ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់​​ប្រាណ​​​ប្រុស​ព្រាន​​​ក្លាយ​ជា​​ម្តាយ​​ក្នុង​វ័យ​​13​​ឆ្នាំ​

11 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង​ ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ ដែល​បាន​លង់​ខ្លួន​ប្រាណ​ជា​មួយ​យុវជន​ម្នាក់​ ដោយ​សារ​តែ​ពាក្យ​ពេចន៍​ចរចា​ស្នេហ៍​ផ្អែម​ល្ហែម​លើស​ពី​ទឹក​ឃ្មុំ​នោះ​ ទី​បំផុត​បាន​ក្លាយ​ជា​ការ​បោក​ប្រាស់​ ។​ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​បាន​៧​ខែ​ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​យ៉ាង​វេទនា​បំផុត​ ខណៈ​ភាគី​ខាង​ប្រុស​មិន​ទទួល​ខុស​ត្រូវ​ ហើយ​ព្យាយាម​គេច​ខ្លួនបាត់​រហូត​មក​ដល់​ពេល​នេះ​ ។​

ខេត្ត​​បាត់​ដំបង​ ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ ដែល​បាន​លង់​ខ្លួន​ប្រាណ​ជា​មួយ​យុវជន​ម្នាក់​ ដោយ​សារ​តែ​ពាក្យ​ពេចន៍​ចរចា​ស្នេហ៍​ផ្អែម​ល្ហែម​លើស​ពី​ទឹក​ឃ្មុំ​នោះ​ ទី​បំផុត​បាន​ក្លាយ​ជា​ការ​បោក​ប្រាស់​ ។​ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​បាន​៧​ខែ​ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​យ៉ាង​វេទនា​បំផុត​ ខណៈ​ភាគី​ខាង​ប្រុស​មិន​ទទួល​ខុស​ត្រូវ​ ហើយ​ព្យាយាម​គេច​ខ្លួនបាត់​រហូត​មក​ដល់​ពេល​នេះ​ ។​

សាច់ញាតិ​ក្មេង​ស្រី​ប្រាប់​ថា​ ក្មេង​ស្រី​អភ័ព្វ​នេះ​ឈ្មោះ​ វែង​ សារ៉ាន់​ រស់​នៅ​ក្នុង​ភូមិ​តាហែន​ ឃុំ​រកា​ ស្រុក​សង្កែ​ ។​ នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​យុវជន​ម្នាក់​ឈ្មោះ​ បាក់​ សេន​ អាយុ​ ២៣​ឆ្នាំ​ រស់​នៅ​ក្នុងភូមិ​ជា​មួយ​គ្នា​ ប៉ុន្ដែ​ជន​នេះ​បាន​គេច​ខ្លួន​តាំង​ពី​ដឹង​ថា​ នាង​មាន​ផ្ទៃ​ពោះ​រហូត​ដល់​នាង​សម្រាល​កូន​ ក៏​យុវជន​ បាក់​ សេន​​ និង​អាណា​ព្យាបាល​របស់​គេ​មិន​ទទួល​ខុស​ត្រូវ​ដែរ​ ។​ ប្រភព​ដដែល​បាន​បន្ដ​ថា​ នាង​វែង​ សារ៉ាន់​ ទើប​សម្រាល​កូន​បាន​ជិត​១​ខែ​ប៉ុណ្ណោះ​ តែ​នាង​និង​កូន​មាន​សុខភាព​ទន់​ខ្សោយ​ណាស់នា​ពេល​នេះ​ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​លើ​អាណាព្យាបាល​របស់​នាង​ ។​ ស្ថិត​ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង​ អង្គុយ​បី​កូន​តូច​ក្រហម​រងាល​នៅ​លើ​​អង្រឹង​ នាង​វែង​ សារ៉ាន់​ បាន​រៀប​រាប់​ថា​ ឈ្មោះ​ បាក់​ សេន​ បាន​ចាប់​ផ្ដើម​ទាក់​ទង​ស្នហា​ជា​មួយ​នាង​គ្រា​ដែលនាង​កំពុង​រៀន​នៅ​ថ្នាក់​ទី​៨​ នៃ​វិទ្យា​ល័យ​តាហែន​ ក្នុង​ស្រុក​សង្កែ​ ។​ ដោយ​សារ​តែ​ការ​លួង​លោមរបស់​គេ​ ហើយ​នាង​នៅ​ក្មេង​សេចក្ដី​មិន​បាន​គិត​វែង​ឆ្ងាយ​ ក៏​បាន​ជ្រុល​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​យុវជន​រូប​នោះ​ចំនួន​២​លើក​ នៅ​ក្នុង​ចម្ការ​ខាង​ក្រោយ​ភូមិ​។​ តាំង​ពី​ពេល​នោះ​មក​ នាង​ដឹង​ថា​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ​ រី​ឯ​ឈ្មោះ​ សេន​ ក៏​ព្យាយាម​គេច​ខ្លួនដែរ​ ក្រោយ​ពី​ដឹង​ថា​ នាង​មាន​ផ្ទៃ​ពោះ​ ។​

នាង​សារ៉ាន់​ បញ្ជាក់​ថា​ ពេល​នេះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ពេល​នេះ​មាន​អាយុ​ជិត​១​ខែ​ហើយ​ គ្រា​ដែល​នាង​ពពោះ​បាន​ត្រឹម​៧​ខែ​ ។​ កូន​របស់​នាង​កើត​ម​ក​ភ្លាម​មាន​ទម្ងន់​១,៩គីឡូក្រាម​ សុខភាព​ខ្សោយ​ ដែល​តម្រូវ​ឱ្យ​គ្រូពេទ្យ​យក​ទៅ​ថែ​ទាំ​ក្នុង​កែវ​ ។​ លុះ​មក​ដល់​ពេល​​នេះ​កូន​តូច​មាន​សុខភាព​ល្អ​បន្ដិច​ហើយ​ តែ​នាង​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែ​ទាំ​ ដោយ​សារ​នាង​​ និង​ក្រុម​គ្រួសារ​នាង​ខ្វះ​ខាត​គ្រប់​បែប​យ៉ាង​ ។​ ជា​មួយ​នឹង​រឿង​រ៉ាវ​កូន​ស្រី​នេះ​ លោក​ ឆាត​ វែង​ និយាយ​ថា​ រឿង​រ៉ាវ​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ​ គាត់​គ្មាន​អ្វ​ី​ត្រូវ​និយាយ​ទេ​ ។​ ក្នុង​រឿង​នេះ​គាត់​បាន​ព្យាយាម​ទៅ​សួរ​នាំ​អាណា​ព្យាបាល​ខាង​ប្រុស​ដែរ​ តែ​ភាគី​ខាង​ប្រុស​នេះ​ហាក់​ព្រងើយ​កន្ដើយ​មិន​រវល់​ឡើយ​ ដោយ​និយាយ​តប​មក​គាត់​វិញ​ថា​ «ស្រេច​នៅ​លើ​​កូន​ប្រុស​ចុះ»។​ លោក​ ឆាត​ វែង​ បញ្ជាក់​ថា​ ដោយ​សារ​តែ​ភាគី​ខាង​ប្រុស​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ និង​សាមី​ខ្លួន​បាន​គេច​ខ្លួន​ផង​នោះ​ គាត់​ក៏​សម្រេច​ចិត្ដ​ទៅ​ដាក់​ពាក្យ​​បណ្ដឹង​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​រួច​ហើយ​ តែ​មិន​ទាន់​ឃើញ​សមត្ថ​កិច្ច​មាន​ចំណាត់​ការ​នៅ​ឡើយ​ទេ​ ។​

តាម​រយៈ​កោះ​សន្ដិភាព​ លោក​ ឆាត​ វែង​ ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​សំណូម​ពរ​ទៅ​គ្រប់​អង្គការ​សង្គម​ស៊ីវិល​ និង​គ្រប់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នានា​ មេត្ដា​ជួយ​អន្ដរាគមន៍​ក្នុង​រឿង​នេះ​ផង​ដើម្បី​ឱ្យ​ភាគី​ខាង​ប្រុស​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ និង​បង់​ជា​សំណង​ដើម្បី​ជួយ​ចិញ្ចឹម​កូន​តូច​ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ទន់ខ្សោយ​បំផុត​ ទាំង​ម្ដាយ​ទាំង​កូន​ ។​
តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​យុវជន​ បាក់​ សេន​ បាន​រត់​ចោល​ស្រុក​ទៅ​សម្ងំ​លាក់​ខ្លួន​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​ឱ្យ​គេ​នៅ​ភូមិ​អូររអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​​ប៉ៃលិន​ ។​ សមត្ថកិច្ច​គួរ​តែ​មាន​ចំណាត់​ការ​លើ​ករណី​នេះ​ឱ្យ​បាន​ឆាប់​ ព្រោះ​ក្មេង​​ស្រី​ស្ថិត​ក្នុង​វ័យ​អនីតិជន​ ហើយ​ប្រឈម​នឹង​ការ​ទទួល​ថែ​ទាំ​ទារក​ដែល​កើត​មក​ទាំង​លំបាក​នេះ​ទៀត​ ព្រោះ​គេ​មិន​មាន​កំហុស​នោះ​ទេ​ ៕​