ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ឈើប្រណីតប្រភេទធ្នង់ និងនាងនួនចំនួនជិត២០កំណាត់តូច ធំ បរិមាណជាង៤ម៉ែត្រគូបត្រូវមេព្រៃក្រចេះចុះរុករក និងបង្ក្រាបបានកាលពីថ្ងៃទី១៣ មីនា ២០១៤ នៅស្រុកសំបូរ។
មេព្រៃផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឱ្យដឹងថា ឈើទាំងនេះសុទ្ធសឹងជាឈើប្រណីតដែលត្រូវជនទុច្ចរិតនាំយកមកលាក់ទុកក្នុងព្រៃខាងក្រោយភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ។
នាយផ្នែករដ្ឋបាលព្រៃឈើ លោកព្រាប សុទ្ធារ៉ា បានឱ្យដឹងថា កម្លាំងជំនាញរបស់លោកនៅតែបន្តរុករកតាមបណ្តាព្រៃគ្រប់ច្រកល្ហកក្នុងដែនសមត្ថកិច្ចដើម្បីបង្ក្រាបករណីឈើខុសច្បាប់។ លោកបានបញ្ជាក់ថា វត្ថុតាងឈើប្រណីតទាំងនេះគឺមេព្រៃបាននាំមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះដើម្បីចាត់ការបន្តទៀត ៕
ចែករំលែកព័តមាននេះ