កងទ័ពអាកាសអុីស្រាអែល កាលពីរសៀលថ្ងៃទី១៣ មីនា បានធ្វើការវាយប្រហារលើបណ្តាគោលដៅនៅជ្រោយហ្គាហ្សា ជាការតបតចំពោះការបាញ់គ្រាប់រុ៉ក្កែតប្រឆាំងសហគមន៍អុីស្រាអែល ។សារព័ត៌មានអុីស្រាអែលរាយការណ៍ថា បណ្តាយន្តហោះប្រដេញអុីស្រាអែលបានវាយប្រហារគោលដៅរបស់ពួកភេរវករ៧កន្លែងនៅភាគខាងត្បូងជ្រោយហ្គាហ្សា កាលពីថ្ងៃទី១៣ មីនា ។ ទីតាំង២កន្លែងដែលមានផ្លូវរូងក្រោមដីរត់ពន្ធមួយ និងទីតាំងបាញ់រុ៉ក្កែតពីក្រោមដីមួយនៅរ៉ាហ្វា ស្ថិតក្នុងចំណោមទីតាំងវាយប្រហារ ។
ការវាយប្រហារតាមអាកាសនេះធ្វើឡើងក្រោយការបាញ់គ្រាប់រុ៉ក្កែត៦គ្រាប់របស់ពួកជីហាដអ៊ិស្លាម សំដៅភាគខាងលិចក្រុងនេហ្គូអេវរបស់អុីស្រាអែលកាលពីថ្ងៃទី១៣ មីនា នោះ ។កងទ័ពអុីស្រាអែលគូសបញ្ជាក់ថា រុ៉ក្កែត៣គ្រាប់ដែលបាញ់ចេញនាវេលាព្រឹកប្រហែលជាធ្លាក់ក្នុងដែនដីប៉ាឡេស្ទីនទេ ចំណែករុ៉ក្កែត២គ្រាប់ទៀតបានផ្ទុះនៅតំបន់មួយចន្លោះក្រុងជាប់ឆ្នេរសមុទ្រ ASHDOD និងក្រុង ASHKELON ។ ពុំមានមនុស្សណាម្នាក់ត្រូវរបួសក្នុងការវាយប្រហារទាំងនេះឡើយ ។
មានគ្រាប់រុ៉ក្កែតយ៉ាងតិច៦០គ្រាប់បាញ់ចេញពីភាគខាងត្បូង និងភាគខាងជើងហ្គាហ្សា បានផ្ទុះនៅភាគខាងលិចក្រុងនេហ្គូអេវ កាលពីរសៀលថ្ងៃទី១២ មីនា ញ៉ាំងឱ្យអុីស្រាអែលប្រកាសអាសន្ន ហើយប្រជាជនអុីស្រាអែលជាច្រើនពាន់នាក់នាំគ្នារត់រកទីជម្រកការពារ ។អុីស្រាអែលបានតបតវិញភ្លាមៗតាមរយៈការបាញ់កាំភ្លើងធំប្រឆាំងគោលដៅពីររបស់ពួកសកម្មប្រយុទ្ធ ហើយបន្ទាប់មកមានការវាយប្រហារតាមអាកាសលើគោលដៅ២៩កន្លែងទៀតនៅជ្រោយហ្គាហ្សា ។
ក្រុមជីហាដអ៊ិស្លាម ជាក្រុមសកម្មប្រយុទ្ធមួយមានមូលដ្ឋាននៅហ្គាហ្សា ប្រកាសទទួលខុសត្រូវចំពោះការបាញ់គ្រាប់រុ៉ក្កែតទាំងនោះ ដោយអះអាងថា ជាការតបតវិញចំពោះការវាយប្រហារតាមអាកាសរបស់អុីស្រាអែល កាលពីថ្ងៃទី១១ មីនា បណ្តាលឱ្យស្លាប់មនុស្សក្រុមគេ៣នាក់ ៕
ចែករំលែកព័តមាននេះ