ខេត្តកំពង់ឆ្នាំង ៖ បទល្មើសនេសាទគ្រប់ប្រភេទបាននិងកំពុងកើតមានយ៉ាងអនាធិបតេយ្យតាមដងទន្លេក្នុងខេត្ត ដោយពុំឃើញមានមន្ត្រីជំនាញចេញបង្ក្រាបនៅឡើយ ដែលជាហេតុធ្វើឱ្យមានមតិរិះគន់ថា មន្ត្រីជំនាញសម្ងំយកលាភសក្ការៈពីបទល្មើសនេសាទទាំងនោះ បើពុំដូច្នោះទេ ក៏គ្មានបទល្មើសនេសាទកើតឡើងពេញដងទន្លេដែរ ។
ជាក់ស្តែង គ្រាន់តែក្នុងមួយថ្ងៃទី១១ មីនា អ្នកសារព័ត៌មានមួយក្រុមធ្វើដំណើរតាមដងទន្លេ បានប្រទះឃើញបទល្មើសនេសាទយ៉ាងអនាធិបតេយ្យ ក្នុងនោះមានទូកបំពាក់ម៉ាស៊ីនអូសអួន ទូកម៉ាញ់ ទូកមងបង្ក្រាប ទូកជន ទូកឆៃរ៉ា របាំងលបរ៉ាវ របាំងលបស្បៃមុង និងសម្រាស់ជាដើម ។ បើនិយាយពីសម្រាស់វិញ គឺពេញដងទន្លេក្នុងភូមិក្រម៉ាល់ដល់ប្រឡាយមាស លបរ៉ាវជាច្រើនកន្លែងប្រវែងរាប់គីឡូម៉ែត្រស្ថិតនៅចំណុចវាលភក់ ក្នុងភូមិផ្លូវទូក ស្រុកកំពង់លែង។ ចំណែកទូកអូសអួនដោយម៉ាស៊ីនវិញ គឺស្ថិតនៅចំណុចក្បាលកោះបាយក្រៀម ក្រញ៉ាន ក្នុងភូមិសេះស្លាប់ ស្រុកបរិបូណ៌ ។ នៅមានបទល្មើសជាច្រើនទៀតដែលចាំមិនអស់ គឺនៅតាមដងទន្លេប៉ែកខាងជើងទីរួមខេត្តកំពង់ឆ្នាំង ចំណែកនៅតាមដងទន្លេប៉ែកខាងត្បូងវិញ ក៏មិនខុសគ្នាដែរ គឺមានបទល្មើសដូចគ្នា ។
តាមប្រជាពលរដ្ឋនៅភូមិពាមឆ្កោក ស្រុកជលគិរីនិយាយថា របាំងលបសាច់អួនបានកើតមាននៅចំណុចភូមិពាមឆ្កោក ស្ទើរអុំទូកមិនកើត ចំណែកអ្នកប្រើប្រាស់ទូកម៉ាស៊ីន អូសអួនក្រឡាញឹក គឺមានជនជាតិវៀតណាមឈ្មោះ ថាំង យ៉ាំងងិន ដែលជាអ្នកស្នាក់នៅ និងប្រព្រឹត្តបទល្មើសនៅតំបន់នោះទៀតផង ។ បើតាមតួលេខពីមន្ត្រីប៉ូលិសឱ្យដឹងថា ទូកអូសអួនដោយម៉ាស៊ីន ទូកជន ទូកឆៃរ៉ា គ្រាន់តែរាប់ត្រួសៗមានដល់ទៅ២៧វង់ ក្នុងខេត្តកំពង់ឆ្នាំង ដែលមានជនជាតិវៀតណាមជាអ្នកប្រព្រឹត្តបទល្មើស និងកំពុងស្នាក់នៅភូមិចុងកោះ ភូមិកណ្តាល ក្រុងកំពង់ឆ្នាំង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ។ បទល្មើសទាំងនេះភាគច្រើនគឺធ្វើឡើងនៅពេលយប់ តែពេលខ្លះក៏ពួកជនល្មើសទាំងនោះធ្វើនៅពេលថ្ងៃដែរ ។
ជុំវិញបទល្មើសនេសាទកើតឡើងពេញផ្ទៃទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះ ត្រូវបានប្រភពដែលជិតស្និទ្ធនឹងមន្ត្រីជំនាញនិយាយឱ្យដឹងក្រៅផ្លូវការថា ពួកគេបានបង់លុយទៅមន្ត្រីជំនាញគ្រប់កន្លែងអស់ហើយ គឺស៊ីតូចតាមតូច ស៊ីធំតាមធំ ដែលក្នុងអួនមួយវង់ចាប់ពី៣០០ដុល្លារដល់១.០០០ដុល្លារ ។ ជុំវិញព័ត៌មានខាងលើនេះ លោកសេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៣ មីនា ហើយបាតុភាពខាងលើនេះ ក៏ជាសារមួយដល់ថ្នាក់លើ មេត្តាជួយមើលកូនចៅដែលកំពុងលង់លក់នេះផង ៕
ចែករំលែកព័តមាននេះ