ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ.ន្ធ.ត់ខ្លាំង! ក្មេងប្រុសអូទីស្សឹម​លួចបើកឡាន​ក៏បុ.កក្បួនព្រះសង្ឃនិមន្តធុដុង្គ សុគត៨អង្គនៅ​​ថៃ

1 អាទិត្យ មុន

​ថៃ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​ប្រទេស​ថៃ ក្រោយ​រថយន្ត Pickup មួយ​គ្រឿង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្រុមព្រះ​សង្ឃ​កំពុង​និមន្ត​ធុ​ដុ​ង្គ​នៅ​ខេត្ត​មុ​ក​ដា​ហាន បណ្តាល​ឱ្យ​ព្រះសង្ឃ​សុគត៨​អង្គ និង១៣​អង្គ​ទៀត​រង​របួសធ្ងន់ខណៈ​មន្ទីរពេទ្យ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បរិច្ចាគ​ឈាម​ជា​បន្ទាន់​ ។

បណ្តាសារ​ព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ១១ និង៣០​នាទី​ព្រឹកថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ លើ​ផ្លូវ​ក្នុងភូមិ​ឡាវ​លំ ឃុំ​ណា​ស៊ី​នឿ​ន ស្រុក​មឿង ខេត្ត​មុ​ក​ដា​ហាន​ ។

ក្បួន​និមន្ត​ធុ​ដុ​ង្គ​នេះ​មាន ព្រះសង្ឃ​សរុប៣៤​អង្គ និង​ពុទ្ធបរិស័ទ៥​នាក់ ដែល​បាន​ចេញដំណើរ​ពី​ខេត្ត​មុ​ក​ដា​ហាន ឆ្ពោះទៅ​កាន់​ខេត្ត​អ៊ូ​ប៊ុ​ន រ៉ាត​ឆា​ថា​នី (Ubon Ratch​athani) ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ហើយ​គោលដៅ​របស់​ព្រះសង្ឃ​ទាំងនេះ អាច​ឆ្ពោះ​មក​កាន់ តំបន់​ភ្នំ​៣៥០ ដែល​ស្ថិត​ក្នុង​តំបន់​អានសេះ​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ទើបតែ​ដណ្តើម​កាន់កាប់ ព្រោះ​នៅ​លើ​ភ្នំ​៣៥០​នេះ មាន​ព្រះសង្ឃ​ថៃ​ជា​ច្រើន​អង្គ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា ដូច​ជាតម្លើង​ជញ្ជាំង​បេតុង ចាក់​ផ្លូវ​បេតុង សាងសង់​រូបចម្លាក់​ជា​ច្រើន ទាំង​រូប​ទាហាន រូប​អតីត​ស្តេច និង​ព្រះ​ពុទ្ធរូប​ជាដើម ហើយ​ថែម​ទាំង​ប្រារព្ធ​ពិធី​សាសនា​ផ្សេង​ៗ​ជាដើម​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​ភី​ក​អាប់​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្រុម​ព្រះសង្ឃ​ដែល​កំពុង​និមន្ត​នៅ​តាម​ចិញ្ចើម​ផ្លូវ ធ្វើ​ឱ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រត់គេច​ស្ទើរ​មិន​ទាន់ ខណៈ​អ្នកខ្លះ​ត្រូវ​រថយន្ត​បុក​ខ្ទាត​ហោះ​ប៉ើង​ទៅ​ឆ្ងាយ ហើយ​ដេក​ដួល​ស្លាប់​របួស​រាយ​ប៉ាយ​ទាំង​លើ​ដងផ្លូវ និង​ចិញ្ចើម​ផ្លូវ​ ។

ភ្លាម​ៗ​ក្រោយ​កើតហេតុ សមាគម​សង្គ្រោះ​រួមចិត្ត​ខេត្ត​មុ​ក​ដា​ហាន រួម​ជាមួយ​ក្រុម​សង្គ្រោះ​ពី​បណ្តា​អង្គភាព​ផ្សេង​ៗ បាន​ចល័ត​កម្លាំង​ជា​ច្រើន​ចុះ​ជួយ​អន្តរាគមន៍ ធ្វើការ​សង្គ្រោះ​បឋម និង​ដឹក​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ប្រចាំ​ខេត្ត​មុ​ក​ដា​ហាន​។

របាយការណ៍​ប៉ូលិស​បញ្ជាក់​ថា ព្រះសង្ឃ ៥​អង្គ​សុគត​នៅ​កន្លែង​កើតហេតុ ខណៈ ៣​អង្គ​ទៀត​បាន​សុគត​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​អស់ពី​សមត្ថភាព​។ ចំណែក​ព្រះសង្ឃ ១៣​អង្គ​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់ ។ ដោយសារ​អ្នក​រង​របួស​មាន​ច្រើន មន្ទីរពេទ្យ​ខេត្ត​មុ​ក​ដា​ហាន​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម បរិច្ចាគ​ឈាម​ជា​បន្ទាន់​។

ជាបឋម សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​រួច​ហើយ​។ យោង​តាម​ការ​ស៊ើបអង្កេត​បឋម ជន​បង្ក​គឺជា​កុមារ​អាយុ ១១​ឆ្នាំ​ម្នាក់ ដែល​មាន​ជា​កុមារ​ពិសេស (​អូ​ទី​ហ្សឹ​ម​)​។ សមត្ថកិច្ច​បាន​រក​ឃើញ​ថា កុមារ​រូប​នេះ​បាន លួច​យក​រថយន្ត Pickup ម៉ាក Isuzu របស់​ឳ​ពុក​ម្តា​យមក​បើកបរ​ពី​ស្រុក​ដ​ន​តាន់ ឆ្ពោះទៅ​ស្រុក​មឿង មុន​នឹង​រេ​ចង្កូត​បង្ក​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​។ ទោះជា​យ៉ាងណា មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឱ្យ​រថយន្ត​បាត់បង់​ការ​គ្រប់គ្រង​នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ ខណៈ​ប៉ូលិស​ខេត្ត​មុ​ក​ដា​ហាន​កំពុង​បន្ត​ស៊ើបអង្កេត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕