ខេត្តកំពង់ធំ ៖ ល្បែងជល់មាន់ និងបាញ់អាប៉ោងដុះស្លែប្រព្រឹត្តទៅដោយរលូនបាននៅលើទឹកដីនៃស្រុកបារាយណ៏ ជារៀងរាល់ថ្ងៃ រាល់ខែរាប់ឆ្នាំមកហើយនោះ ក៏ដោយសារតែសមត្ថកិច្ចជាមួយនឹងអាជ្ញាធរបើកភ្លើងខៀវឲ្យ ទើបដំណើរការបានល្អមកទល់បច្ចុប្បន្ននេះ។កំពូលមេញៀនល្បែងស៊ីសងបាញ់មេអាប៉ោងឲ្យគេចាក់ និងជាម្ចាស់សង្វៀនជល់មាន់ដ៏ល្បីរន្ទឺនៅលើទឹកដីនៃស្រុកបារាយណ៏ ត្រូវបានប្រជាពលរដ្ឋនៅក្នុងស្រុកស្គាល់ឈ្មោះថា ជ័យ ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិនាងល្អ ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានមុខរបររកស៊ីធំ គឺបើកសង្វៀនជល់មាន់ និងបាញ់មេអាប៉ោង។កន្លងមកសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថធ្លាប់ចុះធ្វើការបង្ក្រាប ព្រមទាំងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារមកហើយ នៅតែមិនឈប់ យូរ ៗទៅបានស្គាល់ចិត្តថ្លើមគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាធរ ភូមិ ឃុំ ស្រុក យល់ព្រមទទួលសំណែនពីបនល្បែងខាងលើ ទើបអាចប្រព្រឹត្តទៅបាន។
នៅក្នុងឆ្នាំ២០១៣លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំបានដឹកនាំកំលាំងចុះទៅបង្ក្រាបម្តងដែរ តែលោក ជ័យ ផល្លា នៅតែមិនរៀងចាលដដែល នៅលួចប្រព្រឹតអំពើដែលសង្គមស្អប់ខ្ពើមនេះបានទៀត ក៏ដោយសារតែខ្មោចក្នុងបើកដៃឲ្យដែរ ធ្វើឲ្យមានផលប៉ះពាល់ និងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃលោកដាក់ឲ្យ! ម្យ៉ាងវិញទៀតនៅរាល់កម្មវិធីអង្គប្រជុំនៅសាលប្រជុំគណៈស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផាន់ សុផេង លោកតែងតែមានប្រសាសន៍ផ្តាំផ្ញើ និងសូមសំណូមពរយ៉ាងទទូចម្តងហើយម្តងទៀតដល់លោកអធិការនគរបាលទាំងអស់គ្រប់ក្រុង-ស្រុកទូរទាំងខេត្ត នាំគ្នាអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃ ជាពិសេសគឺល្បែងស៊ីសងគ្រប់ប្រភេទរួមមាន ជល់មាន់ បៀរ អាប៉ោង ជាដើម ។ល។គួររំលឹកផងដែរថា កន្លងមកនៅក្នុងទឹកដីខេត្តកំពង់ធំសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បានអញ្ជើញមក និងមានប្រសាសន៍ថា ទឹកដីស្រុកបារាយណ៏នេះ សំបូរទៅដោយសង្វៀនជល់មាន់ ជាប់លេខទូទាំងប្រទេស ក៏ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរក្នុងស្រុកបារាយណ៍វិញនោះមុខក្រាស់មិនចេះឈឺក្បាលហាលថ្ងៃទៅនឹងអនុសាសន៍នោះឡើយ ធ្វើឲ្យមានសង្វៀនជល់មាន់ និងល្បែងអាប៉ោងជាច្រើនកន្លែងកើតមាននៅក្នុងទឹកដីដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ អ្នកយកព័ត៌មានយើងបានទៅដល់ និងថតរូបយកសកម្មភាពជល់មាន់ និងបាញ់អាប៉ោង ស្ថិតនៅក្នុងភូមិទួលពភ្លារ ឃុំស្រោឡៅ ស្រុកបារាយណ៍ តែត្រូវម្ចាស់បានសង្វៀនជល់មាន់ឈ្មោះ ជ័យ ផលា ប្រមាថ និងស្រវ៉ាទាញយកកាមេរ៉ាបំណងកម្ទេចចោលទៀតផង ហើយអ្នកយកព័ត៌មានយើងក៏បានជំរាបរឿងទាំងអស់នេះដល់លោកអភិបាលស្រុក និងលោកអធិការ បានចាត់ឲ្យលោកអធិការរងម្នាក់ដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ បានត្រឹមតែដុតកម្ទេចចោលសង្វៀន គ្រាន់តែឲ្យល្អភ្នែកមើលតែប៉ុណ្ណោះ សូមជំរាបផងដែរថា សង្វៀនជល់មាន់ជាច្រើនកន្លែងនៅក្នុងទឹកដីស្រុកបារាយណ៍នេះតែងតែផ្លាស់ប្តូរកន្លែងជល់ជានិច្ច បើចង់ចុះទៅថតផ្តិតយកនូវរូបភាពនោះ ទាល់តែទៅដោយស្ងាត់ៗ និងលាក់ការបំផុតកុំឲ្យសមត្ថកិច្ច និងអាជ្ញាធរបានដឹង បើដឹងច្បាស់ជាបែកការណ៍រត់បាតជើងសរព្រាតអស់ជាមិនខានឡើយ។
ប្រជាពលរដ្ឋនាំគ្នារិះគន់ថា ល្បែងស៊ីសងគ្រប់ប្រភេទប្រព្រឹត្តិទៅបានក៏ដោយសារតែសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរស្រុកបារាយណ៍ អសមត្ថភាពតែម្តង ទើបបានជាបណ្តែតបណ្តោយឲ្យមានសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោងនៅតែមានក្នុងទឹកដីរបស់ខ្លួន ថ្កឺនទៅនឹងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយ៉ាងដូច្នេះ ។
ចែករំលែកព័តមាននេះ