ប្រជាជនចិនមានក្តីអស់សង្ឃឹម ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីបានទាល់ច្រកក្នុងការស្វែងរកយន្តហោះដែលបាត់ រហូតងាកមករកគ្រូវេទមន្តឱ្យជួយរុករកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញវិញ ដែលវិធីនេះបានស្ថិតក្រោមសំឡេងរិះគន់យ៉ាងខ្លាំង ចំពោះការប្រតិបត្តិក្នុងការរុករករបស់អាជ្ញាធរបែបនេះ ។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី បានផ្សាយថា លោក អុីប្រូហុីម ម៉ាតស៊ីន គ្រូខ្មោចដ៏ល្បីឈ្មោះម្នាក់ បានរៀបចំពិធីវេទមន្តនៅឯអាកាសយានដ្ឋានអន្តរជាតិគួឡាឡាំពួរ កាលពីថ្ងៃទី១០ មីនា កន្លងមក ដើម្បីជួយរកទី តាំងរបស់យន្តហោះជើងហោះហើរ MH 370 ដែលបាត់ដានដោយអាថ៌កំបាំង និងរកមិនទាន់ឃើញអស់រយៈពេល៦ថ្ងៃមកហើយ ទោះបីការរុករកនេះមានប្រទេសចំនួន១២បានសហការជួយរុករកពេញសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងទីកន្លែងដែលប្រទះឃើញអ្វីដែលគួរសង្ស័យ ក៏ដោយ ។
លោក អុីប្រូហុីម ម៉ាតស៊ីន បានថ្លែងថា លោកមកធ្វើពិធីនេះ គឺតាមការអញ្ជើញរបស់មេដឹកនាំកំពូលក្នុងប្រទេស ។ កាសែត «ហ្វ្រី ម៉ាឡេស៊ី ធូដេ» បានលើកយកសម្តីរបស់គ្រូខ្មោចរូបនេះថា «ខ្ញុំគិតថាយន្តហោះនៅតែស្ថិតលើលំហអាកាស ឬមួយក៏ធ្លាក់ទៅក្នុងសមុទ្រ» ។ ក្រៅពីនេះនៅមានមនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍ដ៏ចម្លែកមួយដែលអាជ្ញាធរម៉ាឡេស៊ី បានពិចារណាប្រើវិធីសាស្ត្រវេទមន្ត ក្នុងការស្វែងរកយន្តហោះ ខណៈពេលការប្រតិបត្តិជួយសង្គ្រោះបានឈានចូលដល់ថ្ងៃទី៦ហើយនោះ ។ កាលពីមុននេះ លោក ដាទុក សេរី ចាមីល ឃី បាហារ៉ុម រដ្ឋមន្ត្រីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ី បានថ្លែងថា រដ្ឋាភិបាលមានក្តីត្រេកអរក្នុងការប្រើជំនឿលើវេទមន្តដែលមិនជំទាស់នឹងរបៀបរបបផ្នែកសាសនាអ៊ិស្លាម នៅក្នុងការជួយរុករកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលផ្ទុកអ្នកដំណើរចំនួន២៣៩រូប ដែលបានបាត់យ៉ាងអាថ៌កំបាំងនាពេលនេះ ។ (នៅមានត)
ចែករំលែកព័តមាននេះ