ខេត្តកំពត ៖ មនុស្ស០៣នាក់ ឪពុក កូនស្រី និងចៅប្រុស បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស បុកម៉ូតូឌ្រីមសេ១២៥ ខណៈបើកឆ្លងផ្លូវជាតិលេខ៣៣(ពីទីរួមស្រុកកំពង់ត្រាចទៅច្រកទ្វារអន្តរជាតិព្រែកចាក) ចំណុចមុខវត្តដំបងដែក ស្ថិតក្នុងភូមិកំពូលមាស ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ មីនា ២០១៤ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់១-ឈ្មោះ អ៊ួន ដុស អាយុ៥៧ឆ្នាំ ត្រូវជាឪពុក ,ទី២ឈ្មោះ អ៊ួន ធីម ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាកូន និងទី៣-ឈ្មោះ ស៊ីម យីញ ភេទប្រុស អាយុ៩ឆ្នាំ ជាកូនស្ត្រីឈ្មោះ អ៊ួន ធីម ។ អ្នកទាំង៣មានទីលំនៅ ភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ។
លោកអនុសេនីយ៍ឯក សេង រតនា អធិការរងស្រុកកំពង់ត្រាច បានឱ្យដឹងថា ម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៦ ជិះគ្នា០៣នាក់ ឪពុក កូននិងចៅប្រុស បើកចេញពីផ្ទះការបងប្អូននៅភូមិប្ញស្សីស្រុក ដោយចេញពីផ្លូវលំ ទិសដៅពីកើតទៅលិច ហើយឆ្លងថ្នល់ផ្លូវជាតិលេខ៣៣ ។ ចំណែករថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-0386 ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកជិះ០៣នាក់ស្លាប់ភ្លាមមួយរំពេច ។
ក្រោយពីកើតហេតុ រថយន្តបង្ក មិនបានឈប់មើលជនរងគ្រោះនោះទេ ដោយបន្ថែមល្បឿនបន្តដំណើរទៅមុខទៀត លុះទៅដល់ចំណុចភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រថយន្តទៅមុខលែងរួច ក៏ទុកចោល ហើយអ្នកបើកបររត់គេចបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ