ភាពបត់បែនក្នុងការធ្វើការម្នាក់ឯង និងនៅកន្លែងណាក៏បាន គឺជាអ្វីដែលបុគ្គលិកជាច្រើនស្រលាញ់ចង់បាន ។ ប៉ុន្តែបើយោងទៅតាមអ្នកស្រី Suzy Welch ដែលជាសហស្ថាបនិកវិទ្យាស្ថាន Jack Welch Management Institute និងជាអ្នកនិពន្ធមួយរូបបានឲ្យដឹងថា វាអាចសម្លាប់ការងាររបស់អ្នកទៅវិញ ។
អ្នកស្រីបានប្រាប់ដល់ CNBC Make It ថា «ខ្ញុំយល់ថា ក្នុងនាមជាបុគ្គលិកម្នាក់ ពេលខ្លះធ្វើការម្នាក់ឯង គឺជាជម្រើសតែមួយគត់ដែលអាចឲ្យអ្នកធ្វើការបាន ។ ហើយខ្ញុំក៏យល់ដែរថា ក្នុងនាមជាចៅហ្វាយមួយរូប ពេលខ្លះមានតែការធ្វើការម្នាក់ឯងទេ ដែលអនុញ្ញាតឲ្យអ្នកទទួលបានអ្នកធ្វើការដែលអ្នកត្រូវការ» ។
ប៉ុន្តែអ្នកស្រីបានបន្តថា វាអាចបង្កផលប៉ះពាល់ជាច្រើនព្រោះការងារដែលល្អបំផុត ឬការងារដែលសំខាន់បំផុតមិនដែលធ្វើឡើងតាមរយៈទូរស័ព្ទដៃ អ៊ីមែល ឬតាម Slack ទេ ។ ផ្ទុយមកវិញ ការងារទាំងនោះអាចកើតមានឡើងបានតាមរយៈទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ព្រមទាំងការយល់ដឹងរវាងមនុស្សនឹងមនុស្ស ហើយវាអាចកើតមានឡើងពេលដែលយើងមើលឃើញគ្នាដោយផ្ទាល់ប៉ុណ្ណោះ ។ លើសពីនេះទៅទៀតក្រុមការងារដែលល្អគឺត្រូវបានបង្កើតឡើងតាមរយៈពេលសម្រាកពេលបាយថ្ងៃត្រង់ពេលធ្វើការដល់យប់ជ្រៅ និងការចែករំលែករឿងកំប្លែងផ្សេងៗជាដើម ។ សកម្មភាពទាំងនេះកសាងជំនឿចិត្តបន្តិចម្តងៗ ហើយវាជាកត្តាដែលជួយដល់ការងាររបស់អ្នក ។
យ៉ាងណាក្តី អ្នកស្រី Welch បានបន្ថែមថា ប្រសិនបើអ្នកពេញចិត្តនឹងការងារបច្ចុប្បន្នរបស់អ្នក ឬអ្នកមិនចាប់អារម្មណ៍ក្នុងការក្លាយជាអ្នកដឹកនាំមួយរួបទេនោះ ការធ្វើការម្នាក់ឯងប្រហែលជាជម្រើសល្អមស្រាប់អ្នកហើយ ។ ប៉ុន្តែប្រសិនបើអ្នកចង់ឡើងតំណែង និងក្លាយជាអ្នកដឹកនាំក្នុងស្ថាប័នការងាររបស់អ្នកអ្នកត្រូវតែនៅក្នុងការិយាល័យធ្វើការ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ