ខេត្តពោធិ៍សាត់ ៖ ម៉ូតូ២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះបណ្តាលឱ្យមនុស្ស៣នាក់របួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៣ មីនា ២០១៤ នៅចំណុចខាងកើតពន្ធនាគារប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិចំការចេកខាងជើងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកវ៉ន ភាព ប្រធានផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នាដែលមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១B៤៣៦៣ធ្វើដំណើរពីលិចទៅកើតបើកដោយឈ្មោះញ៉ សុភក្តិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូប្ញស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ចំណែកមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខពោធិ៍សាត់១C២១១១ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាបើកដោយឈ្មោះដុង រស្មី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះឆ នន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង។
ប្រភពដដែលបានឱ្យដឹងទៀតថា ម៉ូតូទាំង២គ្រឿងសុទ្ធតែបើកលឿនដូចគ្នា លុះដល់ចំណុចកើតហេតុម៉ូតូវ៉េវបានបត់ឆ្វេងស្របពេលជាមួយគ្នានោះក៏ត្រូវម៉ូតូហុងដាបុកយ៉ាងពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូទាំងសងខាង និងអ្នករួមដំណើររងរបួសធ្ងន់ ក្នុងនោះឈ្មោះញ៉ សុភក្តិបាក់ភ្លៅខាងស្តាំ ឈ្មោះដុង រស្មី ជុងចំក្រលៀន និងនារីរួមដំណើរឈ្មោះឆ នន របួសជើងហូរឈាម។
គួរបញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុនោះនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ខាងលិចពន្ធនាគារនោះមានធ្វើពិធីតាំងពិព័រណ៍លកក់ស្រាបៀរ និងផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានការប្រគំតន្ត្រីយ៉ាងគគ្រឹកគគ្រេងផងដែរ ដែលមានរយៈពេល៥ថ្ងៃ គឺពីថ្ងៃទី១២ដល់ថ្ងៃទី១៦ មីនា ២០១៤ ៕
ចែករំលែកព័តមាននេះ