រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប៉ូលិសចាប់ខ្លួនកាលពីរសៀលថ្ងៃទី៩ មីនា ២០១៤ ពីបទពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ស្ត្រីដែលប៉ូលិសចាប់ខ្លួនឈ្មោះកែវ ស្រីល័ក្ខ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ នាងបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំង និងអួលដើម.កថា ក្រោយពីលែងលះគ្នាជាមួយប្តីនៅឯស្រុកកំណើតដោយបន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំទៅហើយនោះនាងបានផ្ញើកូនស្រីនៅជាមួយម្តាយបង្កើត ហើយបានចាកចេញពីស្រុកកំណើតមករកការងារធ្វើនៅរាជធានីភ្នំពេញ។ នាងបន្តថា ពេលមកដល់ភ្នំពេញដំបូងនាងបានធ្វើជាកម្មការិនីកាត់ដេរនៅរោងចក្រមួយនៅម្តុំផ្លូវវេងស្រេងអស់ជាច្រើនខែ ប៉ុន្តែដោយសារប្រាក់ខែតិចចាយមិនគ្រាន់ ហើយមានមិត្តភក្តិម្នាក់ប្រាប់នាងថាទៅរកស៊ីជាមួយគេរកលុយបានងាយស្រួល នាងក៏ទៅជាមួយ ទីបំផុតគឺគេនាំនាងទៅរកស៊ីបម្រើផ្លូវភេទនៅតាមសួនច្បារម្តុំស្ថានីយរថភ្លើង(សួនច្បារផ្សារចាស់)។
នាងបានបន្តទៀតថា នៅរយៈពេលមួយខែមុននេះនាងត្រូវបានបុរសម្នាក់ជាអ្នកជួញដូរគ្រឿងញៀនយកនាងទៅរួមភេទជាមួយដោយឱ្យតម្លៃ២០ដុល្លារជារៀងរាល់យប់ ប៉ុន្តែពេលទៅយូរៗទៅក្លាយជាគូសង្សារនឹងគ្នាក៏បានជួលបន្ទប់ស្នាក់នៅជាមួយគ្នាក្នុងតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្វីដែលនាងស្មានមិនដល់ នៅរសៀលថ្ងៃទី៩ មីនា ២០១៤ ស្រាប់តែប៉ូលិសបានចុះទៅចាប់នាងនៅក្នុងបន្ទប់ផ្ទះជួលពីបទពាក់ព័ន្ធជាមួយថ្នាំញៀន ចំណែកគូស្នេហ៍របស់នាងបានរត់គេចខ្លួនបាត់។
នាងបញ្ជាក់ថា នាងត្រូវបានបុរសជាគូស្នេហ៍បង្ខំឱ្យប្រើប្រាស់ថ្នាំញៀនរៀងរាល់ថ្ងៃ។ បច្ចុប្បន្នប៉ូលិសកំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ