ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១០ មីនា ២០១៤ ក្រោយពីឃាត់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងដំណាំកញ្ឆាស្រស់ចំនួនជិត២ម៉ឺនដើមជាប្រភេទគ្រឿងញៀនដែលជននេះ បានលួចដាំដោយខុសច្បាប់ជិត២ឆ្នាំកន្លងទៅនេះ ហើយទើបបែកធ្លាយដល់សមត្ថកិច្ច ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះឃិន ថាវី អាយុ៥៣ឆ្នាំ នៅភូមិសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ។ ជននេះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី៨ មីនា ក្រោយពីសមត្ថកិច្ចរកឃើញថា ជននេះ បានសម្ងំលួចដាំដើមកញ្ឆារាប់ពាន់ដើមនៅក្នុងដីចំការរបស់ខ្លួន ។ សមត្ថកិច្ចនិយាយថា ជននេះបានដាំដើមកញ្ឆាស្រស់ដែលច្បាប់បានហាមឃាត់ជិត២ម៉ឺនដើម នៅលើដីចំការរបស់ខ្លួននៅក្នុងភូមិ-ឃុំខាងលើ ដើម្បីធ្វើជាអាជីវកម្មក្នុងទ្រង់ទ្រាយធំលក់បន្តទៅឱ្យឈ្មួញ ។ តាមការពិនិត្យជាក់ស្តែង នៅក្នុងចំការរបស់បុរសនេះ គេរកឃើញដំណាំកញ្ឆាស្រស់ទាំងតូច ទាំងធំប្រមាណជិត២ម៉ឺនដើម និងមានទីតាំងសម្រាប់ផលិតដើមកញ្ឆាក្រៀម ដើម្បីវេចខ្ចប់សម្រាប់លក់បន្តទៅឱ្យឈ្មួញទៀតផង ។
ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យឈ្មោះឃិត ថាវី បាននិយាយថា ដោយសារមានអ្នកមកទំនាក់ទំនងខ្លួនរកទិញកញ្ឆាក្រៀមក្នុងតម្លៃខ្ពស់ ទើបក្នុងអំឡុងឆ្នាំ២០១៣ ខ្លួនចាប់ផ្តើមដាំដំណាំនេះ ប៉ុន្តែកាលណោះបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង ។ បុរសនេះបញ្ជាក់ថា នេះជាការដាំលើកទី២ ដែលខ្លួនលួចដាំបានជិត២ម៉ឺនដើម ដែលដើមកញ្ឆាខ្លះអាចលក់បាន និងខ្លះកំពុងបណ្តុះនៅក្នុងថ្នាលនៅឡើយ លុះនៅរសៀលថ្ងៃទី៨ មីនា ក៏ត្រូវសមត្ថកិច្ចមកដកបំផ្លាញចោលអស់គ្មានសល់ ។ ជននេះបញ្ជាក់ថា អតិថិជនដែលកុម្ម៉ង់ទិញកញ្ឆាក្រៀមពីខ្លួន គឺមកពីខេត្តព្រះវិហារ ដោយកញ្ឆាក្រៀមហាន់ឱ្យហ្មត់វេចខ្ចប់ជាស្រេច១គីឡូក្រាម ថ្លៃ១០០ដុល្លារ ។
ចែករំលែកព័តមាននេះ