ធនាគារពិភពលោកនិយាយកាលពីថ្ងៃចន្ទថា ខ្លួនមានគម្រោងផ្តល់ទឹកប្រាក់ចំនួន៣ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ២០១៤នេះ ដើម្បីគាំទ្ររដ្ឋាភិបាលថ្មីក្នុងប្រទេសចំពេលកំពុងកើតមានវិបត្តិ នេះបើយោងតាមសារព័ត៌មានReuters ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះក៏ធ្លាប់មានគម្រោងជាច្រើនដែរនៅក្នុងប្រទេសអ៊ុយក្រែន ។
ទឹកប្រាក់ប្រហែល២ពាន់លានដុល្លារនៅក្នុងគម្រោងនេះនឹងត្រូវចំណាយនៅក្នុងឆ្នាំនេះដែលជាផ្នែកមួយនៃគម្រោងដែលកំពុងតែដំណើរការនិងមួយចំណែកទៀតចំនួន១ពាន់លានដុល្លារនឹងត្រូវបានទៅដល់ដៃរដ្ឋាភិបាលផ្ទាល់ ប្រសិនបើខ្លួនអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ដើម្បីសម្រេចបានហិរញ្ញវត្ថុតាមលំដាប់លំដោយ ។
ក្រុមមន្ត្រីមកពីមូលនិធិរូបិយវត្ថុអន្តរជាតិកំពុងស្ថិតនៅទីក្រុងកៀវនៅសប្តាហ៍នេះដើម្បីពិភាក្សាពីគម្រោងផ្តល់កម្ចីដែលអាចទៅរួចសម្រាប់អ៊ុយក្រែន ជាទីដែលរដ្ឋាភិបាលនិយាយថា វាកំពុងតែជិតក្ស័យធនហើយ ។ ទីក្រុងកៀវក៏កំពុងដោះស្រាយជាមួយការរឹបអូសតំបន់គ្រីមេពីសំណាក់ប្រទេសរុស្ស៊ីផងដែរ ។
ការគាំទ្ររបស់IMFនាពេលនេះនឹងត្រូវកំណត់លើរដ្ឋាភិបាលដែលកំពុងធ្វើកំណែទម្រង់ជាច្រើនដូចជា ការកែប្រែតម្លៃរូបិយប័ណ្ណhryvnia និងបង្កើនតម្លៃឧស្ម័នក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបានផ្តល់ឧបត្ថម្ភធនយ៉ាងច្រើន ។ ប្រធានធនាគារពិភពលោក លោកគីម យ៉ុងជីម ថ្លែងថា យើងកំពុងបោះជំហានទៅមុខជាមួយគម្រោងរបស់យើង ហើយមានបំណងគាំទ្ររដ្ឋាភិបាលដើម្បីធ្វើកំណែទម្រង់ដែលចាំបាច់ត្រូវដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកស្ថិរភាព ៕
ចែករំលែកព័តមាននេះ