រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៧ មីនា តុលាការសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង លោក ខៀវ ផល្លា បានចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលើផ្ទៃដីជាង៤ហិកតានៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ ។ ដីមានបញ្ហានេះ តាមពិតជាក់ស្តែងមានម្ចាស់កាន់កាប់ជាឡូតិ៍តូចៗជាង៤០០គ្រួសារ យូរមកហើយ ក្នុងនោះក៏មានម្ចាស់ដើមចេញមុខជំទាស់ចំពោះដីកាសម្រេចនេះថា មានការឃុបឃិតគ្នារវាងមន្រ្តីសុរិយោដីជាមួយនិងដើមបណ្តឹងរដ្ឋប្បវេណីក្នុងការក្លែងឯកសារ ដើម្បីធ្វើប្លង់កាន់កាប់លើដី ដោយគ្មានការឯកភាពពីម្ចាស់ដើម ។
ជុំវិញរឿងរ៉ាវខាងលើនេះ មន្រ្តីក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញបានអានដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នឲ្យអ្នកដែលរស់នៅនិងកាន់កាប់លើដីទំនាស់នៅតំបន់នោះ បានស្តាប់ ហើយហាមឃាត់មិនឲ្យមានការសាងសង់សំណង់ផ្សេងៗលើដីទំនាស់ និងមិនឲ្យស្នាក់នៅក្នុងដីទំនាស់នោះទៀតឡើយ ។ យោងតាមដីកាសម្រេចខាងលើនេះ លោកក្រឡាបញ្ជីដដែលបានជម្រាបជូនទៅអ្នកដែលកំពុងកាន់កាប់ដីនៅតំបន់នោះថា បើបងប្អូនកើតទុក្ខមិនសុខចិត្តដោយប្រការណាមួយ សូមយកឯកសារពាក់ព័ន្ធទៅដាក់ពាក្យបណ្តឹងប្តឹងជំទាស់នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតុលាការសម្រេចរឿងក្តីនេះជាថ្មីនៅពេលក្រោយ ។ បើតុលាការរកឃើញថាបុគ្គលណាមួយជាម្ចាស់ដីពិតប្រាកដត្រឹមត្រូវតាមច្បាប់នោះ តុលាការនឹងចេញដីកាថ្មីឲ្យមន្រ្តីតុលារចុះអនុវត្តដីកាសម្រេចជាថ្មីឡើងវិញ នៅពេលក្រោយទៀតជូនបងប្អូនម្ចាស់ដីពិតប្រាកដ ។
សូមបញ្ជាក់ថា ខ្លឹមសារដីកាដែលចុះអនុវត្តនាងលើនេះគឺមានម្ចាស់បំណុលឈ្មោះចៅ ដូម៉ានេត្រ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៩០Eo ផ្លូវលេខ១៣៩ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងមានលោក ជា ភារ៉ា ជាមេធាវីតំណាងដោយអាណត្តិ ដែលមានឯកសារបញ្ជាក់ថា ខ្លួនជាម្ចាស់អចលវត្ថុខាងលើនេះលេខភព១៩៩០៦ចុះថ្ងៃទី១០មករា ឆ្នាំ២០១៤ នេះ។ រីឯកូនបំណុលក្នុងរឿងក្តីនោះឈ្មោះ ផេង សុង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជុំវិញរឿងរ៉ាវខាងលើនេះ ដើមបណ្តឹងមិនអាចទំនាក់ទំនងសុំការបំភ្លឺឲ្យលម្អិតបានឡើយ ។ ដោយឡែកភាគីម្ចាស់ដីជាច្រើនគ្រួសារទៀតកំពុងកាន់កាប់លើទីតាំងដីជាង៤ហិកតា ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យនោះ បានរៀបរាប់ថាពួកខ្លួនទិញលក់ដីតៗគ្នា ជាឡូតិ៍តាំងពីអំឡុងឆ្នាំ២០០៤មកម្លេ៉ះ ដោយមានការទទួលដឹងឮជាលាយលក្ខណ៍អក្សរពីអាជ្ញាធរសង្កាត់ ខណ្ឌ គ្រប់ៗគ្នា ហេតុម្តេចពេលនេះបែរជាត្រូវតុលាការចុះមកហាមឃាត់ជាបណ្តោះអាសន្នតាមដីការខាងលើទៅវិញ ។ ប្រការនេះពួកគាត់ក៏មិនសុខចិត្តដែរ គឺត្រូវប្រមូលគ្នាទៅប្តឹងជំទាស់ និងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលចុះមកអនុវត្តលើដីជាកម្មសិទ្ធិរបស់ពួកគាត់ជាង៤០០ម្ចាស់កាន់កាប់១០ឆ្នាំមកហើយ ។
តំណាងម្ចាស់ដីម្នាក់ក្នុងចំណោមម្ចាស់ដីជាង៤០០គ្រួសារនៅតំបន់ខាងលើឈ្មោះផេង សុងភេទ ប្រុសអាយុ៥១ឆ្នាំ បានរៀបរាប់ថា គាត់បានទិញដីខាងលើដែលមានទំហំ៧២ហិកតាពីក្រុមហ៊ុន ស៊ី វី ខា (CIVICA ) តាំងពីឆ្នាំ២០០៤ មកម្លេ៉ះដោយមានប្លង់ស្លាបមាន់ជាសម្គាល់កម្មសិទ្ធិស្របច្បាប់និងឯកសារពាក់ព័ន្ធស្របច្បាប់តាំងពីពេលនោះរហូតមកដោយមិនដែលមានទំនាស់អ្វីទាំងអស់ ទើបរូបលោកបានពុះជាឡូតិ៍លក់តៗគ្នាទៅឲ្យម្ចាស់ផ្សេងអស់ទៅហើយក្នុងនោះរាប់ទាំងដីជាង៤ហិកតាដែលលក់ទៅឲ្យម្ចាស់ផ្សេងគ្នាកាន់កាប់ជាង៤០០ម្ចាស់ បើគិតរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏មិនដែលមានទំនាស់អ្វីកើតឡើងដែរ ។ តំណាងដដែលបានរៀបរាប់បន្តថា ក្នុងចន្លោះពេលដែលលោកទិញលក់តាំងពីឆ្នាំ២០០៤ មកនោះគឺនៅថ្ងៃទី១៣ មករា ឆ្នាំ២០០៩ លោកបានយកប្លង់ដីដែលមានទំហំជាង៤ហិកតានេះទៅផ្ញើឲ្យឈ្មួញម្នាក់ឈ្មោះ ឈិត វិសុទ្ធ ជាអាជីវករនិងលោក ឈិត បូរ៉ាវុធ ដែលជាមេធាវីនៃគណៈមេធាវីកម្ពុជា ។ បច្ចុប្បន្ននៅមានឯកសារភ័ស្តុតាងគ្រប់គ្រាន់ទាំងអស់ ដូច្នេះករណីនេះម្ចាស់ដីទាំងអស់នឹងប្តឹងជំទាស់ចំពោះដីកាសម្រេចរបស់តុលាការ និងសុំឲ្យតុលាការជួយសើរើស្រាវជ្រាវរឿងក្តីខាងលើនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនពួកគាត់ ក៏ដូចជាម្ចាស់ដីដ៏ទៃទៀតជាង៤០០គ្រួសារនៅតំបន់នោះ ។
តាមប្រភពព័ត៌មានមួយដែលបង្ហើបជុំវិញរឿងក្តីទំនាស់ដីធ្លីខាងលើនេះ បានឲ្យដឹងថា លោកឈិត បូរ៉ាវុធ បានទទួលស្គាល់ថា លោកបានទទួលប្លង់ដីស្លាបមាន់ច្បាប់ដើមលើទីតាំងដីជាង៤ហិកតានៅភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ ពីតំណាងម្ចាស់ដីទាំងអស់នោះពិតប្រាកដមែន ។ ប៉ុន្តែក្រោយមកមានបុគ្គលឈ្មោះ តាន់ ឫទ្ធី ឈ្មោះហាក់ គឹមហួរ និងឈ្មោះ ព្រុំ សុផាត បានមកខ្ចីប្លង់ដីនោះពីរូបលោកថាយកទៅឲ្យឈ្មួញមើល ដើម្បីលក់ដីមួយប្លង់នោះ ហើយបើសិនជាត្រូវគ្នាគឺត្រូវកាត់ប្លង់ជាមួយម្ចាស់ដើមឈ្មោះផេង សុង ដែលមានឯកសារទិញលក់ពីម្ចាស់ដើមដំបូងបំផុតត្រឹមត្រូវតែបែរជាបុគ្គលទាំង៣ឈ្មោះនេះ ឃុបឃិតគ្នាជាមួយមន្រ្តីជំនាញយកទៅធ្វើឯកសារធ្វើប្លង់កម្មសិទ្ធិធ្លាក់ទៅលើម្ចាស់កម្មសិទ្ធឈ្មោះ ចៅ ដូម៉ានេត្រទៅវិញ ដោយមិនមានការឯកភាពទិញលក់ ឬ ព្រមព្រៀងណាមួយពីម្ចាស់ដើមទេ គឺឃុបឃិតក្លែងបន្លំ (នេះបើតាមការអះអាងពីក្រុមម្ចាស់ដីដែលកំពុងកាន់កាប់ជាក់ស្តែងនៅទីនោះ)។
ចំពោះបញ្ហានេះលោក ឈិត បូរ៉ាវុធ ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញស្នើឲ្យចោទប្រកាន់លើបុគ្គលទាំង៣ឈ្មោះនេះពីបទរំលោភទំនុកចិត្តរហូតត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការចោទប្រកាន់លើឈ្មោះ តាន់ ឫទ្ធី ពីបទរំលោភលើទំនុកចិត្ត ហើយអនុញ្ញាតឲ្យនៅក្រៅឃុំនិងស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការ ចុះហេតុអ្វីបានជាមានឈ្មោះ ចៅ ដូម៉ានេត្រ ចេញមុខប្តឹងថាដីតំបន់នោះជាកម្មសិទ្ធិរបស់ខ្លួនទៅវិញដូចជាន់ដានចោរ តើបានមកពីប្រភពណាខ្លះ? ។ ម៉្យាងទៀតបញ្ហានេះលោក ឈិត បូរ៉ាវុធ ក៏នឹងកំពុងដំណើរការរឿងក្តីប្តឹងឲ្យឈ្មោះ តាន់ ឫទ្ធី ហាក់ គឹមហួរ និង ព្រុំ សុផាត យកប្លង់ដីខាងលើមកប្រគល់ឲ្យលោកវិញនៅតុលាការ តែបែរជាត្រូវតុលាការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នហាមឃាត់មិនឲ្យមានការសាងសង់លំនៅឋាន និងរស់នៅលើដីខាងលើនេះទៅវិញគឺជារឿងខ្វែងគំនិតគ្នានៅក្នុងប្រព័ន្ធច្បាប់តែមួយ ។
តំណាងម្ចាស់ដីម្នាក់ខាងលើនេះបានបង្ហើបថាដីទំនាស់ទាំងជាង៤ហិកតានោះមិនទាន់កាត់បំបែកក្បាលដីផ្សេងៗគ្នានៅឡើយទេ ដោយសារប្លង់ដីរួមកំពុងរសេមរសាមដូចការរៀបរាប់យ៉ាងសង្ខេបមកនេះ និងម្យ៉ាងទៀតឈ្មោះម្ចាស់ដើមដំបូងបង្អស់គឺជាជនជាតិចិនបានស្លាប់បាត់ទៅហើយនៅសល់ប្រពន្ធ និងកូនទើបឈ្មោះតាន់ ឫទ្ធី មានឱកាសច្នៃប្រឌិតបំភ្លៃរឿង ។ ដោយសារដំបូងឡើយរូបគាត់ជាតំណាងឲ្យក្រុមហ៊ុនសីុវីខា ទិញនិងលក់ដីតំបន់នោះឲ្យលោក ផេង សុង ។
សូមបញ្ជាក់ដែរថា ទីតាំងដីទំនាស់នោះក៏ធ្លាប់ត្រូវបានតុលាការចុះអនុវត្តសាលក្រមម្តងហើយដែរ កាលពីឆ្នាំ២០០៨ ដើម្បីផ្ទេរមរតកហើយការផ្ទេរមរតកនេះ ធ្វើឡើងដល់ទៅពីរដងលើទីតាំងមរកតតែមួយកន្លែង ។ ដូច្នេះសុំឲ្យតុលាការពិនិត្យឲ្យបានម៉ត់ចត់បន្តិចលើបញ្ហានេះ ។ រឿងនៅមិនទាន់ដាច់ស្រេចនេះ សង្ឃឹមថានឹងមានក្រុមអ្នកច្បាប់ចុះអនុវត្តបញ្ចប់រឿងនៅពេលក្រោយទៀតមិនខាន ដើម្បីយុត្តិធម៌សង្គម៕
ចែករំលែកព័តមាននេះ