រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Levi Strauss & Co បានសម្តែងការព្រួយបារម្ភពីស្ថានភាពកេរ្តិ៍ឈ្មោះទំនិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដោយសារតែបញ្ហាបាតុកម្ម ។ នេះជាការព្រួយបារម្ភរបស់ក្រុមហ៊ុនមួយ ដែលជាអ្នកបញ្ជាទិញទំនិញពីប្រទេសកម្ពុជា និងបានធ្វើទ្បើងក្នុងជំនួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី៦ មីនា នៅទីស្តីការក្រសួង ។
ថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក Michael Kobori អគ្គនាយករងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់របស់សហរដ្ឋអាេមរិកដ៏ធំមួយពីកម្ពុជា លោករដ្ឋមន្ត្រី អិុត សំហេង មាន ប្រសាសន៍ថា បន្ទាប់ពីមានការខិតខំប្រឹងប្រែងសម្របសម្រួលជាមួយភាគីខាងនិយោជក នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំទ្បើងប្រាក់ឈ្នួលដល់កម្មករនិយោជិត វាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជាពីប្រាក់ឈ្នួល៩៥ដុល្លារ ដល់១០០ដុល្លារ ។ លោកបានស្តីបន្ទោសថា ដោយសារតែមានការលូកដៃចូលពីគណបក្សនយោបាយ និងសហជីពខ្លះ បានបន្តអូសទាញនិងបង្ខំកម្មករឱ្យធ្វើបាតុកម្មកាន់តែខ្លាំងក្លាទ្បើង ទើបមានការប៉ះទង្គិចគ្នា កាលដើមខែមករា កន្លងទៅ ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ចំណែក២៣នាក់ត្រូវបានឃាត់ខ្លួន តែរហូតមកដល់ពេលនេះ បានដោះលែង២នាក់ហើយ ។ លោករដ្ឋមន្ត្រីបានបង្ហាញជំហរថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបង្ហាញឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រាក់ឈ្នួលបន្ត ។
លោក Michael Kobori អគ្គនាយករងក្រុមហ៊ុន Levi Strauss & Co មានប្រសាសន៍ថា លោកបានយល់ច្បាស់ពីសភាពការណ៍ពិតនៃការវិវឌ្ឍន៍ដំទ្បើងប្រាក់ឈ្នួល ក្នុងវិស័យការងារនៅកម្ពុជា ។ លោកឱ្យដឹងថា កាលពី២២ឆ្នាំមុន Levi បានក្លាយជាក្រុមហ៊ុនទីមួួយនៅលើពិភពលោក ដែលគិតពីលក្ខខណ្ឌការងារ បញ្ហាបរិស្ថាន និងសុខភាពកម្មករ ហើយLevi មាន៤៣ប្រទេសផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ឱ្យក្នុងនោះកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេស១៥ ដែលLevi ទទួលបានប្រាក់ចំណូលច្រើនជាងគេ ។ លោកបញ្ជាក់ថា លោកចង់ឃើញកម្ពុជាបញ្ចប់បញ្ហានេះ ដើម្បីឈានទៅរកភាពធម្មតាវិញ ព្រោះលោកមានការព្រួយបារម្ភពីស្ថានភាពកេរ្តិ៍ឈ្មោះទំនិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដោយសារតែបញ្ហាបាតុកម្ម ប៉ុន្តែលោកពិតជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានដោះស្រាយបញ្ហានេះបានទាន់ពេលវេលាប្រកបដោយភាពវិជ្ជមាន ។
លោក អុិត សំហេង ឱ្យដឹងទៀតថា ក្រសួងនឹងបន្តធ្វើការជាមួយក្រសួងពាក់ព័ន្ធសំដៅធ្វើយ៉ាងណាឱ្យមានការដោះស្រាយនូវបញ្ហាការងារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរទ្បើង ។ ប៉ុន្តែលោករដ្ឋមន្ត្រី ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះសហជីពមួយចំនួនដែលមាននិន្នាការនយោបាយ និងមិនព្រមទទួលយកដំណោះស្រាយរបស់ក្រសួង បើទោះជារាជរដ្ឋាភិបាលដំទ្បើងប្រាក់ឈ្នួលមួយកម្រិតទៀតយ៉ាងណាក្តី ។ កន្លងមកក៏មាននិយោជកជាច្រើន បានជំរុញឱ្យរាជរដ្ឋាភិបាលដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះសហជីពណាដែលកំពុងធ្វើការដឹកនាំកម្មករធ្វើបាតុកម្ម ។
សូមបញ្ជាក់ថា ទោះបីជាមានសហជីពមួយចំនួន បានទទួលយកការដំទ្បើងប្រាក់ខែ ប៉ុន្តែក៏មានសហជីពមួយចំនួនដែលគាំទ្រពីកម្មករនៅតែបន្តការទាមទារដំទ្បើងប្រាក់ខែគោលឱ្យបាន១៦០ដុល្លារ ដែលបញ្ហានេះ បានកើតមានភាពចម្រូងចម្រាសនៅទ្បើយ ៕
ចែករំលែកព័តមាននេះ