សារព័ត៌មានដឹស្តារ របស់ម៉ាឡេស៊ី ផ្សាយថា ចៅក្រមតុលាការកំពូលរបស់ម៉ាឡេស៊ី បានកាត់ទោសប្រហារជីវិតដោយព្យួរក លោកហ្វុង កុងកុង អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ ទៀវ ឈីង យ៉េន អាយុ៥៦ឆ្នាំ ពីបទធ្វើឃាតនាងអីុស្ទី កូម៉ារីយ៉ា អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូណេសុី ជាអ្នកបម្រើតាមផ្ទះ ដោយឱ្យបង្អត់អាហារនាងរហូតស្លាប់ កាលពីខែមិថុនា ឆ្នាំ២០១១ ។
លោកនូ អាស៊ីអាន ឆាអារី ចៅក្រមតុលាការកំពូល និយាយថា ប្តី-ប្រពន្ធមួយគូនោះ បានបណ្តោយឱ្យស្ត្រីបម្រើអត់អាហារ ជារឿយៗក្នុងរយៈពេល៣ឆ្នាំ ខណៈនាងបម្រើការក្នុងផ្ទះរបស់ពួកគេ ។
ក្នុងថ្ងៃដែលនាងអីុស្ទី កូម៉ារីយ៉ា ត្រូវគេបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលក្នុងមហាវិទ្យាល័យម៉ាឡាយ៉ា និងបានស្លាប់នោះ គេពិនិត្យឃើញដងខ្លួនរបស់នាងពោរពេញដោយស្នាមដំបៅ និងស្នាមជាំ ដែលបញ្ជាក់ពីការធ្វើទារុណកម្មពីម្ចាស់ផ្ទះ ។
កាលពីឆ្នាំ២០១២ កន្លងមក នារីបម្រើតាមផ្ទះជនជាតិកម្ពុជាម្នាក់ ត្រូវម្ចាស់ផ្ទះម៉ាឡេស៊ី បង្អត់អាហាររហូតស្លាប់ដែរ ហើយជនល្មើសត្រូវតុលាការដាក់ពន្ធនាគាររយៈពេល២៤ឆ្នាំ ។ ម៉ាឡេស៊ី ពឹងផ្អែកលើពលករចំណាកស្រុកជាជនជាតិឥណ្ឌូណេស៊ី ប្រហែល២លាននាក់ ក្នុងផ្នែកកសិកម្ម សំណង់ រោងចក្រ និងការងារនៅតាមផ្ទះ ៕
ចែករំលែកព័តមាននេះ