សារព័ត៌មានបរទេស កាលពីពេលថ្មីៗកន្លងមកផ្សាយដោយយោងតាមការបញ្ជាក់របស់លោកម៉ាត ហ៊ូស៊ូដាន ប៊ូឡាហ្គោទី មន្ត្រីក្រសួងទេសចរណ៍របស់នេប៉ាល់ ថា នេប៉ាល់បានចេញច្បាប់ថ្មីដែលចាប់អនុវត្តនៅខែមេសា ឆ្នាំ២០១៤ ដោយកំណត់ឱ្យអ្នកឡើងភ្នំគ្រប់រូបត្រូវប្រមូលសម្រាមដាក់តាមខ្លួនយ៉ាងតិច៨គីឡូក្រាមយកចុះមកដី ប្រសិនបើនរណាម្នាក់ប្រព្រឹត្តល្មើស នឹងត្រូវពិន័យតាមច្បាប់ ។
តាមរបាយការណ៍បញ្ជាក់ថា នៅក្នុងច្បាប់ថ្មីនោះបណ្តាអ្នកឡើងភ្នំអេវើរ៉េស (Everest) គ្រប់រូបត្រូវយកសម្រាមទម្ងន់៨គីឡូក្រាម នៅពេលត្រឡប់ចុះដី ដើម្បីធ្វើឱ្យកំពូលភ្នំដ៏ខ្ពស់នៅលើពិភពលោកនោះមានអនាម័យល្អ ។
ច្បាប់ថ្មីនោះបានប្រកាសឱ្យអនុវត្ត ចំពោះអ្នកឡើងភ្នំ ដោយចាប់ផ្តើមគិតចាប់ពីខែមេសា ឆ្នាំ២០១៤ តទៅ ព្រោះរដ្ឋាភិបាលចង់ឱ្យកំពូលភ្នំមានភាពស្រស់ស្អាត ។ អាជ្ញាធរនឹងចាត់ការចំពោះអ្នកឡើងភ្នំដែលមិនព្រមអនុវត្តតាមច្បាប់ថ្មី ដោយដាក់ទោស ឬពិន័យជាប្រាក់ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកឡើងភ្នំអេវើរ៉េស យកសម្រាមទៅបោះចោលនៅលើកំពូលភ្នំ បង្កឱ្យភ្នំនោះមានសម្រាមច្រើន រួមមានទាំងកំប៉ុងអុកស៊ីហ្សែន និងកម្ទេចកម្ទីផ្សេងទៀត ដែលមិនអាចរលួយក្នុងអាកាសធាតុដ៏ត្រជាក់បាន ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។កំពូលភ្នំអេវើរ៉េស គឺជាចំណុចរកចំណូលដ៏សំខាន់របស់នេប៉ាល់ ដោយសាររៀងរាល់ឆ្នាំមានមនុស្សជាច្រើនឡើងកម្សាន្តនៅចន្លោះពីខែមេសា ដល់ខែឧសភា ៕
ចែករំលែកព័តមាននេះ