លោក Jeff Rose ដែលជាអ្នករៀបចំគម្រោងហិរញ្ញវត្ថុ អ្នកនិពន្ធ និងជាមហាសេដ្ឋីមួយរូបបានចែករំលែកលើទស្សនារដ្តី Forbes ថា មនុស្សត្រូវការទំនាក់ទំនងសំខាន់ៗចំនួន ៤ប្រភេទ ដើម្បីអាចជួយឲ្យពួកគេក្លាយជាមហាសេដ្ឋីបាន ។

១. គ្រូបង្វឹក ៖ កីឡាករ Michael Jordan បាននិយាយថា គ្រូបង្វឹកជាមនុស្សដែលមើលឃើញអ្នកហួសពីកម្រិតសមត្ថភាពរបស់អ្នក និងជួយណែនាំអ្នកទៅកាន់ភាពប្រសើរឡើង ។ គ្រូបង្វឹកនឹងជំរុញឲ្យអ្នកសាកល្បងអ្វីថ្មីៗ និងផ្តល់មតិយោបល់ស្មោះត្រង់ដល់អ្នកវិញមិនថា អ្នកចូលចិត្តស្តាប់ ឬអត់ទេ ។ គ្រូបង្វឹកប្រៀបបានជាដៃគូសម្រាប់គិតដ៏សំខាន់របស់សហគ្រិន ។
២. អ្នកណែនាំ ៖ វាជាទំនាក់ទំនងទូទៅដែលសហគ្រិនតែងតែមាន ។ ប្រាកដណាស់ អ្នកណែនាំរបស់អ្នកមិនចាំបាច់មានទំនាក់ទំនងជាមួយអ្នកដោយផ្ទាល់ទេ ។ អ្នកអាចទទួលបានការណែនាំពីអត្ថបទលើអ៊ីនធើណេត វីឌីអូ និងសៀវភៅបាន ។ អ្នកណែនាំ គឺជាមនុស្សម្នាក់ដែលដើរពីមុខអ្នកពីរទៅបីជំហាន និងជាមនុស្សដែលអាចបង្ហាញអ្នកពីវិធី ដើម្បីដើរដល់កន្លែងដែលពួកគេកំពុងតែឈរ ។
៣. អ្នកដាស់តឿន ៖ ពួកគេជាមនុស្សដែលជោគជ័យ និងមានសតម្ថភាពក្នុងការណែនាំផ្លូវដើរដល់អ្នក ។ ពួកគេជាមនុស្សដែលសុខចិត្តជួបអ្នក និងជជែកពិភាក្សាជាមួយអ្នក ព្រមទាំងប្រាប់ពីគំនិតស្មោះត្រង់ ។ ពួកគេនឹងដាស់តឿនអ្នកពីតម្លៃដែលអ្នកជឿជាក់លើ និងអ្វីដែលសំខាន់សម្រាប់អ្នក ព្រមទាំងជួយឲ្យអ្នកចៀសវាងពីការរត់តាមលុយ និងមិនខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួន ។
៤. ក្រុមមនុស្សដែលមានគំនិតដូចគ្នា ៖ វាប្រៀបបានជាក្រុមមិត្តភក្តិដែលមានគំនិតស្រដៀងគ្នា និងដើរផ្លូវស្រដៀងគ្នាក្នុងជីវិត ។ សមាជិកខ្លះប្រហែលជាដើរមុនអ្នកប៉ុន្មានជំហាន ខណៈដែលសមាជិកខ្លះទៀតកំពុងតែដើរក្រោយអ្នកវិញ ។ ប៉ុន្តែសមាជិកនីមួយៗប្រៀបបានជាទីប្រឹក្សាឲ្យគ្នាទៅវិញទៅមក ។
ពួកគេជាមនុស្សដែលយល់ច្បាស់ពីអ្វីដែលអ្នកកំពុងតែជួបប្រទះមិនថា បញ្ហា ឬឧបសគ្គនានាឡើយ ។ អ្នកអាចសាកសួរពីគំនិតរបស់ពួកគេ ឬចែករំលែកគំនិតថ្មីៗដែលអាចបង្កើតជាឱកាសសហការនៅថ្ងៃអនាគតជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ