អាណាព្យាបាលគ្រប់រូបប្រហែលជាយល់ស្របថា ការជួយឲ្យកូនៗមានការត្រៀមខ្លួនសម្រាប់ការរស់នៅដោយឯករាជ្យ គឺជាគោលដៅ និងតួនាទីសំខាន់របស់ពួកគេ ។ យ៉ាងណាក្តីយើងអាចមើលឃើញជាក់ស្តែងក្នុងសង្គមយើងថា មនុស្សជាច្រើននៅតែពឹងផ្អែកទៅលើក្រុមគ្រួសារច្រើនជាពិសេសក្នុងផ្នែកហិរញ្ញវត្ថុ ។
ដូច្នេះវាជាតួនាទីសំខាន់របស់អាណាព្យាបាលក្នុងការបង្រៀនកូនៗពីជំនាញគ្រប់គ្រងលុយដែលចាំបាច់សម្រាប់ការប្រើប្រាស់នៅថ្ងៃអនាគត ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗរបស់លោក Ron Carson ដែលជាស្ថាបនិក និងនាយកប្រតិបត្តិបរស់ក្រុមហ៊ុន Carson Group និងជាទីប្រឹក្សាហិរញ្ញវត្ថុមួយរូបដែលបានដកស្រង់ចេញពីទស្សនាវដ្តី Forbes ៖
១. លើកទឹកចិត្តឱ្យមានទម្លាប់ល្អ ៖ អាណាព្យាបាលអាចលើកទឹកចិត្តកូនៗពេលដែលពួកគេមានអាកប្បកិរិយា ឬទម្លាប់ល្អបានដោយច្រើនវិធីមិនថា ជាការអនុញ្ញាតឲ្យពួកគេមើលទូរទស្សន៍ ឬចេញទៅក្រៅផ្ទះលេងជាមួយនឹងមិត្តភក្តិទេ ឲ្យតែវាស្របទៅនឹងអ្វីដែលគ្រួសារឲ្យតម្លៃ ។ ប៉ុន្តែប្រសិន បើអាណាព្យាបាលផ្តល់ជាថវិកាសម្រាប់ការលើកទឹកចិត្តវិញ វាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កូនៗដូចជា ឲ្យកូនៗដឹងពីតម្លៃលុយ និងប្រភពនៃលុយសារៈសំខាន់នៃការសន្សំលុយសម្រាប់អ្វីដែលពួកគេចង់បាន និងវិធីក្នុងការសម្រេចចិត្តចាយវាយដែលល្អជាដើម ។
២. ជួយបង្កើតគម្រោងចាយវាយ និងសន្សំសម្រាប់កូនៗ ៖ អ្នកមិនចាំបាច់រងចាំរហូតដល់កូនៗមានប្រាក់ចំណូលទើបជួយបង្រៀនពួកគេឲ្យចេះបង្កើតផែនការចាយវាយ និងសន្សំទេ ។ ប្រសិនបើកូនៗត្រូវបានបង្រៀនពីទម្លាប់ធ្វើគម្រោងនេះតាំងពីក្មេងពួកគេអាចមានទម្លាប់សន្សំតាំងពីក្មេងដែរ រួមទាំងការកំណត់គោលដៅរយៈពេលខ្លី និងវែងជាដើម ។
៣. អនុញ្ញាតឲ្យកូនៗធ្វើការសម្រេចចិត្តដោយខ្លួនឯង ៖ អាណាព្យាបាលគួរបង្រៀនដល់កូនៗថា ការចាយវាយជាជម្រើសដែលពួកគេត្រូវសម្រេចចិត្ត ។ លើសពីនេះទៅទៀត កូនៗត្រូវយល់ថារាល់ការសម្រេចចិត្តតែងតែមានការលះបង់ មានន័យថា ពួកគេមិនអាចទទួលបានអ្វីដែលចង់បានជារៀងរហូតទេ ។ ឧទាហរណ៍ដូចជា ប្រសិនបើពួកគេសម្រេចចិត្តថា ចង់បានកាតាបរៀនថ្មីនោះ ពួកគេមិនអាចមានលុយគ្រប់គ្រាន់សម្រាប់ទិញស្បែកជើងថ្មីឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ