រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់ត្រូវប៉ូលិសខណ្ឌសែនសុខចាប់ខ្លួនជាបន្តបន្ទាប់កាលពីល្ងាច ថ្ងៃទី៩ មីនា ២០១៤ ពីបទជួញដូរគ្រឿងញៀន និងផ្តល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយរឹបអូសបានថ្នាំញៀន៥កញ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។
ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះយឹន ភក្ត្រា ភេទប្រុស អាយុ២០ឆ្នាំ,២-ឈ្មោះឃ្លាំង ចរណ់ ភេទប្រុស អាយុ២១ឆ្នាំ, ៣-ឈ្មោះយ៉ត់ សៅរិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៤-ឈ្មោះសុខ ឃីម ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង៥-ឈ្មោះសាន់ សាញ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ប៉ូលិសបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ ប៉ូលិសរឹបអូសបានថ្នាំញៀនម៉ាទឹកកកក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច និងឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀនចំនួន១១កំប្លេ ព្រមទាំងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនទៀតដូចជាជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ទូរស័ព្ទ៣គ្រឿង និងម៉ូតូ១គ្រឿងទៀត។
ចែករំលែកព័តមាននេះ