រប់ប្រភេទ សីុម៉ង់ត៍សញ្ញាក្រពើ និងជាពិសេសគឺរថយន្តចង្កូតឆ្វេង សេ៊រីទំនើបៗ ។ ប៉ុន្តែពេលនេះមុខទំនិញខាងលើត្រូវបានក្រុមហ៊ុនLM បង្វែទិសដៅឆ្ពោះទៅកំពង់ផែស្ទឹងហាវវិញព្រោះបង់ពន្ធធូស្រាលជាងនិងងាយស្រួលនិយាយជាមួយគយនៅទីនោះដែលអាចនាំគ្នាបន្លំបានច្រើនជាងនៅស្រែអំបិល ។
លោក ប៉ាង វ៉ាន់ថន ប្រធានសាខា គយនិងរដ្ឋាករខេត្តកោះកុង បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ មីនា ថា ប្រាក់ពន្ធនៅច្រកកំពង់ផែស្រែអំបិលពិតជាមានការថយចុះប្រាកដមែន ប៉ុន្តែវាកើនឡើងនៅច្រកចាំយាម ។លោក ប៉ាង វ៉ាន់ថន បានបញ្ជាក់ទៀតថា ទំនិញដែលធ្លាប់ចូលទៅកំពង់ផែស្រែអំបិល ឥឡូវបានរត់ទៅស្ទឹងហាវអស់ហើយ ។ លោកប្រធានសាខាបានបញ្ជាក់ទៀតថា ប្រាក់ពន្ធនៅកំពង់ផែស្ទឹងហាវមានការកើនឡើងលើសផែនការគឺ២ខែដើមឆ្នាំ២០១៤ ទទួលបាន៥.៧០០លានរៀល ដែលផែនការមាន៤.៨០០លានរៀលក្នុងមួយត្រីមាស ។
តាមប្រភពពីថៅកែថៃម្នាក់សុំមិនបញ្ចេញឈ្មោះដែលនាំទំនិញចូលស្រុកខ្មែរតាមកំពង់ផែខ្លងស្រ៊ុន ប្រទេសថៃ និយាយថា ក្រុមហ៊ុនធំជាងគេសីុឈ្នួលដឹកទំនិញចូលស្រុកខ្មែរគឺ ក្រុមហ៊ុនLM ។ ក្រុមហ៊ុននេះបានម៉ៅការដឹកទំនិញពីប្រទេសថៃផ្ដាច់មុខដោយយកឈ្នួលដឹកនឹងរត់ការផ្លូវ ប៉ុន្តែពេលនេះថៃជាច្រើនក្រុមហ៊ុនបានរអ៊ូរទាំថា មានការយឺតយ៉ាវពេលវេលាដោយសារតែក្រុមហ៊ុនLMបានប្ដូរទិសដៅពីកំពង់ផែស្រែអំបិល ទៅកំពង់ផែស្ទឹងហាវវិញ ពីចម្ងាយផ្លូវជិតចំណាយសោហ៊ុយតិច ទៅរកចម្ងាយផ្លូវឆ្ងាយនិងចំណាយសោហ៊ុយច្រើនវិញ ។ ប៉ុន្តែLMចំណេញច្រើនព្រោះបង់ពន្ធធូស្រាលជាងស្រែអំបិល គេរត់ទៅរកទីណាដែលអាចត្រូវរ៉ូវគ្នាបានទោះផ្លូវឆ្ងាយក៏ដោយ ។
ប្រភពដដែលអះអាងទៀតថា ក្រៅពីមុខទំនិញដូចបានរាយឈ្មោះខាងលើដែលក្រុមហ៊ុនLM ធ្លាប់នាំចូលតាមច្រកកំពង់ផែស្រែអំបិលគឺមានបន្ថែមមុខទំនិញថ្មីមួយមុខទៀតគឺម៉ូតូម៉ាកស្គូពីក៏ត្រូវបាននាំចេញពីប្រទេសថៃតាមកប៉ាល់ដឹកជញ្ជូនរបស់ក្រុមហ៊ុនLM មកដែរ ។ ប៉ុន្តែនៅមិនទាន់ដឹងថា នៅក្នុងបញ្ជីចំណូលប្រាក់ពន្ធរបស់ភ្នាក់ងារគយស្ទឹងហាវមានមុខទំនិញថ្មីនេះឬក៏អត់ទេ ។ ព្រោះពេលដែលកោះសន្ដិភាពបានទៅដល់កំពង់ផែស្ទឹងហាវគេឃើញរាល់មុខទំនិញដែលលើកចេញពីកប៉ាល់LMបានដាក់ចូលក្នុងរថយន្តយីឌុប ពណ៌ក្រហម ដោយស្វ័យប្រវត្តិដូចជាស៊ីម៉ង់ត៍សញ្ញាក្រពើ ដែលគេស្គាល់ថា ជាខ្សែរថយន្តផ្ទាល់របស់LMតែម្ដង ។ ហើយក៏មានលើកចេញពីទូកទំនិញដទៃទៀតចូលរថយន្តដូចគ្នានឹងក្រុមហ៊ុនLM នេះដែរ ដោយគ្មានការដឹកជញ្ជូនចូលឃ្លាំងធ្វើការត្រួតពិនិត្យឬបិទតែមដើម្បីរាប់បរិមាណទំនិញដើម្បីផ្ដល់ការងាយស្រួលដល់សមត្ថកិច្ចចុងទី ក្នុងការពិនិត្យដូចកំពង់ផែឬច្រកទ្វារដទៃទៀតឡើយ ។
កោះសន្ដិភាពបានព្យាយាមទំនាក់ទំនងទៅលោកប្រធានស្នាក់ការគយស្ទឹងហាវដើម្បីសុំការបំភ្លឺជុំវិញភាពមិនប្រក្រតីខាងលើនេះដែរ ប៉ុន្តែទូរស័ព្ទឮសូរតែសំឡេងហ្គេមបាញ់តែប៉ុណ្ណោះម្ចាស់ទូរស័ព្ទអត់និយាយ ។ ចំណែកក្រុមហ៊ុនLMក៏មិនអាចទំនាក់ទំនងបានដោយសារតែមិនអាចទំនាក់ទំនងមេគយទីនោះបាន ។ មិនអាចសុំការបំភ្លឺពីក្រុមហ៊ុនLMបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។ ចំណែកមេស្នាក់ការគយស្ទឹងហាវដែលគេនិយាយថាជា«ដៃគូ» ជំនិតបំផុតជាមួយក្រុមហ៊ុន«LM»ក៏មិននិយាយជាមួយកោះសន្ដិភាពដែរ ។
តើឧកញ៉ាមួយណាដែលជាម្ចាស់ក្រុមហ៊ុន«LM» ? នៅមិនទាន់ច្បាស់ការនៅឡើយទេ ៕
ចែករំលែកព័តមាននេះ