អង្គការសិទ្ធិមនុស្សស៊ីរី OSDH រាយការណ៍ថា មនុស្ស២២នាក់ត្រូវប្រហារជីវិត កាលពីថ្ងៃទី១១ មីនា នៅភាគខាងជើងស៊ីរីដោយពួកយុទ្ធជននៃក្រុមរដ្ឋអ៊ិស្លាមនៅអីុរ៉ាក់ និង LEVANT (EIIL) ជាក្រុមរ៉ាឌីកាល់បំផុតក្នុងចំណោមក្រុមជីហាដនិយមនៅស៊ីរី ។
OSDH បញ្ជាក់ថា បណ្ដាសមាជិកក្រុម EIIL បានប្រហារជីវិតមនុស្សយ៉ាងតិច២២នាក់ ដោយគ្រាប់កាំភ្លើង និងដាវក្រោយពីពួកគេចូលដណ្ដើមត្រួតត្រាតំបន់ CHOYOUKH ជាយក្រុងហ្សារ៉ាប៊ូលូសជិតព្រំដែនតួកគី ។ មានសមាជិកឧទ្ទាមស៊ីរីយ៉ាងតិច១២នាក់ស្ថិតក្នុងចំណោមមនុស្សត្រូវប្រហារជីវិតទាំងនេះ ។
ពួក EIIL ដណ្ដើមកាន់កាប់ទីក្រុងហ្សារ៉ាប៊ូលូស ខេត្ដអាឡែប កាលពីខែកុម្ភៈ ពីពួកឧទ្ទាម។ ចាប់តាំងពីដើមខែមករា មក ពួកឧទ្ទាមស៊ីរីជាច្រើនក្រុមបានធ្វើការវាយលុកមួយប្រឆាំងពួក EIIL ដោយចោទប្រកាន់ពួកគេថាសម្លាប់មនុស្សមិនរើសមុខដែលធ្លាក់ចូលក្នុងអន្ទាក់របស់របបលោកបាចាអាល់អាសាដ ។ ក្រុមជីហាដជ្រុលនិយមបំផុតនេះទទួលការចោទប្រកាន់ថា ចាប់ឃុំទុកមនុស្សយ៉ាងច្រើន ក្នុងនោះរួមទាំងពួកសកម្មជនសន្ដិភាព បណ្ដាពួកឧទ្ទាមដែលប្រឆាំងគ្នា បណ្ដាអ្នកកាសែត និងបណ្ដាពលករខាងមនុស្សធម៌ ។ មនុស្សជិត៣.៣០០នាក់ស្លាប់តាំងពីចាប់ផ្ដើមកើតមានការប៉ះទង្គិចគ្នារវាងពួកឧទ្ទាមនិងពួក EIIL មក ៕
ចែករំលែកព័តមាននេះ