កម្មករសំណង់ម្នាក់ដើរឆ្លងផ្លូវទៅកន្លែងលក់បា.ញ់ឆែវ ត្រូវរថយន្តបុ.កប៉ើងខ្ទាតច្រើនម៉ែត្រយ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ខណៈកំពុងដើរឆ្លងផ្លូវ ទៅហូបបាញ់ឆែវ ស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿងបើកលឿនទៅដល់បុកពេញទំហឹង ប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់មករថយន្តបង្កខាងលើបានបើករត់គេច ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់បាន រួចប្រគល់ឲ្យនគរបាល ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសដែលស្លាប់ខាងលើនោះឈ្មោះឆាង ប៊ុនសាន អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអន្លុងរមៀតខាងជើង ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយឡែករថយន្តបង្កជាប្រភេទបែនដឹកដី ។
បើតាមអ្នកដែលស្គាល់បុរសនោះបាននិយាយថា ជារៀងរាល់ថ្ងៃបុរសរងគ្រោះតែងតែជិះកង់១គ្រឿងដែលទើបនិងទិញក្នុងតម្លៃ៨០ដុល្លារ ទៅធ្វើការសំណង់នៅឯសង្កាត់រលួស ខណ្ឌដង្កោ ហើយនៅវេលាព្រឹកថ្ងៃកើតហេតុដោយសារតែពុំមានសម្ភារៈធ្វើការ គាត់ក៏ជិះកង់ត្រលប់ទៅផ្ទះវិញ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ឈប់កង់ទៅហូបបាញ់ឆែនៅចិញ្ចើមផ្លូវម្ខាងទៀត ប៉ុន្តែខណៈនោះគាត់អត់ហ៊ានជិះកង់ឆ្លងផ្លូវនោះទេ ព្រោះខ្លាចរថយន្តបុក ក៏បានទុកកង់នៅចិញ្ចើមផ្លូវម្ខាង រួចបានដើរឆ្លងផ្លូវទៅកន្លែងលក់បាញ់ឆែវនៅចិញ្ចើមផ្លូវម្ខាងទៀត និងទៅលេងមេជាងសំណង់របស់គាត់ផងដែរ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ខណៈដើរឆ្លងផ្លូវបានបន្តិច ក៏ស្រាប់តែមានរថយន្តបែនដឹកដី១គ្រឿងបើកបរលឿនក្នុងទិសដៅពីលិចទៅកើតទៅដល់បុកគាត់ពេញទំហឹងប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មករថយន្តបង្កខាងលើបានបើករត់គេច ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាម រហូតដល់ផ្លូវជាតិលេខ៣ ទើបឃាត់បានរួចប្រគល់ឲ្យនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ