អាជ្ញាធរលីប៊ីរាយការណ៍ថា កងម៉ារីនលីប៊ី និងពួកជីវពលស្និទ្ធរដ្ឋាភិបាល កាលពីថ្ងៃទី៩ មីនា បានបញ្ជូនបណ្តានាវាចម្បាំងទៅកាន់ទីក្រុងកំពង់ផែ ES SIDER ដែលស្ថិតក្នុងកណ្តាប់ដៃរបស់ពួកឧទ្ទាមភាគខាងកើតលីប៊ី ដើម្បីរារាំងកុំឱ្យនាវាដោតទង់ជាតិកូរ៉េខាងជើងមួយដឹកប្រេងឆៅចេញពីទីនោះ ។
ចំណែកពួកឧទ្ទាមវិញប្រកាសថា រាល់ការបុ៉នប៉ងរបស់កងទ័ពរដ្ឋាភិបាល ចង់ចាត់ការនាវាដឹកប្រេងនោះមានន័យស្មើនឹងការប្រកាសសង្គ្រាមមួយ ។ លោក ABB RABBO AL BARASSI នាយករដ្ឋមន្ត្រីប្រកាសដោយខ្លួនឯងរបស់ពួកឧទ្ទាម បានព្រមានយ៉ាងខ្លាំងចំពោះកងម៉ារីនលីប៊ីថា កុំឱ្យប៉ះពាល់នាវាដឹកប្រេងចតនៅកំពង់ផែ ES SIDER នេះ ។ ក្នុងសេចក្តីប្រកាសមួយលោកបញ្ជាក់ថា ការធ្វើអន្តរាគមន៍បែបនេះនឹងជាការប្រកាសសង្គ្រាមមួយ ។
នាវាដឹកប្រេងឈ្មោះ GLOIRE DU MATIN បានមកចតនៅកំពង់ផែ ES SIDER កាលពីថ្ងៃទី៨ មីនា ។ កំពង់ផែនេះជាកំពង់ផែមួយក្នុងចំណោមកំពង់ផែ៣ កាន់កាប់ដោយពួកឧទ្ទាមដែលទាមទារស្វ័យភាពកាន់តែធំ និងឱ្យមានការបែងចែកប្រាក់ចំណូលពីការលក់ប្រេងឱ្យកាន់តែប្រសើរ ។ នាយករដ្ឋមន្ត្រីលីប៊ី លោកអាលីហ្សឺអុីដាន កាលពីថ្ងៃទី៨ មីនា បានព្រមានថា កងទ័ពនឹងមិនរារែកឡើយក្នុងការកម្ទេចនាវាដឹកប្រេងចំណុះ៣៧.០០០តោននោះ ប្រសិនបើនាវានេះបុ៉នប៉ងចាកចេញពីកំពង់ផែ ក្រោយផ្ទុកប្រេងឆៅពេញ ៕
ចែករំលែកព័តមាននេះ