រាជធានីភ្នំពេញ៖ ខណៈទេសចរក្នុងស្រុកហាក់ធ្លាក់ចុះយ៉ាងគំហុកក្នុងការទៅកំសាន្តខេត្តព្រះសីហនុ ដោយសារតែកំណើនទេសចរចិននិងវិនិយោគិនចិនយ៉ាងច្រើនសម្រុកទៅកាន់ខេត្តមានសមុទ្រមួយនេះ ក្រសួងទេសចរណ៍បានកត់សម្គាល់ឃើញថា តំបន់ឆ្នេរសមុទ្រកម្ពុជា រួមទាំងខេត្តព្រះសីហនុផងនោះ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមួយយ៉ាងសំខាន់ ក្រៅពីតំបន់ទេសចរដែលពោរពេញដោយសក្តានុពលផ្សេងៗទៀតជាពិសេសនៅឆ្នាំ២០១៩នេះ គឺទទួលកំណើនរហូតដល់ ២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយថ្មីៗនេះបាន ឲ្យដឹងថា តំបន់ឆ្នេរសមុទ្រកម្ពុជាកាលពីឆ្នាំ២០១៦ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦៤ម៉ឺននាក់កើនឡើង១២,៣%, ឆ្នាំ២០១៧ ទទួលបានជាង៧៣ម៉ឺននាក់កើនឡើង១៥%, ឆ្នាំ២០១៨ទទួលបានជាង៨៧ម៉ឺននាក់ គឺបានកើនឡើង១៨,៦% ពិសេសគិតគ្រឹម៦ខែដើមឆ្នាំ២០១៩ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង៥៩ម៉ឺននាក់ ពោលមានការកើនឡើងរហូតដល់២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលគ្រាមុន។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍កាលពីថ្ងៃទី២៩ ខែសីហា ថាកំណើនទេសអន្តរជាតិដែលកម្ពុជាទទួលបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ មានកំណើន២៧% នេះជាកំណើនមួយខ្ពស់ប្រៀបធៀបទៅនិងគោលដៅទេសចរណ៍នៃតំបន់ផ្សេងទៀត មិនថាតែនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ នៅអាស៊ានតែម្តង។
បើតាមលោកអនុរដ្ឋលេខាធិការបានឲ្យដឹងថា កំណើនខ្ពស់នៃភ្ញៀវទេសអន្តរជាតិដែលកម្ពុជាទទួលបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩គឺដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយនិងការតភ្ជាប់។ លោកបានលើកឡើងថា «នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាមានចែកជា៤ខេត្តហើយនៅក្នុងខេត្តនីមួយៗមានការបែងចែកចំណុចសក្តានុពលខុសៗគ្នា។ ខេត្តព្រះសីហនុ យើងចាត់ទុកជាហាប់ (អភិវឌ្ឍគោលដៅចម្រុះ) នៃតំបន់ឆ្នេរ។ ខេត្តកោះកុងជាខេត្តគោលដៅដែលយើងរៀបចំជាអេកូទេសចរណ៍ទាក់ទាញ, ខេត្តកែបយើងរៀបចំជាគោលដៅទេសចរណ៍សម្រាកកម្សាន្តបែបកម្រិតខ្ពស់ ចំណែកឯខេត្តកំពតជាគោលដៅបែបបេតិកភណ្ឌ និងកសិទេសចរណ៍បែបទាក់ទាញ»។
លោកបានបន្តថា នៅខេត្តកំពតមានភ្នំបូកគោ ហើយបូកគោនេះជាតំបន់ដ៏ទាក់ទាញ ហើយដោយឃើញភាពទួលនៃសក្តានុពលនៅលើបូកគោនេះយើងចាត់ទុកថា បូកគោជាមេដែកឆក់មួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាមេដែកឆក់មួយនៅក្នុងតំបន់អាស៊ាន។ក្នុងប្រទេសកម្ពុជាយើងមានការបែងចែកគោលដៅទិសេចរណ៍ធំៗចំនួន៤ តំបន់សៀមរាបនិងទន្លេសាប, តំបន់ភាគខាងជើង តំបន់ជុំវិញភ្នំពេញនិងតំបន់ឆ្នេរ។អ្វីដែលជាសក្តានុពលពិសេសនៅតំបន់ឆ្នេរយើងដែលទាក់ទាញភ្ញៀវទេសចរណ៍មានកំណើនជាលំដាប់នោះដោយសារយើងមានឆ្នេរខ្សាច់សក្បុស យើងមានឧទ្យាជាតិ,ផ្កាថ្មចម្រុះនិងមានធនធានធម្មជាតិជាច្រើនផ្សេងទៀត។
លោក នី ផល្លី បានបញ្ជាក់ថា «រហូតមកដល់ពេលនេះនៅខេត្តដែលជាតំបន់ឆ្នេរ
សមុទ្រកម្ពុជាយើងមានគម្រោងវិនិយោគទេសចរណ៍ធំៗទេសចរណ៍បែបជាទេសរណ៍ធម្មជាតិ បែបអេកូទេសចរណ៍។ លើសពីនេះនៅភ្នំបូកគោមានគម្រោងអភិវឌ្ឍទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ