នាយករដ្ឋមន្ត្រីលីប៊ី ត្រូវបានសភាដកចេញពីតំណែង កាលពីថ្ងៃទី១១ មីនា បន្ទាប់ពីមានការប្រទាំងប្រទើសគ្នាយ៉ាងយូររវាងផ្នែកនីតិប្រតិបត្តិ និងផ្នែកនីតិបញ្ញត្តិ ដែលស្ទើរតែធ្វើឱ្យប្រទេសជាប់គាំងទាំងស្រុង ខណៈប្រទេសកំពុងមានភាពចលាចលនានា និងសកម្មភាពបំបែកខ្លួនទាំងឡាយ ។
សភាជាតិលីប៊ី បានបោះឆ្នោតដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី លោកអាលី ហ្សាអុីដាន ដោយ១២៤សំឡេង ហើយតែងតាំងរដ្ឋមន្ត្រីការពារប្រទេសលោកអាប់ដាល់ឡាហ៍ អាល់ដឺរី ជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់ការជ្រើសតាំងប្រមុខរដ្ឋាភិបាលថ្មី រយៈពេល២សប្តាហ៍ទៀត ។
ក្រោយការប្រកាសនេះបន្តិច លោកអាល់ដឺរី បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅមុខសភា ។ នាវេលាល្ងាចថ្ងៃនោះ អគ្គរដ្ឋអាជ្ញាលីប៊ី បានចេញការប្រកាសហាមឃាត់លោកអាលី ហ្សឺអុីដាន ធ្វើដំណើរចេញទៅណា ដោយលើកហេតុផលថា លោកមានជាប់ទាក់ទិននឹងរឿងពង្វាងយកប្រាក់រដ្ឋ ។ ក៏ប៉ុន្តែយោងតាមសារព័ត៌មានក្នុងស្រុកថា អតីតនាយករដ្ឋមន្ត្រីរូបនោះ បានចាកចេញពីប្រទេសរួចទៅហើយ ៕
ចែករំលែកព័តមាននេះ