ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​​​ជាន់ខ្ពស់​ប​ក្ស​ប្រជាជន​​​សោកស្ដាយ​​​ដែល​ប​ក្ស​​ស​ង្គ្រោះ​ជាតិ​​​ប្រកាស​​​ឈប់​ចរចា​​​បើ​មិន​​ស្រប​​​តាម​​ការ​​​ចង់​​បាន​​របស់​​ខ្លួន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្អាក​ការ​ចរចា​​ លោក​ជាម​ យៀប​ មន្ត្រី​ជាន់​ខ្ពស់​មួ​យរូប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​ ធនាគារ​ និង​សវន​កម្ម​​នៃ​រដ្ឋ​សភា​ និង​ជា​សមា​ជិក​មួយ​រូប​ក្នុង​គណៈ​កម្មការ​ចម្រុះ​ ដែល​ជួប​ចរចាដែរ​នោះ​មាន​ប្រសាសន៍​ថា លោក​សោក​ស្តាយ​ដែល​មេ​បក្សប្រឆាំង​ប្រកាន់​ជំហរ​បែប​នេះ ។​

រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្អាក​ការ​ចរចា​​ លោក​ជាម​ យៀប​ មន្ត្រី​ជាន់​ខ្ពស់​មួ​យរូប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មការ​ហិរញ្ញ​វត្ថុ​ ធនាគារ​ និង​សវន​កម្ម​​នៃ​រដ្ឋ​សភា​ និង​ជា​សមា​ជិក​មួយ​រូប​ក្នុង​គណៈ​កម្មការ​ចម្រុះ​ ដែល​ជួប​ចរចាដែរ​នោះ​មាន​ប្រសាសន៍​ថា លោក​សោក​ស្តាយ​ដែល​មេ​បក្សប្រឆាំង​ប្រកាន់​ជំហរ​បែប​នេះ ។​

លោក​ជាម យៀប​ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នា​ព្រឹក​ថ្ងៃ​​ទី​១៣​ មីនា​ថា​ អ្វីដែល​លោក​សម រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​នោះ​ជា​ការ​ទទួល​ខុស​ត្រូវរបស់​លោក​សម រង្ស៊ី​ និង​ជា​សិទ្ធិ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ។​ បុ៉ន្តែ​យើង​មាន​ការ​សោក​ស្តាយ​ណាស់​ព្រោះថា​ គណ​បក្ស​ទាំង​ពីរ​កំពុង​តែ​ធ្វើ​ការចរចា​រក​ដំណោះស្រាយ​ណា​មួយ​សម​ស្រប​ បែរ​ជា​មេ​បក្ស​រូប​​នេះ​ប្រកាស​ថា​ ឈប់​ចរចា​គ្នាទៅ​វិញ ។​ ការចរចា​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និងគណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជាចង់​បានសុខ​សន្តិ​ភាព​ជូនប្រជាជន​ ហើយ​ចង់​ជំរុញ​ឱ្យ​សេដ្ឋ​កិច្ច​ជាតិ​ឈាន​ទៅ​មុខ​ដើម្បី​បំបាត់​ភាពក្រី​ក្រ​របស់​ប្រជាជន​កម្ពុជា​ ។​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​​នេះ​ បាន​ទម្លាក់​កំហុស​ទៅ​លើ​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះជាតិ​​ថា កំពុងតែ​នាំ​ភាព​វឹកវរ​ក្នុង​ប្រទេស​ ខណៈ​ដែល​ប្រទេស​កំពុង​វិវឌ្ឍន៍​ទៅ​មុខ។ លោក​​សម រង្ស៊ី​ កំពុងតែ​យក​អន្ទាក់​មក​ទាក់​ក​ឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ទាំង​មូល ។​

ការ​ទាម​ទារ​របស់​គណ​បក្ស​សង្គ្រោះជាតិ​ថា​ ចង់​ឱ្យ​ស្ថាប័ន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)​ ជាស្ថាប័ន​ធម្ម​នុញ្ញ​ និង​ជ្រើស​តាំង​សមា​ជិក​ គ.ជ.ប​ ត្រូវ​អនុម័ត​ដោយ​សំឡេង​២​ភាគ​៣​ នោះ​ត្រូវ​​បាន​លោក​ជាម យៀប​ ប្រតិកម្ម​តប​ថា អ្វី​ដែល​មេ​បក្ស​សង្គ្រោះ​ជាតិ​លើក​​ឡើង​នោះជា​ការ​មិន​ត្រូវ​​ព្រោះ​ថា គណៈ​កម្មា​ធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ ជា​តំណាង​ឱ្យ​ការងារ​រដ្ឋ​បាលទូទៅ​ ដូច្នេះ​វា​មិន​អាច​ទៅ​ជា​ស្ថាប័ន​ធម្ម​នុញ្ញ​បាន​ទេ ។​ លោក​ជាម យៀប​ បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​១៩៩៧​ រដ្ឋ​សភាបាន​អនុម័ត​ច្បាប់​មួយ​ស្តី​ពីការ​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ក្នុង​ជំពូក​ទី​៣​ ដែល​មាន​១៣​មាត្រា​ ចាប់​ពី​មាត្រា​១០ ដល់​មាត្រា​២៣​ ដែល​ចែង​ពី​តួនាទី​របស់​ គ.ជ.ប​ ត្រូវ​មាន​ភារកិច្ច​ធ្វើ​អ្វី​ខ្លះ​រួច​ទៅ​ហើយ ។​ ការ​ចែង​ច្បាប់​ស្តី​ពី​ការ​ជ្រើស​​តាំង​តំណាង​រាស្ត្រ​នេះ​ វា​ដូច​ជា​គ្រប់គ្រាន់​សម្រាប់​ គ.ជ.ប​ ទៅ​ហើយ ។​ ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ជាម យៀប​ បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការចែង​ពីច្បាប់​​យ៉ាង​នេះ​ក្តី​ ក៏​នៅ​ថ្ងៃ​ទី​១៧​ មីនា​ ខាងមុខ​នេះ​ បញ្ហា​នឹង​ត្រូវ​​គណៈ​កម្មការ​ចម្រុះ​ពិភាក្សា​​គ្នា​ជា​ថ្មី​បន្ត​ទៀត​ ។​ ដើម្បី​សុច្ឆន្ទៈ​ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជា​ជន​​ នៅថ្ងៃ​ទី​១៧​ មីនា​ ខាង​មុខ​នេះ​ គឺ​នឹង​ធ្វើ​ការ​ចរចា​បន្ត​ទៀត​ ហើយ​អ្វី​ដែល​គណៈ​កម្មការ​ចម្រុះ​ដោះ​ស្រាយ​មិនបាន​នោះ​ ទុក​ឱ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំងពីរ​ជាអ្នក​ដោះ​ស្រាយ​លើក​ក្រោយ ។​ ពេល​នេះ​គឺ​គ្រាន់​តែ​ជា​ប្រធាន​បទ​សម្រាប់​លើក​យក​ទៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​ ។​

ក្នុង​នាម​ជា​សមា​ជិក​រដ្ឋ​សភា​ លោក​ជាម យៀប​ បាន​អំពាវ​នាវ​ឱ្យ​តំណាង​រាស្ត្រ​ខាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ឆ្នោត​អាណត្តិ​ទី​៥​ ចូលប្រជុំ​ក្នុង​រដ្ឋ​សភា​ និង​សូម​បង្ហាញ​​ឆន្ទៈ​ពី​ការ​ចង់​ជួយ​កសាង​ប្រទេស​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់​ ។​ ការ​ចូល​ប្រជុំ​សភា​ គឺ​សំខាន់​ណាស់​ សភាជា​វេទិកា​សាធារណៈ​អាច​ឱ្យ​តំណាង​រាស្ត្រ​ជជែក​គ្នា​នៅ​ក្នុង​សភា​ និង​ទុក​សំឡេង​ជូនប្រជា​ពលរដ្ឋ​បាន​ស្តាប់​គ្រប់គ្នា​ និង​អាច​សន្និដ្ឋាន​ថា អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​ ​និង​នរណា​ដែល​ចង់​ឱ្យ​ប្រទេស​ជាតិ​រុង​រឿង​ និង​មាន​ការ​អភិវឌ្ឍ​ និង​អ្នក​ណា​ជា​អ្នក​​បំផ្លាញ​ប្រទេស​ជាតិ​នោះ ។​ ទាក់​ទង​នឹង​ការ​ប្រកាន់​ជំហរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា នៅ​តែ​បន្ត​ចរចា​ជា​មួយ​គណ​បក្ស​សង្គ្រោះជាតិ​​នោះ កោះ​សន្តិ​ភាព​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ជំហរ​ជា​ថ្មី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ពី​លោក​យ៉ែម​ បុញ្ញ​ឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​​បាន​ទេ ដោយ​ទូរ​ស័ព្ទ​របស់​លោក​បិទ ។​ បុ៉ន្តែបើ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​មួយបាន​ឱ្យ​ដឹង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅថ្ងៃទី​១៣ មីនា​ ឱ្យ​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​សំណើ​ទាម​ទារ​ឱ្យ​មាន​ការ​កំណត់​ធម្ម​នុញ្ញ​ និង​ស្ថាប័ន​ជ្រើសតាំង​សមាស​ភាព​ គ.ជ.ប​ មុន​នឹង​បន្ត​កិច្ច​ប្រជុំ​ថ្ងៃទី​១៧​ មីនា ។​ លិខិត​នេះ​សម្រេច​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​​ពេល​កន្លង​មក​ ។

លើសពី​នេះ​ គឺ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​នេះ​ នៅ​ថ្ងៃ​ដដែល​នោះ​​បាន​ព្រមាន​ផ្តាច់​ការ​ចរ​ចា​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ហើយ​ត្រៀម​​រៀបចំ​ធ្វើ​មហាបាតុ​កម្ម​ជា​ថ្មី​ទៀត​ បើ​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​ គ.ជ.ប ។​ ប្រភព​ដដែល​ក៏បាន​ដក​ស្រង់​សម្តី​មន្ត្រី​គណ​បក្ស​សង្គ្រោះជាតិ​ និង​ជា​សមា​ជិក​គណៈ​កម្មការ​កែទម្រង់​ការ​បោះ​ឆ្នោត​ លោក​យឹម សុវណ្ណ​ ថា គោល​បំណង​សំខាន់​នៃ​ការ​ធ្វើ​លិខិត​នេះ​ គឺ​ផ្តោត​សំខាន់​លើ​កំណែ​ទម្រង់​ គ.ជ.ប និង​ដើម្បី​ឱ្យ​ភាគី​គណ​បក្សប្រជាជន​កម្ពុជា​ឆ្លើយ​បំភ្លឺ​លើ​សំណើ​របស់​ខ្លួន​ មុន​នឹង​​ក្រុម​ការងារ​គណៈ​កម្មការ​ចម្រុះ​បន្ត​កិច្ច​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​នេះ​ បើ​ពុំ​នោះ​ទេ​ គណបក្ស​នេះ​នឹង​បញ្ឈប់​កិច្ច​ចរចា ។​ សូម​បញ្ជាក់​ថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ថ្នាក់ដឹក​នាំគណបក្ស​សង្គ្រោះជាតិ​ បានប្រកាស​តាម​រយៈ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ ទាម​ទារ​ឱ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ទទួល​សំណើ​ដាក់​ស្ថាប័ន​គ.ជ.ប​ ជាស្ថាប័ន​ធម្មនុញ្ញ​ បើ​ពុំ​នោះ​ទេ​ នឹង​ឈប់​ចរចា​ ហើយ​ធ្វើ​មហា​បាតុ​កម្ម​ជាថ្មី​ទៀត​ ដែល​ការប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​វេទិកា​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅខេត្ត​ត្បូង​ឃ្មុំ ។​ ចំណែក​លោក​កឹម សុខា​ អនុប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​អះ​អាង​ពី​ជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ទាម​ទារ​ឱ្យ​​ស្ថាប័ន​ គ.ជ.ប​ ជា​ស្ថាប័ន​ធម្មនុញ្ញ​ ហើយ​ការ​ជ្រើសតាំង​សមាស​ភាព​ គ.ជ.ប​ ត្រូវ​អនុម័ត​ដោយ​សំឡេង​២ភាគ​៣ នៃ​សមា​ជិក​សភាទាំង​មូល ។​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចោទ​ថា ការ​ចូល​តុ​ចរចា​កន្លង​មក​គ្រាន់​តែ​ជា​លេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ចង់​ពន្យារ​ពេល​ និង​បោក​បញ្ឆោត​សហ​គមន៍​បរ​ទេស​តែ​បុ៉ណ្ណោះ ។​

លោក​សម រង្ស៊ី​ ព្រមាន​ថា​ បើ​មិន​ព្រម​ប្តូរ​គ.ជ.ប មានតែ​ឱ្យ​ គ.ជ.ប​ ដូរ​សន្លឹក​ឆ្នោត​ទៀត ហើយ​ដូច្នេះ​មិន​ចាំបាច់​ពន្យារ​ពេល​ទៀត​ទេ​ បើ​យើង​បាន​ផ្លាស់​ប្តូរ គ.ជ.ប​ សិន ចាំ​យើង​និយាយ​គ្នា​ត​ទៅ​ទៀត ត្រៀម​ខ្លួនណា​បង​ប្អូន​ ម្តង​ទៀត​ហើយ​ បើ​ជជែកគ្នា​អត់បាន​ការ​ធ្វើ​ឱ្យ​អន្តរ​ជាតិ​មាន​ការភ័ន្ត​ច្រឡំ​ អត់​ទេ​ ឈប់​ទៅ​ យើង​មាន​តែ​រៀបចំ​ធ្វើ​បាតុ​កម្ម​ទៀត ។​ លោក​ព្រុំ សុខា​ ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ប្រកាស​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បោះ​បង់​ចោល​ការចរចា​​រវាង​ក្រុម​គណៈ​កម្មការ​ចម្រុះ​នោះ ។​ យើង​យល់​ច្បាស់​ថា ដំណោះ​ស្រាយ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ២៨​ កក្កដា​ ២០១៣ ដែល​ប្រសើរ​តែ​មួយ​គត់​ គឺ​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ គឺ​ការចរចា​ គ្មាន​ជម្រើស​ផ្សេង​ពី​នេះ​ទេ ។​

លោក​ព្រុំ​ សុខា​ បន្ត​ថា​ អ្វីដែល​ទាម​ទារ​នោះ​គឺ​ជា​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ធ្វើ​ បុ៉ន្តែ​គណបក្ស​ប្រជាជន​កម្ពុជាចង់​រក​ចំណុចណា​មួយ​ដែល​សម​ស្រប​ មិ​នដូចជា​ភាគី​មួយ​ចង់​ឱ្យ​ភាគី​មួយ​ទទួល​យក​ ហើយ​បើ​មិន​ទទួល​យក ឈប់​ការ​ចរ​ចា​នោះ​ទេ វា​មិន​មាន​ន័យ​ចរចា​ទេ ។​ ការ​កែ​ទម្រង់​ អ្នក​ណា​ក៏​ចង់​ធ្វើ​ឱ្យ​មាន​តម្លា​ភាព​ដែរ​ ហើយ​ប្រសិន​បើ​គ្មាន​តម្លាភាព​ និង​អព្យា​ក្រឹត​ភាព​របស់​ គ.ជ.ប​ ប្រហែល​ជា​កម្ពុជា​គ្មាន​ការ​បោះ​ឆ្នោត​មក​ដល់​អាណត្តិ​នេះ​ ដែល​មាន​ការ​សាទរ​ពី​អន្តរ​ជាតិ​នានា​នោះ​ទេ​ ៕​