រាជធានីភ្នំពេញ ៖ ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់មែនដែលយុវជនវ័យក្មេងម្នាក់របួសស្រាលបន្ទាប់ពីបើករថយន្តម៉ាកប្រាដូស៊េរី២០១១ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2G-1502តាមបណ្តោយផ្លូវលេខR5(តំបន់បឹងកក់)ស្ថិតនៅក្នុងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញក្នុងល្បឿនយ៉ាងលឿនហើយរេចង្កូតទៅបុករបងថ្មទាំងកំរោលបណ្តាលឱ្យបាក់ហើយរថយន្តផ្អៀងបះកង់ពីរ។
សាក្សីដែលបានឃើញហេតុការណ៏បានប្រាប់ឱ្យសមត្ថកិច្ចដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់អាយុប្រមាណ២០ឆ្នាំបើកបររថយន្តម៉ាកប្រាដូពណ៌ខ្មៅតាមផ្លូវR5(តំបន់បឹងកក់)ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញបើកបរពីទិសខាងលិចមកទិសខាកកើតក្នុងល្បឿនយ៉ាងលឿនស្រាប់តែមកដល់ផ្លូវកោងរថយន្តក៏រេចង្កូតមកខាងឆ្វេងដៃមិនដឹងមូលហេតុក៏បានបុករបាំងថ្មពេញទំហឹងហ៊ុយដីសំពោង។ពេលនោះអំណាចល្បឿនលឿនធ្វើឱ្យរថយន្តក្រឡាប់បះកង់ពីរហើយបែក្បាលរថយន្តមកទិសខាងលិចវិញ។ភ្លាមៗនោះអ្នកបើកបររថយន្តវ័យក្មេងបានលូនចេញមកក្រៅតាមទ្វារថយន្តខាងឆ្វេងដៃតែពុំមានរបួសធ្ងន់ធ្ងរទេគ្រាន់តែរលាត់ស្បែកប្រអប់ជើងខាងស្តាំតិចតួចតែប៉ុណ្ណោះ។
យុវជនបើករថយន្តក្រឡាប់ដែលមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថាមូលហេតុដែលបណ្តាលឱ្យរថយន្តជ្រុលចង្កូតទៅបុករបាំងថ្មនិងក្រឡាប់បះកង់ទាំងពីរគឺដោយសារដីហ៊ុយខ្លាំងពេក។រថយន្តបង្កត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយសំណងរបងថ្មដែរបាក់។
ចែករំលែកព័តមាននេះ