រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីកាលពីថ្ងៃទី១០ មីនា ២០១៤ នេះ បានសម្រេចឃុំខ្លួនជនជាតិបរទេស២នាក់ ម្នាក់ជាជនជាតិអាមេរិកកាំង និងម្នាក់ទៀតជាជនជាតិហូឡង់ ពីបទលួច (លួចបារីចំនួន១៧០សុង) នៅផ្សារផារ៉ាហ្គន ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ BECKER JOHAN ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិហូឡង់ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះលេខ២២៣E2 ផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ JEFFREY ALAN AD AMS ហៅ JEFF ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអាមេរិកកាំង ជាភ្ញៀវទេសចរដូចគ្នា និងស្នាក់នៅមិនពិតប្រកដ ។
អង្គហេតុបណ្តាលឱ្យតុលាការឃុំខ្លួនជនជាត់បរទេស២នាក់នេះ នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានគេដឹងថា គឺកាលពីថ្ងៃទី៧ មីនា ២០១៤ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនពួកគេ២នាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះស៊ា ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារផារ៉ាហ្គន ដែលបានប្តឹងជនជនជាតិបរទេស២នាក់នោះថា បានបន្លំលួចយកបារីដាក់តាំងលក់នៅតូបក្នុងផ្សារជាច្រើនលើក សរុប១៧០សុង ។
ប្រភពបន្តថា កន្លងមកម្ចាស់តូបបានបាត់បារីគ្រប់ប្រភេទជាញឹកញាប់កាលពីនៅថ្ងៃទី៣ មីនា ២០១៤ នេះបានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនបរទេសទាំង២ឧស្សាហ៍ទៅទិញ ថែមទាំងបានឃើញសកម្មភាពរបស់ពួកគេលួចយកបារីច្រើនលើ កចាប់តាំងពីថ្ងៃទី២០ កុម្ភៈ ២០១៤ មក ។ ពាក្យបណ្តឹងដែលម្ចាស់បារីបានប្តឹងសមត្ថកិច្ចបញ្ជាក់ទៀតថា ពេលឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្សយ័២នាក់នោះ លួចចំនួន៦លើក លើកទី១-លួចបារី៥៥៥ ចំនួន៤៩សុង លើកទី២-លួចបារី ម៉ាកម៉ាយសឺវ៉េនចំនួន៦៥សុង លើកទី៣-លួចបារីម៉ាកម៉ាបូរ៉ូចំនួន៤១សុង លើកទី៤-លួចបារីដាវីដុសចំនួន១២សុង លើកទី៥-លួចបារីម៉ាកអង្គរចំនួន២សុង និង លើកទី៦-លួចបារីម៉ាកកូរ៉េចំនួន១សុង ។
ចែករំលែកព័តមាននេះ