រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ដ៏រន្ធត់មួយម៉ូតូបុកម៉ូតូ ។ហេតុការណ៏នេះកើតឡើងនៅម៉ោង ១និង៤០នាទីយប់ ឈានចូលថ្ងៃទី១៤ មីនា២០១៤ នៅចំណុច ការ៉ាស់សាំងតូតាល់តាមបណ្តោយផ្លូវជាតិ លេខ៤ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស៊ុយហ្ស៊ូគីណិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BV-1623 ជិះដោយយុវជនម្នាក់ ធ្វើដំណើរពីទិស ខាងលិចមកកើត មកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-4539 ជិះដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតស្របទិសគ្នា និងបានបុកគ្នា យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរទាំងពីរនាក់ បែកមុខបែកមាត់ ផុងលលាក្បាលស្លាប់យ៉ាងអាណោចអធម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណសព ដើម្បីទាក់ទងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចបានយកទៅការិយាលយ័នគរបាលចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ