ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​សត្វ​ឃាត​ត្អូញ​ត្អែរ​ពី​ការ​គាប​សង្កត់​របស់​មន្ត្រី​ពេទ្យ​សត្វ​ (មាន​វីដេ​អូ​ឃ្លីប)

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​ ក្រុម​អាជីវ​ករ​កាប់​ជ្រូក គោ ក្របី​ជា​ច្រើន​នាក់​ដែល​ប្រកប​អាជីវ​កម្ម​តាម​ស្រុក និង​ក្រុង​បាន​ត្អូញ​ត្អែ​ពី​ការ​គាប​សង្កត់​របស់​មន្ត្រី​ពេទ្យ​សត្វ​ និង​ម្ចាស់​ទី​សត្វ​ឃាត​ថា បាន​គាប​សង្កត់​​យក​លុយ​ពី​ការ​កាប់សត្វ​ខាង​លើ​លើស​ការ​កំណត់​ និង​ការ​លក់​ច្បាប់​អាជីវ​កម្ម​ ព្រម​ជាមួយ​នឹង​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​អង្គ​ភាព​ពេទ្យ​សត្វ​មួយ​នេះ​បាន​ធ្វើ​ខុស​ពី​តួនាទី​របស់ខ្លួន​។

ខេត្ត​កំពង់​ឆ្នាំង​ ៖​ ក្រុម​អាជីវ​ករ​កាប់​ជ្រូក គោ ក្របី​ជា​ច្រើន​នាក់​ដែល​ប្រកប​អាជីវ​កម្ម​តាម​ស្រុក និង​ក្រុង​បាន​ត្អូញ​ត្អែ​ពី​ការ​គាប​សង្កត់​របស់​មន្ត្រី​ពេទ្យ​សត្វ​ និង​ម្ចាស់​ទី​សត្វ​ឃាត​ថា បាន​គាប​សង្កត់​​យក​លុយ​ពី​ការ​កាប់សត្វ​ខាង​លើ​លើស​ការ​កំណត់​ និង​ការ​លក់​ច្បាប់​អាជីវ​កម្ម​ ព្រម​ជាមួយ​នឹង​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​អង្គ​ភាព​ពេទ្យ​សត្វ​មួយ​នេះ​បាន​ធ្វើ​ខុស​ពី​តួនាទី​របស់ខ្លួន​។

ក្រុម​អាជីវ​ករ​កាប់​សត្វ​ទាំង​នោះ​បាន​និយាយ​ថា ក្នុង​ប្រកាស​ក្រសួង​ហិរញ្ញ​វត្ថុ​ឱ្យ​យក​តម្លៃ​ជ្រូក​១​ក្បាល​តម្រូវ​យក​តែ​១.៥០០​រៀល​ប៉ុណ្ណោះ តែ​មន្ត្រី​ពេទ្យ​តាម​ស្រុក​ និង​ក្រុង​យក​៣.០០០​រៀល​ និង​ម្ចាស់​ទី​សត្វ​ឃាត​(ម្ចាស់​ឡ) យក​តម្លៃ​៥​ពាន់​រៀល​ក្នុង​១​ក្បាល​បូក​ជាមួយ​ពន្ធ និង​អនា​ម័យ​។ សម្រាប់​គោ​ ក្របី​១​ក្បាល​យក​តម្លៃ​តែ​២.០០០​រៀល​ទេ តែ​មន្ត្រី​ពេទ្យ​សត្វ​យក​ដល់​ទៅ​៤.០០០​រៀល និង​ម្ចាស់​ទី​សត្វ​ឃាត​យក​៨.៥០០​រៀល​បន្ថែម​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា នេះ​ជា​រឿង​មន្ត្រី​ពេទ្យ​សត្វ​យក​លើស​តម្លៃ​កំណត់​របស់​ក្រសួង​។ នៅ​មាន​រឿង​មួយ​ទៀត​ ខាង​មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​បាន​លក់​ច្បាប់​ឱ្យ​អាជីវ​ករ​ឆ្នាំ​ថ្មី​នេះ​ក្នុង​មួយ​ច្បាប់​តម្លៃ​៥​ម៉ឺន​រៀល​សួរ​ថា តើ​យក​លុយ​នេះ​ទៅ​ណា ? ព្រោះ​ការ​លក់​ច្បាប់​ធ្វើ​អាជីវ​កម្ម​ជា​ភារកិច្ច​របស់​មន្ទីរ​ហិរញ្ញ​វត្ថុ​។

ដោយ​ឡែក​សម្រាប់​អ្នក​ម៉ៅ​ការ​ ឬ​អ្នក​ដែល​ដេញ​ថ្លៃ​បាន​ធ្វើ​ទី​សត្វ​ឃាត​(ឡ​ពិឃាតសត្វ) គ្រប់​ស្រុក ក្រុង​បាន​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៣ ទៅ​ហើយ​ ចុះ​ហេតុ​អ្វី​មក​ដល់​ពេល​នេះ​ពាក់​កណ្តាល​ខែ​មីនា​ទៅ​ហើយ​ អ្នក​ម៉ៅ​ការ​ទាំង​នោះ​នៅ​តែ​បន្ត​ធ្វើ​អាជីវ​កម្ម​បាន​ទៀត​។

ជុំ​វិញ​ករណី​ខាង​លើ​នេះ លោក​ឈ កែវ ប្រធាន​ពេទ្យ​សត្វ​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ចំពោះ​ច្បាប់​ថ្មី​លក់​ឱ្យ​អាជីវ​ករ​ គឺ​ថ្លៃ​៧​ម៉ឺន​រៀល​មិន​មែន​៥​ម៉ឺន​រៀល​នោះ​ទេ តែ​ប្រាក់នេះ​បាន​ប្រគល់​ទៅ​ការិយា​ល័យ​បសុ​ព្យាបាល​ខេត្ត​អស់​ហើយ​ ។ ចំពោះ​ការ​យក​ថ្លៃ​លើស​កំណត់​លោក​មិន​អាច​ឆ្លើយ​បាន​ទេ ព្រោះ​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​។

លោក​វ៉ាន់ ហាក់ អ្នក​ម៉ៅ​ការ​ទី​សត្វ​ឃាត​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​ថា សព្វ​ថ្ងៃ​នេះ​គាត់​យក​គោ​ ក្របី ១​ក្បាល​តម្លៃ​៨៥០០​រៀល ជូ្រក​មួយ​ក្បាល​៥.០០០​រៀល​ ប៉ុន្តែ​បើ​អាជីវ​ករ​ចេះតែ​រអ៊ូ​ថា​ថ្លៃ​ចង់​ឱ្យ​ចុះ​ថោក​ មាន​តែ​ខ្ញុំ​ខាត​ រក​ស៊ី​នរ​ណា​ក៏​ចង់​ចំណេញ​ដែរ​។ លោក​បាន​ទទួល​ស្គាល់​ថា ច្បាប់​អាជីវ​កម្ម​ចាស់​បាន​ផុត​កំណត់​មែន តែ​លោក​បាន​ធ្វើ​ច្បាប់​ថ្មី​រួច​ហើយ​ គ្រាន់​តែ​រដ្ឋ​មន្ត្រី​លោក​មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​ភ្លាម​នោះ​ទេ ហើយ​ច្បាប់​ថ្មី​នេះ លោក​បាន​សុំ​វិនិយោគ​ធ្វើ​ត​អគារ​ថ្មី​បន្ថែម​ទៀត​។

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ លោក​ក្រឹង សំអាត ប្រធាន​ការិយា​ល័យ​បសុ​ព្យាបាល​ខេត្ត​បាន​និយាយ​ថា ចំពោះ​អ្នក​ម៉ៅ​ការ​ទី​សត្វ​ឃាត​ ច្បាប់​ គឺ​មិន​ទាន់​ផុត​កំណត់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​សិន​ជា​ផុត​កំណត់​ក៏​នៅ​តែ​ឱ្យ​គាត់​ធ្វើ​សិន​ដែរ​ ព្រោះ​បើ​មិន​អ៊ីចឹង​ទេឱ្យ​គាត់​ទៅ​កាប់​សត្វ​នៅ​កន្លែង​ណា​។ រឿង​លក់​ច្បាប់​ឱ្យ​អាជីវ​ករ​កាប់​សត្វ​នោះ​ គឺ​៨​ម៉ឺន​រៀល​ មិន​មែន​ជា​របស់​មន្ទីរ​ហិរញ្ញ​វត្ថុ​ទេ​ គឺ​តាម​ប្រកាស​របស់​ក្រសួង​១០-១៣ និង​១០-១៤។

ចំណែក​រឿង​មន្ត្រី​ពេទ្យ​សត្វ​ស្រុក​ ក្រុង​ដែល​យក​តម្លៃ​លើស​កំណត់​នោះ​ពិត​ជា​មាន​មែន​ហើយ​ តែ​វា​តិច​តួច​ និង​ម្យ៉ាង​វា​ជា​មនោ​សញ្ចេត​នា​របស់​អ្នក​កាប់​សត្វ​ បើ​ពួក​គាត់​យល់​ថា វា​ជាការ​គាប​សង្កត់​ គឺ​បញ្ឈប់​ទៅ​ ប្រាក់​ទាំង​នេះ​វា​មិន​ច្រើន​ប៉ុន្មាន​ទេ។

នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​ម៉ៅ​ការ​ទី​សត្វ​ឃាត​មិន​អនុវត្ត​តាម​គោល​ការណ៍​កំណត់​ ពិសេស​រឿង​អនា​ម័យ​ជា​ដើម ដូច​នៅ​ក្រុង​កំពង់​ឆ្នាំង​ទឹក​សម្រាប់​យក​មក​ប្រើ​ប្រាស់​ គឺ​ជា​ទឹក​មិន​ស្អាត​បូម​ពី​កូន​ថ្លុក​កខ្វក់​ និង​ក្នុង​កន្លែង​សត្វ​ឃាត​គ្មាន​អនា​ម័យ​ និង​ក្លិន​ស្អុយ​ជា​ដើម​ ៕