អាជ្ញាធរលីប៊ីរាយការណ៍កាលពីថ្ងៃទី១០ មីនាថា បានចាប់នាវាដឹកប្រេងមួយគ្រឿងដែលដោតទង់ជាតិកូរ៉េខាងជើងនៅភាគខាងកើតលីប៊ី ជាមួយនឹងប្រេងបញ្ចូលក្នុងនាវានោះទិញពីពួកបះបោរដែលកាន់កាប់កំពង់ផែប្រេងជាច្រើនកន្លែងចាប់តាំងពីច្រើនខែមកហើយ។
សភាលីប៊ី ព្រមទាំងរដ្ឋាភិបាលប្រទេសនេះរាយការណ៍ថា កងកម្លាំងជើងទឹកលីប៊ី និងបណ្តាយុទ្ធជនបដិវត្តន៍បានត្រួតត្រានាវានេះ ហើយនាំទៅកាន់កំពង់ផែមួយដែលរដ្ឋត្រួតត្រា ។ចំណែកអ្នកនាំពាក្យម្នាក់របស់ពួកឧទ្ទាមទាមទារស្វ័យភាព លោកអាលី អាល់ហាស៊ី បានបដិសេធតាមទូរទស្សន៍ LIBYA AL-AHRAR ដោយអះអាងថា នាវាដឹកប្រេងនោះស្ថិតក្រោមការត្រួតត្រារបស់ខ្លួននៅឡើយនៅឯកំពង់ផែប្រេង AL-SEDER ។
រីឯអ្នកនាំពាក្យម្នាក់របស់កងម៉ារីនលីប៊ី លោកអាយូបអូម៉ាអាល់កាសេម គូសបញ្ជាក់ថា នាវានោះត្រូវដណ្តើមត្រួតត្រាដោយកងកម្លាំងស្និទ្ធរដ្ឋាភិបាល បុ៉ន្តែនៅពុំទាន់អាចចាកចេញពីបរិវេណកំពង់ផែនៅឡើយ ។មុននេះសមាជិកម្នាក់នៃគណៈកម្មាធិការគ្រប់គ្រងវិបត្តិបង្កើតឡើងដោយអាជ្ញាធរនិយាយថា នាវានោះមានសមត្ថភាពដឹកប្រេង៣៥០.០០០ធុង មានពេលផ្ទុកប្រេង២៣៤.០០០ធុង ។
សភាលីប៊ី កាលពីថ្ងៃទី១០ មីនា បានចេញបញ្ជាឱ្យបង្កើតកងកម្លាំងយោធាមួយដើម្បីវាយរំដោះកំពង់ផែប្រេង៣កន្លែងកាន់កាប់ត្រួតត្រាចាប់តាំងពីច្រើនខែមកហើយដោយពួកឧទ្ទាមទាមទារស្វ័យភាពទូលំទូលាយ និងការបែងចែកចំណូលពីការលក់ប្រេងឱ្យសមស្របនៅភាគខាងកើតលីប៊ី ។
សភានោះបញ្ជាក់ថា ប្រតិបត្តិការនឹងចាប់ផ្តើមមួយសប្តាហ៍ទៀត ។ នាវាដឹកប្រេងដោតទង់ជាតិកូរ៉េខាងជើងឈ្មោះ GLOIRE DU MATIN កាលពីចុងសប្តាហ៍កន្លងមកនេះបានទៅចតដឹកប្រេងឆៅនៅកំពង់ផែ ES SIDER ដែលរដ្ឋាភិបាលលីប៊ីចាត់ទុកថាខុសច្បាប់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ