រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ទីតាំងទីលានប្រជាធិបតេយ្យត្រូវបិទមិនឱ្យមានការប្រមូលផ្តុំជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវ៉េងស្រេងបានបញ្ចប់។
លោកអភិបាលរាជធានីភ្នំពេញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១២ មីនា ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវមាត់ទន្លេក្បាលជ្រោយ ខាងកើតស្ពានជ្រោយចង្វា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា សុខ គង់ ។ នៅក្នុងឱកាសនោះ លោកប៉ា សុជាតិវង្ស ក៏បានរិះគន់ក្រុមអ្នកភូមិបឹងកក់ថា ជាបាតុករអាជីពពហុវិស័យផងដែរ ។
គួរបញ្ជាក់ថា ទីលានប្រជាធិបតេយ្យដែលមានទីតាំងស្ថិតនៅខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក បានត្រូវសាលារាជធានីរៀបចំបង្កើតឡើងនៅក្រោយពេលដែលច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី បានត្រូវព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩ ធ្នូ ២០០៩ ដើម្បីឱ្យមហាជនទូទៅសម្តែងមតិទៅតាមច្បាប់ ។
ជាការកត់សម្គាល់ ក្រោយកើតមានទីលានប្រជាធិបតេយ្យនេះ ជានិច្ចកាលគេឃើញក្រុមអ្នកតស៊ូមតិ មានទាំងគណបក្សនយោបាយ ប្រជាពលរដ្ឋ និងកម្មករ តែងតែប្រើសិទ្ធិរបស់ខ្លួនដើម្បីសម្តែងមតិ ឬតវ៉ាទាមទារសិទ្ធិ និងបញ្ហាផ្សេងៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ