ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយគោយន្តកន្ត្រៃដែលគ្មានភ្លើងបំភ្លឺក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបានរងការខូចខាត ។
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉េន សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FM-៨៥៨៥ ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ សៀវ សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្បែង(ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ក្រោយកើតហេតុ អ្នកបើកបរគោយន្ត ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ