ការតាមរុករកនៅតែបន្តក្នុងសមុទ្រចិនក្រោយការបាត់ដានយន្តហោះធុនប៊ូអុីង៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ។ រិតតែអាថ៌កំបាំងថែមទៀត ដោយទូរស័ព្ទរបស់អ្នកដំណើរមួយចំនួននៅតែចុចទៅរោទ៍ បុ៉ន្តែគ្មានអ្នកលើក ។យន្តហោះធុនប៊ូអុីង៧៧៧ របស់ក្រុមហ៊ុន MALAYSIA AIRLINES នៅតែពុំទាន់អាចរកឃើញ ទោះបីមានប្រតិបត្តិការតាមរុករកយ៉ាងសកម្មបំផុតចូលរួមដោយប្រទេសជាច្រើនក៏ដោយ ។
សភាពការណ៍នាថ្ងៃទី១០ មីនា មានការវិវត្តន៍បន្តិចហើយបណ្តាគ្រួសារពួកអ្នកដំណើរជិះក្នុងយន្តហោះជើងហោះហើរ MH 370 នោះនៅរង់ចាំស្តាប់ព័ត៌មាន ខណៈពេញមួយថ្ងៃមានព័ត៌មានជាច្រើនដែលពុំស៊ីគ្នា ។ ទោះបីយ៉ាងណា គេមានការភ្ញាក់ផ្អើល ហើយមានសង្ឃឹមខ្លះ ព្រោះទូរស័ព្ទដៃចំនួន១៩គ្រឿងប្រហែលជារបស់ពួកអ្នកដំណើរហាក់ដូចជានៅដំណើរការពេលចុចទៅ តែគ្មានអ្នកលើក។ យោងតាមកាសែតអាមេរិកវ៉ាស៊ីនតោនបុ៉ស្តិ៍ ចុះថ្ងៃទី១០ មីនា និងតាមកាសែត BUSINESS TIMES ថា គ្រួសារចំនួន១៩របស់មនុស្សដែលបាត់ខ្លួនក្នុងយន្តហោះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយក្នុងសេចក្តីថ្លែងការណ៍រួមនោះ ពួកគេអះអាងថា លេខទូរស័ព្ទដៃជាច្រើនចុចទៅនៅរោទ៍ គឺនៅដំណើរការ ។
ពួកគេស្នើដល់អាជ្ញាធរចិនទទួលបន្ទុកផ្តល់សេវាកម្មដល់ទូរស័ព្ទដៃទាំងនោះឱ្យធ្វើការស្រាវជ្រាវ ដើម្បីបំភ្លឺលើអាថ៌កំបាំងនៃការបាត់យន្តហោះនោះជាមួយមនុស្ស២៣៩នាក់ ។ ទូរស័ព្ទដៃរបស់បណ្តាសមាជិកក្រុមយានិក ក៏ស្ថិតក្នុងចំណោមទូរស័ព្ទហៅទៅនៅដំណើរការដែរ ។ នេះជាការអះអាងរបស់កាសែតសិង្ហបុរី STRAIT TIMES ។ ហើយនេះក៏ជាសមាសភាគថ្មីនៃការសើុបអង្កេត ដែលរហូតមកទល់ពេលនេះនៅពុំទាន់កំណត់បានអ្វីនៅឡើយនោះ ។ ម្យ៉ាងវិញទៀត មានសេចក្តីរាយការណ៍កាលពីថ្ងៃទី១០ មីនាថា កងម៉ារីនអាមេរិកនឹងបញ្ជូននាវាចម្បាំង១គ្រឿងទៀតមកកាន់សមុទ្រចិនភាគខាងត្បូងដើម្បីចូលរួមក្នុងការរុករក ។ នាវាពិឃាតអាមេរិក USS KIDD នឹងមកកាន់តំបន់សង្ស័យយន្តហោះធ្លាក់ ដែលនៅទីនោះមានវត្តមានរួចហើយរបស់នាវាពិឃាតអាមេរិក USS PINCKNEY ។ ចិនដាក់ពង្រាយផ្កាយរណប១០ជួយតាមរកយន្តហោះដែលបាត់ខ្លួននេះមានការជួយពង្រឹងការរុករកតាមអាកាសបន្ថែម ដោយប្រទេសចិនបានដាក់ពង្រាយផ្កាយរណបរបស់ខ្លួនដល់ទៅ១០ ក្នុងក្តីសង្ឃឹមថា អាចរកឃើញកន្លែងធ្លាក់នៃយន្តហោះប៊ូអុីង៧៧៧ ដែលបាត់ដានចាប់តាំងពី៤ថ្ងៃមកហើយ។
កាសែតកងទ័ពចិនរាយការណ៍កាលពីថ្ងៃទី១១ មីនា ថា ផ្កាយរណបចិនទាំងនោះ ដែលត្រួតត្រាពីមូលដ្ឋាននៅសុីអាន ភាគខាងជើងប្រទេស នឹងប្រើប្រាស់ដើម្បីជួយធ្វើចរាចរណ៍របស់បណ្តាយន្តហោះនិងនាវា ពិនិត្យលក្ខខណ្ឌឧតុនិយមធានាដល់គមនាគមន៍ ព្រមទាំងប្រតិបត្តិការតាមរុករក ។ ក្រុមជួយសង្គ្រោះមកពីប្រទេស៩ ចូលរួមក្នុងប្រតិបត្តិការតាមរុករកក្នុងនោះមានប្រទេសចិន បានបញ្ជូននាវាចម្បាំងដល់ទៅ៣គ្រឿង ប្រទេសម៉ាឡេសុី សិង្ហបុរី វៀតណាម នូវែលហ្សេឡង់ ឥណ្ឌូណេសុី អូស្ត្រាលី និងថៃ ។ ចំណែកសហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាតមកជួយតាមរក២គ្រឿង ព្រមទាំងយន្តហោះស៊ើបការណ៍ P-3C ORION ១គ្រឿង ។ ក្រុមហ៊ុនអាកាសចរណ៍ MALAYSIA AIRLINES ក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់កាលពីថ្ងៃទី១១ មីនា ថា ការខិតខំប្រឹងប្រែងតាមរុករកយន្តហោះដែលបាត់ដាននេះ ត្រូវបានពង្រីកហើយពេលនេះប្រមូលផ្តុំនៅឧបទ្វីបភាគខាងលិចម៉ាឡេសុី ក្នុងច្រកសមុទ្រម៉ាឡាកា ។ យន្តហោះក្រុងហុងកុងមួយប្រទះឃើញបំណែកធំៗក្នុងសមុទ្រប្រទេសវៀតណាមនិយាយថា បំណែកធំៗត្រូវបានគេប្រទះឃើញក្នុងដែនទឹកនៃខេត្តបាវៀងវង់តាវ ភាគខាងត្បូងប្រទេសនេះកាលពីយប់ថ្ងៃទី១០ មីនា ។
យោងតាមគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកតាមរុករក និងជួួយសង្គ្រោះថា កាលពីល្ងាចថ្ងៃទី១០ មីនា ផ្នែកគ្រប់គ្រងការហោះហើរតាមអាកាសរបស់ហុងកុងបានរាយការណ៍ប្រាប់ថា យន្តហោះពាណិជ្ជកម្មមួយគ្រឿងរបស់ក្រុងហុងកុងបានប្រទះឃើញបំណែកធំៗជាច្រើនក្នុងទឹកសមុទ្រត្រង់កន្លែងមួយចម្ងាយប្រមាណជា៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍CAP O CAP ខេត្តបារៀងវង់តាវ ។ លោកLE VAN CHIEN នាយកនៃអាជ្ញាធរកំពង់ផែវង់តាវ ថ្លែងប្រាប់កាសែតវៀតណាមVN EXPRESS ថា ការខិតខំប្រឹងប្រែងត្រូវបានធ្វើដើម្បីតាមរកបំណែកទាំងនោះ ហើយចង់ដឹងថាតើវាជាបំណែកយន្តហោះជើងហោះហើរMH370 ប្រាកដមែន ឬយ៉ាងណា ។ ដោយសារមាននាវានេសាទយ៉ាងច្រើននៅតំបន់នោះ អាជ្ញាធរកំពង់ផែវង់តាវបានស្នើដល់កងឆ្នាំឆ្នេរសមុទ្រ នាវាផ្សេងៗ និងបណ្តានាវានេសាទឱ្យរួមសហការគ្នាជួយរកបំណែកទាំងនេះ ។ ក៏ប៉ុន្តែអាជ្ញាធរកំពង់ផែវង់តាវ និយាយថាបំណែកទាំងនោះវាអាចជាវត្ថុដែលពួកអ្នកនេសាទបោះចោល ។
មុននេះមានសេចក្តីរាយការណ៍ពីការប្រទះឃើញប្រេងអណ្តែតលើសមុទ្រ តែនៅពុំទាន់អាចច្បាស់ថា ប្រេងនោះចេញពីយន្តហោះដែលបាត់ ឬយ៉ាងណាឡើយ ។ ពួកអ្នកឯកទេសពិតជាវិលក្បុង ព្រោះប៉ុន្មានថ្ងៃហើយគេពុំអាចរកឃើញដានឱ្យប្រាកដប្រជា ។ ក៏ប៉ុន្តែពួកអ្នកឯកទេសមិនបដិសេធដែរអំពីលទ្ធភាពនៃការវាយប្រហារភេរវកម្មមួយ ឬមកពីគ្រោះថ្នាក់ដ៏សែនកម្របំផុតណាមួយ ៕
ចែករំលែកព័តមាននេះ