ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ក្នុង​ការ​បោកប្រាស់​ខ្លួនឯង​ឱ្យ​ចាយវាយ​តិច​ជាង​មុន

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​គិត​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​ដែល​ចាយវាយ​ប្រាក់បៀវត្សរ៍​អស់​ៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​នោះ វា​ប្រហែលជា​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ហើយ ។ យ៉ាងណា​ក្តី​ការ​ផ្លាស់​ប្តូរ​ជីវភាព ឬ​ទម្លាប់​មិនមែន​ជា​រឿង​រាយ​ស្រួល​ឡើយ ។ ប៉ុន្តែ​លោក Cyrus Purnell…

ប្រសិនបើ​អ្នក​គិត​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ស្ថាន​ការ​ដែល​ចាយវាយ​ប្រាក់បៀវត្សរ៍​អស់​ៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​នោះ វា​ប្រហែលជា​ពេល​ដែល​អ្នក​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ហើយ ។ យ៉ាងណា​ក្តី​ការ​ផ្លាស់​ប្តូរ​ជីវភាព ឬ​ទម្លាប់​មិនមែន​ជា​រឿង​រាយ​ស្រួល​ឡើយ ។

ប៉ុន្តែ​លោក Cyrus Purnell ដែល​ជា​អ្នក​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ក្រោម Financial Finesse បាន​ប្រាប់​ថា ការ​ចាក​ចេញពី​ស្ថាន​ការ​ខាងលើ​ទាក់ទង​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត ហើយ​ខាងក្រោម​នេះ គឺជា​វិធី​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត ដើម្បី​បោកប្រាស់​ខ្លួនឯង​ឲ្យ​កាត់​បន្ថយ​ការ​ចាយវាយ​ដោយ​ឯកឯង ៖

១. ការ​សន្យា​ជាមួយ​ខ្លួនឯង ៖ មនុស្ស​ជា​ច្រើន​មើលទៅ​ថ្ងៃ​អនាគត​ឃើញ​ស្ថាន​ការ​ល្អ​ជាង​ស្ថាន​ការ​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ​ពេល​ខ្លះ​វា​ប្រៀប​បាន​ដូច​ជា ថ្ងៃ​នោះ​មិន​ងាយ​មក​ដល់​ឡើយ ។ ដោយហេតុ​ដូច្នេះ​អ្នក​ត្រូវ​តែ​មានការ​សន្យា​ជាមួយ​ខ្លួន ដើម្បី​ធ្វើការ​ប្តេជ្ញា​នៅ​ថ្ងៃនេះ ដើម្បី​ថ្ងៃ​អនាគត ។ រាល់ពេល​ដែល​អ្នក​នឹង​ទទួល​បាន​លុយ​មិន​ថា ប្រាក់​ចំណូល​អាជីវកម្ម សំណង​ពី​មិត្តភក្តិ ឬ​ប្រាក់បៀវត្សរ៍​ទេ អ្នក​ត្រូវ​សន្យា​នឹង​ខ្លួន​ថា អ្នក​នឹង​សន្សំ​ថវិកា​នោះ​មួយ​ចំនួន​មិន​ថា ៥០% ឬ ២០% ឡើយ ។

២. កំណត់​គោលដៅ ឬ​ទម្លាប់​មុន​ថ្ងៃ​សំខាន់​ៗ ៖ មនុស្ស​យើង​តែងតែ​ចង​ចាំ​ថ្ងៃ​សំខាន់​ៗ​ដូច​ជា ថ្ងៃកំណើត ឬ​ថ្ងៃ​បុណ្យ​នានា​ជាដើម ។ វា​ក៏​ជា​ពេល​ល្អ​ដែល​ជំរុញ​ឲ្យ​មនុស្ស​មាន​ទឹកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​អ្វីមួយ​ថ្មី ឬ​ផ្លាស់​ប្តូរ​ទន្លាប់​ផ្សេង​ៗ ។ ឧទាហរណ៍​ដូច​ជា កំណត់​ថា​មុន​ថ្ងៃកំណើត​អ្នក​នឹង​សន្សំ​ថវិកា​ឲ្យ​បាន​ចំនួន​ណាមួយ ឬ​កំណត់​ថា​អ្នក​នឹង​ទុក​ពេល​៣០​នាទី ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ត្រួតពិនិត្យ​ការ​ចាយវាយ​ប្រចាំ​ស​ប្តា​ហ៍​ជាដើម ។

៣. ផ្លាស់​ប្តូរ​បរិស្ថាន​ជុំវិញ​ខ្លួន ៖ មនុស្ស​ភាគច្រើន​ចាយវាយ​ខ្ជះខ្ជាយ​ទៅ​លើ​របស់​កំប៉ិកកំប៉ុក​ដូច​ជា​លើ​ថ្ងៃ​អាហារ កាហ្វេ ឬ​ថ្លៃ​ធ្វើ​ដំណើរ​មិន​ចាំបាច់​ជា​ច្រើន ។ វិធី​ងាយ​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចាយវាយ​ទាំងនេះ គឺ​ការ​បង្កើត​ឧបសគ្គ​ឲ្យ​ខ្លួនឯង ។ ប្រសិនបើ​អ្នក​មានការ​លំបាក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចាយវាយ សាកល្បង​ឈប់​ដាក់​ក្រដាសប្រាក់​ច្រើន​ជាប់​ខ្លួន ឬ​ដក​កាត​ធនាគារ​ទុក​នៅផ្ទះ​ជាដើម ដើម្បី​ជៀសវាង​ការ​ដក​ថវិកា​តាម​ចិត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ