ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់បើករថយន្តបុកទាំងកម្រោលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ មីនា ត្រង់ចំណុចផ្លូវបែកជា៤ខាងមុខរតនាគារខេត្ត ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីមន្ត្រីរូបនេះចេញពីជប់លៀងក្នុងកម្មវិធីមួយក្នុងស្ថានភាពស្រវឹងដល់កម្រិត។
រថយន្តបង្កហេតុត្រូវគេស្គាល់ម៉ាកឡិចស៊ីស៤៥០ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២A៨២៧១ បើកដោយលោកវរសេនីយ៍ទោ ដម រ៉ាដា ជាអនុកណ្តាលការិយាល័យនគរបាលយុត្តិធម៌ស្នងការដ្ឋានខេត្តបាត់ដំបង ធ្វើដំណើរពីទិសខាងត្បូងតាមផ្លូវលេខ៣ឆ្ពោះទៅខាងជើង លុះដល់ចំណុចកើតហេតុរថយន្តបានបួងចង្កូតបត់ស្តាំយ៉ាងលឿនក៏ជ្រុលទៅបុកអ្នកជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១E៩៦៩១ ឌុបគ្នា៣នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលខ្ទាតពីម៉ូតូរបួសធ្ងន់ និងស្រាលតែម្តង។
សមត្ថកិច្ចប្រាប់ថា លោកដម រ៉ាដា បានបន្ថែមល្បឿនរថយន្តបើករត់ បន្ទាប់ពីបង្កគ្រោះថ្នាក់ ហើយអ្នកដំណើរជាច្រើនបានជិះម៉ូតូដេញតាម ប៉ុន្តែលោកស័ក្តិ៤កន្លះរូបនេះមិនព្រមឈប់ទេ រហូតបើកបុករថយន្តនគរបាលចរាចរណ៍ដែលព្យាយាមបើកមកពាំងពីមុខ ប៉ុន្តែបន្តិចក្រោយមកទើបត្រូវសមត្ថកិច្ចតាមទាន់ពេលលោកស័ក្តិ៤កន្លះបើករថយន្តចូលដល់ក្នុងផ្ទះជួលរបស់គាត់នៅខាងជើងស្នងការដ្ឋានខេត្ត។
សមត្ថកិច្ចបានឱ្យដឹងទៀតថា លោកដម រ៉ាដា ស្រវឹងជោកជាំដល់កម្រិតទៅហើយ ហើយបានបដិសេធថា គាត់មិនបានបើកបុកគេទេ បើទោះជាគាត់ដឹងថា រថយន្តរបស់គាត់មានស្នាមក្រពិត និងជ្រុះបាត់កាងខាងមុខក្តី មិនតែប៉ុណ្ណោះមន្ត្រីស្ថាប័នប្រតិបត្តិច្បាប់រូបនេះបានរារាំងមិនឱ្យសមត្ថកិច្ចយករថយន្តខ្លួនទៅទុកក្នុងស្នងការដ្ឋានដើម្បីដោះស្រាយឡើយ ដោយបិទទ្វារផ្ទះចូលដេកបាត់។
កោះសន្តិភាពមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកដម រ៉ាដា ទេនៅព្រឹកថ្ងៃទី១២ មីនា នេះ ប៉ុន្តែលោកសាត គឹមសាន នាយការិយាល័យចរាចរណ៍ខេត្តបានប្រាប់ថា លោកដម រ៉ាដា មិនទាន់ចូលមកបំភ្លឺនៅការិយាល័យចរាចរណ៍នៅឡើយទេ រីឯទូរស័ព្ទក៏មិនអាចទាក់ទងបានដែរគិតត្រឹមម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១២ មីនា ៕
ចែករំលែកព័តមាននេះ