ត្រូវ​បញ្ឈប់​ជា​បន្ទាន់ការ​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេង​ៗ


រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ចេញ​លិខិត​ជូនដំណឹង​ទៅ​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដែល​សង្ស័យ​ថា អាច​មានការ​លក់ដូរ​គ្រឿង​ចម្លាក់​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ខុស​នឹង​ច្បាប់​ព្រៃឈើ​ត្រង់​មាត្រា​៩៧ (​ចំណុច​ទី​១០) និង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា ៥៩ (​ចំណុច​ទី​៥) ។

ប្រសិនបើ​ម្ចាស់​អាជីវ​កម្មដ្ឋាន​មាន​លាក់​ទុក ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ភ្លុក​ដំរី និង​កុយរមាស​នេះ សូម​ប្រគល់​ជូន​ដល់​សមត្ថកិច្ច ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ និង​ចាប់​បាន​នឹង​ចាត់វិធានការ​ចំពោះ​ជនល្មើស​តាម​ច្បាប់​ជា​ចាំបាច់​» ។ នេះ គឺជា​ការ​ថ្លែង​គូសបញ្ជាក់​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ។ លោក​បន្ត​ថា ចំពោះ​វិធានការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​សត្វព្រៃ​ដែល​កំពុង​កើត​មាននៅ​លើ​ទឹកដី​កម្ពុជា ។ វិធានការ​ណែនាំ​នេះ​ត្រូវ​បាន​លោក​នេត្រ ភក្ត្រា ឱ្យ​ដឹង​ថា ជា​ជំហាន​ដំបូង​ក្រសួងបរិស្ថាន​បាន​ជូនដំណឹង​រួច​ហើយ ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​លក់​វត្ថុ​អនុស្សាវរីយ៍​ចំនួន​៣២​កន្លែង នៅ​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​គ្រប់​រូបភាព​លើ​ភ្លុក​ដំរី និង​កុយរមាស គឺជា​អំពើ​ខុសច្បាប់ ។

ជំហាន​បន្ទាប់​ក្រសួងបរិស្ថាន​នឹង​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពាក់ព័ន្ធ​នឹង​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស​ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រូបភាព​ផ្សេង​ទៀត​ពាក់ព័ន្ធ​សត្វព្រៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​។ ការ​ជូនដំណឹង​ដល់​ម្ចាស់​អាជីវ​កម្មដ្ឋាន​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ទាំង​អស់នេះ​ត្រូវ​បាន​លោក​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់​ឱ្យ​ដឹង​ថា ធ្វើ​ឡើង​បន្ទាប់​ពី​តាម​របាយការណ៍​អង្កេត​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់​របស់​កម្លាំង​មាន​សមត្ថកិច្ច​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​មាន​លក់​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី និង​កុយរមាស​ដែល​ច្បាប់​ហាមឃាត់ ។

ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ជា ការ​លក់ នាំ​ចូល និង​នាំ​ចេញ​នូវ​ទំនិញ​ដូច​បាន​បញ្ជាក់​ជូន​ខាងលើ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ និង​ត្រូវ​បាន​ចាត់​ចូល​ជា​ឧក្រិដ្ឋកម្ម​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។

ជាង​នេះ​ទៀត​ការ​កើត​មាននូវ​សកម្មភាព​ទាំងនេះ​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​កំពុង​រងគ្រោះថ្នាក់​ក៏​ដូច​ជា ធ្វើ​ឱ្យ​ខូច​កិត្តិ​ស័ព្ទ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។ សកម្មភាព​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់​ដ៏​តឹង​រឹង​បំផុត​» ។ លោក​បាន​លើក​ឡើ​ថា ការ​ចេញ​លិខិត​ជូនដំណឹង​នេះ ដើម្បី​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ និង​ការ​ពង្រឹង​បន្ថែម​នូវ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទល្មើស ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​សត្វព្រៃ​គ្រប់​រូបភាព​ទាំង​អស់ទាំង​កន្លែង​កែ​ច្នៃ និង​កន្លែង​លក់ ។

សូម​បញ្ជាក់​ថា កន្លង​មក អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ភ្លុក​ដំរី កុយរមាស និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី កុយរមាស​ដែល​លួច​នាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា និង​លួច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ជា​ច្រើន​ករណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ