រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ការប្រកួតអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីយប់ថ្ងៃអាទិត្យ ទី១ កញ្ញា ឆ្នាំ២០១៩ កីឡាករ កម្ពុជា ចាន់ សំអាត បានសាងប្រវត្តិសាស្ត្រភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រើមួយស្នៀតដោយទាត់ចំជើងកីឡាករថៃ Pha Lamsin ហើយបណ្ដាលឲ្យកីឡាករថៃខូចជើងដល់ថ្នាក់ប៉ោងសរសៃជើងរឹងស្ដូក ដល់ថ្នាក់ត្រូវគេសែងចុះពីរេញ។
ការប្រកួតនេះ ឡើងកំដៅបានតែ១ទឹកប៉ុណ្ណោះ ដោយត្រូវបញ្ចប់ក្នុងពេលឲ្យទឹក ដោយសារតែថៃសុំមិនប្រកួត។ ការប្រកួតដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ «អ្នកប្រយុទ្ធកំពូលថាមពល ឆេមពាន» នេះ កីឡាករថៃ មិនមែនជាកីឡាករអន់នោះទេ ដោយត្រូវគេឃើញបញ្ចេញបច្ចេកទេសបានល្អយ៉ាងខ្លាំង ជាពិសេសស្នៀតកែង និងកណ្ដាប់ដៃ។ កីឡាករកម្ពុជា ចាន់ សំអាត ត្រូវគេកត់សម្គាល់ថា ពិបាកចូលចុះនោះផង ដោយសារតែស្នៀតកែង និងម៉ាត់ របស់ថៃរស់រវើក។
យ៉ាងណាមិញ នៅពេលការប្រកួតក្នុងទឹកទី១ ចាប់ផ្ដើមឡើងកំដៅ កីឡាករកម្ពុជា ស្រាប់តែប្ដូរយុទ្ធសាស្ត្រពីការវ៉ៃលើមកទាត់ពេញទំហឹង បណ្ដាលឱ្យកីឡាករថៃខូចជើង។ ទាត់ត្រូវភ្លាមៗ កីឡាករថៃហាក់មិនអីនោះទេ ប៉ុន្តែក្នុងពេលសម្រាកឲ្យទឹក ស្រាប់តែជើងរបស់កីឡាករ Pha Lamsin ឡើងប៉ោងឡើងក្រហម ហើយឡើងរឹងដល់ថ្នាក់ក្រុមគ្រូពេទ្យជួយសម្រួលក៏បាត់។ កីឡាករថៃបានប្រកាសឈប់ប្រកួត និងត្រូវគេសែងចុះពីរេញ ដោយសារតែជើងមិនអាចធ្វើចលនា។
យ៉ាងណាមិញ ក្រុមគ្រូពេទ្យបញ្ជាក់ថា កីឡាករថៃមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ ក្រោយពេលក្រុមគ្រូពេទ្យចំណាយពេលសម្រួលសរសៃដែលឡើងប៉ោងឱ្យដូចប្រក្រតីឡលងវិញ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ