ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០​មិន​ចុះសម្រុង​គ្នា​លើ​របៀបវារៈ​នយោបាយ និង​សន្តិសុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA)​លើក​ទី​៤០ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​មិន​បាន​ចុះសម្រុង​គ្នា​លើ​របៀបវារៈ​ស្តី​ពី​នយោបាយ និង​សន្តិសុខ​នោះ​ទេ ដោយ​សម្រេច​លុប​ចោល ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​សភា​កម្ពុជា​ដែល​ចូលរួម​ប្រជុំ ។…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន (AIPA)​លើក​ទី​៤០ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​មិន​បាន​ចុះសម្រុង​គ្នា​លើ​របៀបវារៈ​ស្តី​ពី​នយោបាយ និង​សន្តិសុខ​នោះ​ទេ ដោយ​សម្រេច​លុប​ចោល ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​សភា​កម្ពុជា​ដែល​ចូលរួម​ប្រជុំ ។

លោក ឈាង​វុន ប្រធាន​គណៈកម្មការ​សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង​ស​ន្និសិត​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៣០ សីហា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​ប្រតិបត្តិ AIPA បាន​ជជែក​គ្នា​យ៉ាង​ខ្លាំង ដើម្បី​រៀបចំ​របៀបវារៈ ដើម្បី​ដាក់​ចូល​ក្នុង​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា AIPA ។ លោក​បន្ត​ថា ក្នុង​របៀបវារៈ​មួយ​ក្នុង​កិច្ចប្រជុំ​មានការ​តឹងតែង គឺ​គណៈកម្មការ​អចិន្ត្រៃយ៍​នយោបាយ និង​សន្តិសុខ​របស់​អាស៊ាន​មានការ​លំបាក ហើយ​សមាជិក​ទាំង​១០​ប្រទេស​របស់ AIPA បាន​ជជែក​គ្នា​មិន​ត្រូវ​គ្នា ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​លើ​មក​ដាក់​ក្នុង​របៀបវារៈ ហើយ​ត្រូវ​ជំ ទាស់​ដោយ​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន ពាក់ព័ន្ធ​ការងារ​សង្គម​របស់​ជនជាតិ ដែល​ត្រូវ​បាន​គេចខ្លួន​ដោយ​ការ​ភ័យ​ខ្លាច​របស់​ជនជាតិ​រ៉ុយ​ហ្គា​ជាង​១​លាន​នាក់ ។

លោក​បាន​បញ្ជាក់​ថា ចំណុច​នេះ​គណៈកម្មការ​អចិន្ត្រៃយ៍ AIPA បាន​សម្រេច​មិន​យក​រឿង​នេះ​មិន​ជជែក​គ្នា​នោះ​ទេ ព្រោះ​នាំ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​របស់ AIPA ។ លោក​ឈាង វុន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ​គណៈកម្មការ​អចិន្ត្រៃយ៍​នយោបាយ​របស់ AIPA ត្រូវ​បាន​លុយ​ចោល​តែ​ម្តង​កុំ​ឲ្យ​មានការ​បែកបាក់​គ្នា ។ នេះ​ជា​រឿង​ធំ​មួយ​របស់ AIPA ។

ខ្ញុំ​សូម​បញ្ជាក់​ថា ការងារ​នេះ​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ យើង​មានការ​ពិបាក​មែន ព្រោះ​ឥណ្ឌូ​នេ​ស៊ី​មាន​ប្រជាពលរដ្ឋ​ឥ​ស្លា​ម​ជាង​២០០​លាន​នាក់ អី​ញ្ចឹ​ង​គាត់​ចង់ ឬ​មិន​ចង់​គាត់​មាន​ចំណែក​ធំ​មួយ​របស់​អាស៊ាន​យើង​ដែល​ដើរតួ​នាទី​ចម្បង ហើយ​ជនជាតិ​រ៉ុយ​ហ្គា កាន់សាសនា​ឥ​ស្លា​ម​» ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ចប្រជុំ​មានការ​ប្រឈម​គ្នា​ខ្លាំង​មាន​ទែន​ដោយ​ប្រធាន​គណៈប្រតិភូ​សភា​មី​យ៉ា​ន់​ម៉ា​មិន​ទទួលយក​សំណើរ​ពាក់ព័ន្ធ​រឿង​នេះ​បាន​ទេ ។ចំណែក​ភាគី​ឥណ្ឌូ​នេ​ស៊ី​បាន​លើក​ឡើង​ថា ប្រសិនបើ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​រឿង​នឹង​មក​និយាយ​ទេ​គាត់​នឹង​ត្រឡប់​ទៅ​ប្រទេស​វិញ ។

លោក​ឈាង វុន ឲ្យ​ដឹង​ទៀត​ថា រឿង​នយោបាយ និង​សន្តិសុខ គឺជា​រឿង​មួយ​ដែល​តានតឹង​ដូចនឹង​រឿង​ឈូង​សមុទ្រ​ចិន​ខាងត្បូង​អី​ញ្ចឹ​ង ។ រឿង​ឈូង​សមុទ្រ​ចិន​ខាងត្បូង​នេះ​មិន​ត្រូវ​បាន​លើក​ក្នុង​កិច្ចប្រជុំ AIPA នោះ​ទេ ប៉ុន្តែ​គណៈប្រតិភូ​វៀតណាម​លើក​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​AIPA ចិន ឬ​អាយ​ប៉ា​ចិន​ធ្វើ​ឲ្យ​ភាគី​ចិន​មិន​សប្បាយចិត្ត​ផង​ដែរ ។ ប្រទេស​ដែល​ចូលរួម​កិច្ចប្រជុំ​មាន​១៥​ប្រទេស ក្នុង​នោះ​ប្រទេស​ជា​សមាជិក​AIPA ចំនួន​១០​ប្រទេស និង​ប្រទេស​ជា​អ្នក​សង្កេតការណ៍​ចំនួន​៥ ។

សូម​ជម្រាប​ថា​សមាជិក ១០​ប្រទេស​ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ មាន​ប្រទេស​ប្រ៊ុ​យ​ណេ កម្ពុជា ឥណ្ឌូ​នេ​ស៊ី ឡាវ ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា សឹ​ង្ហ​បុរី ថៃ វៀតណាម និង​ហ្វី​លី​ពី​ន បាន​ជួប​ប្រជុំ​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​ថៃ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង AIPA និង​អាស៊ាន ។ ភាព​ជា​ដៃគូ​រវាង AIPA ជាមួយ​ប្រទេស​និង​អង្គការ​ជា​ដៃគូ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​អន្តរជាតិ​ដូច​ជា បញ្ហា​ស្ត្រី កុមារ ពាណិជ្ជកម្ម សន្តិសុខ បរិស្ថាន និង​គ្រឿងញៀន​ជាដើម​៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ