រាជធានីភ្នំពេញ ៖ រទេះលក់គុយទាវរុញចល័តមួយគ្រឿងដែលចាក់សោទុកទាំងភ្លើងចង្ក្រានមិនទាន់រលត់អស់ បានឆាបឆេះឆ្លងរាលដាលដល់របងស័ង្កសីសំណង់ធនាគារមួយ ធ្វើឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា តាមបណ្តោយផ្លូវលេខ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រទេះលក់គុយទាវចល័តមួយដែលមានចានឆ្នាំងរបស់របរនៅលើរទេះ គឺទើបនឹងមកពីលក់ ហើយយកមកទុកនៅទីនេះ ។ ទំនងម្ចាស់វា រវល់រឿងអ្វីផ្សេងហើយ ទើបប្រញាប់ដើរចេញទាំងមិនទាន់រលត់ភ្លើងចង្ក្រាននៅក្នុងរទេះអស់នៅឡើយ ។ ម្ចាស់វាបានយកទៅចាក់សោទុកនៅជិតរបងស័ង្កសីរបស់សំណង់ធំមួយដែលកំពុងសាងសង់មិនទាន់រួចរាល់នៅឡើយ ។ លុះដល់វេលាម៉ោងជាង២រំលងអធ្រាត្រស្រាប់តែភ្លើងឆេះចេញពីចង្ក្រានធ្យូងក្នុងរទេះ និងឆាបឆេះរទេះគុយទាវយ៉ាងរន្ទាលសន្ធោសន្ធៅភ្លឺចិញ្ចាចទាំងយប់ស្ងាត់ឆ្លងរាលដាលទៅឆេះខ្លោចរបងស័ង្កសី ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ។ ក្នុងឱកាសនោះដែរ មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងបានមកបាញ់ពន្លត់ ទើបរលត់អស់ទៅវិញ ។
ទោះជាយ៉ាងណា ករណីភ្លើងឆេះរទេះលក់គុយទាវនេះ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសទេ គ្រាន់តែរទេះត្រូវឆេះអស់ទាំងស្រុង និងខ្លោចរបងស័ង្កសីខូចខាតមួយប្រឡង់ដែរ ៕
ចែករំលែកព័តមាននេះ