ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​សៀម​​​ដេញ​បាញ់​​ប្រហារ​​​​អ្នក​កាប់​​គ្រញូង​ ស្លាប់​3​នាក់​ បាត់​​ខ្លួន​​3​នាក់​​និង​​រត់​រួច​​​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​ពលរដ្ឋ​ខ្មែរ​៣​នាក់​បាន​ស្លាប់ ដោយ​សារទាហាន​​សៀម​បាញ់​​ ឯ​៣​នាក់​ទៀត​បាត់​ខ្លួន ​និងម្នាក់​​រត់​រួច​ ក្នុងហេតុ​ការណ៍​​​ដែល​បានកើត​​ឡើង​ កាល​ពី​វេលា​​ម៉ោង​១១​​ព្រឹក​ ​ថ្ងៃ​ទី​១១ មីនា ​​ខណៈ​ពួក​គេ​​​ឡើង​​លើ​ខ្នង​ភ្នំ​​ដង​រែក ​​លួចចូល​​ដី​សៀម​​ រក​កាប់​​ឈើ​គ្រញូង​​ ។

ខេត្ត​ព្រះ​វិហារ​ ៖ ​ពលរដ្ឋ​ខ្មែរ​៣​នាក់​បាន​ស្លាប់ ដោយ​សារទាហាន​​សៀម​បាញ់​​ ឯ​៣​នាក់​ទៀត​បាត់​ខ្លួន ​និងម្នាក់​​រត់​រួច​ ក្នុងហេតុ​ការណ៍​​​ដែល​បានកើត​​ឡើង​ កាល​ពី​វេលា​​ម៉ោង​១១​​ព្រឹក​ ​ថ្ងៃ​ទី​១១ មីនា ​​ខណៈ​ពួក​គេ​​​ឡើង​​លើ​ខ្នង​ភ្នំ​​ដង​រែក ​​លួចចូល​​ដី​សៀម​​ រក​កាប់​​ឈើ​គ្រញូង​​ ។ ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ឡើង​តាម​ចំណុច​​ដំណាក់​​ផ្តៀក ​ឆ្លង​កាត់​តាម​​ព្រលាន​ស្រទំ​ ​លើ​ខ្នង​​​ភ្នំ​ដង​រែក​ ស្ថិត​​ក្នុង​ភូមិ​ឈើទាល​គង ​ឃុំ​​ជាំក្សាន្ត ស្រុក​ជាំ​ក្សាន្ត ​ខាង​លិច​​​​ច្រក​ទ្វារ​អាន​សេះ ​ដែល​ជា​ចំណុច​​ឈរ​ជើង​ការ​ពារព្រំដែន​​របស់​វរ​​​សេនា​​តូច​លេខ​​៤០៥ ។

​តាម​​​ស្ត្រី​ម្នាក់ឈ្មោះ​ គន្ធា ​ជា​​អ្នក​ចំណាក​​ស្រុក ​មក​ស្នាក់​​នៅ​ភូមិ​​ឈើ​​ទាល​​គង ​​ដែល​​រួមដំណើរ​​ជាមួយ​​ និង​រត់​គេច​ខ្លួន​ផុត​ពី​​សេចក្តីស្លាប់បាន​ឱ្យដឹង​ថា ពួក​គាត់​បាន​ឡើង​ខ្នង​ភ្នំ​ដង​រែក​​មាន​គ្នា​៧​​នាក់ ​ក្នុងនោះ​​ប្រុស​៥​នាក់ ​​និងស្រី​២នាក់ ​​ទៅកាប់​ឈើ​គ្រញូង​ក្នុងទឹកដី​ថៃ ​ដោយ​ឡើង​តាម​ចំណុច​​ដំណាក់​ផ្តៀក ​​​។ ​ទាហាន​ថៃ​​បាន​បាញ់​​សម្លាប់​ក្រុម​​គាត់​ចំនួន​៣​នាក់​​​ និង​៣​នាក់​ទៀត​បាត់​ខ្លួន​​​ដែល​អាច​រត់​វង្វេង​​​ ដោយ​មិន​ដឹង​​ជា​ទៅ​ដល់​កន្លែង​ណា​​​​ទេ​ ចំណែក​​គាត់​ក៏​បាន​រត់​​គេ​ច​ខ្លួន​​រួច​​ ចូល​​ទឹក​ដី​​កម្ពុជា​វិញ​​ ។ ស្ត្រី​ឈ្មោះ គន្ធា បន្ត​ទៀត​ថា​​​ ក្រោយ​ពី​ទាហាន​សៀម​បាញ់​សម្លាប់​ក្រុម​របស់​គាត់​​៣​នាក់​​ហើយ​​ ទាហាន​​សៀម​​ក៏បាន​ដុត​​សព​ឱ្យ​ឆេះ​ខ្មៅ​រោល​​នៅ​នឹង​កន្លែង​តែម្តង ។
​តាម​​មន្ត្រី​សមត្ថ​កិច្ច​​នៅ​តំបន់​នោះ​​​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​ខ្មែរ​​៣​នាក់​​​​ដែល​ស្លាប់​​នោះ​មាន​ ១-​ឈ្មោះ ទិន ទី ភេទ​ប្រុស​​ អាយុ​២៥​ឆ្នាំ​ រស់​នៅ​ខេត្ត​កំពត ២-​ឈ្មោះ អ៊ន ជីង​ ភេទ​ស្រី អាយុ​៥០​ឆ្នាំ​​​ រស់​នៅ​ភូមិ​ឈើ​ទាល​គង ឃុំ​ជាំ​ក្សាន្ត​ ស្រុក​ជាំ​ក្សាន្ត​ និង​៣-​ឈ្មោះ ម៉ៅ ម៉ន​ អាយុ​២១​ឆ្នាំ រស់​នៅ​ខេត្ត​កំពត​​​ ។ ឯ​អ្នក​បាត់​ខ្លួន​​​៣​នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ទេ ប៉ុន្តែ​ស្ត្រី​ម្នាក់​បាន​រត់​គេច​ខ្លួន​រួច​មក​ដល់​ទឹក​ដី​កម្ពុជា​វិញ​ហើយ​​​ ។

​គួរ​បញ្ជាក់​​ថា សព​​ពលរដ្ឋ​ខ្មែរ​​ទាំង​៣​នាក់​​​ខាង​លើ​​ គេ​ពុំ​ទាន់​ដឹង​ថា​ ទាហាន​សៀម​បាញ់​សម្លាប់​​នៅ​ចម្ងាយ​ប៉ុន្មាន​​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​នៅ​ឡើយ​ទេ​​​ ដោយ​ហេតុ​ថា​​​ មក​​ទល់​ពេល​នេះ​ភាគី​សៀម​មិន​ទាន់​​បាន​ផ្តល់​ដំណឹង​​​មក​ឱ្យ​ភាគី​កម្ពុជា​​ ​ហើយ​សព​​ក៏​ពុំ​មាន​នរណា​ម្នាក់​​ អាច​ឆ្លង​ចូល​ទៅ​យក​​មក​ទឹក​ដី​កម្ពុជា​វិញ​​បាន​ដែរ​ ។ ​ឥទ្ធិពល​ឈើ​គ្រញូង​ នៅ​តែ​បង្ក​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​​នៅ​លើ​ខ្នង​ភ្នំ​​ដង​រែក​​​ ជាក់​ស្តែង​កន្លង​ទៅ​ថ្មីៗ​នេះ​​​ ប្រភព​​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​កាល​​ពី​ថ្ងៃ​ទី​៥ មីនា ថា​ ពលរដ្ឋ​​​ខ្មែរ​ចំនួន​១២​នាក់​​​ ត្រូវ​ទាហាន​សៀម​បាញ់​សម្លាប់​នៅ​ក្នុង​ដី​សៀម​​ចម្ងាយ​​ប្រមាណ​១០​គីឡូ​ម៉ែត្រ​​​ពី​ទឹក​ដី​កម្ពុជា​​ ​ហើយ​រហូត​មក​​ដល់​ពេល​នេះ​​ ក៏​គេ​​មិន​អាច​យក​សព​មក​ទឹក​ដី​កម្ពុជា​​វិញ​សូម្បីតែ​​ម្នាក់​បាន​ឡើយ ៕