ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឡិចស៊ី ​បុ.ក​រះ​ម៉ូតូ​៣​គ្រឿង ​របួ.សធ្ងន់ស្រាល៤នាក់​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស និង​ស្រី​ចំនួន​៤​នាក់​របួសធ្ងន់​និង​ស្រាល ដែល​បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​LEXUS LM350 បាន​បុក​រះ​ម៉ូតូ​៣​គ្រឿង ។ ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​១​គ្រឿង​ខ្ទាត​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ដឹក​ប្រេង​១​គ្រឿង​ទៀត​កិន​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់ ។

ឧប្បត្តិហេតុ​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ នៅ​តាម​ម​ផ្លូវ​បេតុង​ចូល​វត្ត​ភ្នៀ​ត សិម្ពលី ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​រថយន្ត​បង្ក​ម៉ាក​LEXUS LM350 ព​ណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CD-7781 ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចតាម​ផ្លូវ​បេតុង​វត្ត​ភ្នៀ​ត ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា​អ្នក​បើក​បើក​វ៉ា​ជែង ឬ​ក៏​រវល់​ងាក​ទៅ​ណា​ទេ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​GTR-Spring ១​គ្រឿង​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1ME-3645 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ពី​លិចទៅ​កើត​បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល ។

សមត្ថកិច្ច​បាន​ឲ្យ​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​បន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1AI-5354 ដឹក​អី​វាន់​អន​ឡាញ ដែល​កំពុង​បើកបរ​ស្របគ្នា​ជាមួយ​ម៉ូតូ​ម៉ាក​TGR-Spring
។ បណ្ដាល​ឲ្យ​ខ្ទាត​ចូល​ក្រោម​កង់​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៍​ទឹកប្រាក់​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-9895 ដែល​បើក​ស្របគ្នា ហើយ​ក៏​ត្រូវ​រថយន្ត​ដឹក​ប្រេង​នោះ​កិន​រង​ការ​ខូចខាត រីឯ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ។

សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ថា ទោះបីជា​បុក​ម៉ូតូ​២​គ្រឿង​ខាងលើ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​រថយន្ត​បង្ក​មិន​បាន​ឈប់​ស្ងៀម​ឡើយ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JR-6073 ។ ជិះ​ដោយ​នារី​២​នាក់ ក្នុង​ទិស​ដៅ​ស្របគ្នា​ជាមួយ​ម៉ូតូ​ម៉ាក​GTR-Spring និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ដឹក​អី​វាន់​អន​ឡាញ​នោះ បណ្ដាល​ឲ្យ​ស្ត្រី​ដែល​ជា​អ្នក​ជិះ​ម៉ូត​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​របួសធ្ងន់​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ចំណែក​អ្នក​របួសស្រាល​បាន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ បន្ទាប់​មក​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទាំងអស់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕