ខេត្តកំពង់ចាម ៖ រថយន្ដកូរ៉ូឡា ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល2A-0357 ខណៈកំពុងបោះពួយយ៉ាងលឿននៅលើកំណាត់ផ្លូវជាតិលេខ៧ បានរេចង្កូតបុកដើមអាកាស្យាពេញទំហឹងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៨ មីនា នៅក្នុងភូមិចំការគ ឃុំដារ ស្រុកមេមត់ ។
ក្នុងឧប្បត្ដិហេតុនេះបណ្ដាលឱ្យផ្ទុះឆេះស្លាប់អ្នកបើកបរដោយសារកៀបជាប់ក្នុងរថយន្ដ ឯអ្នករួមដំណើរម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។ លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា អ្នកបើកបរដែលឆេះខ្លោចស្ទើរសល់តែគ្រោងឆ្អឹងក្នុងរថយន្ដឈ្មោះ ផល សុភ័ក្ដ្រ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិកេងកង ឃុំដារ ស្រុកមេមត់ ។ ឯអ្នករួមដំណើររងរបួសធ្ងន់ឈ្មោះ ដន នាដ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិខ្នារ ឃុំខ្នារ ស្រុកពញាក្រែក ។ ពួកគេទាំង២នាក់ជាពលរដ្ឋធម្មតា ។ លោកអធិការឱ្យដឹងទៀតថា រថយន្ដកូរ៉ូឡានេះ នៅមុនពេលកើតមានគ្រោះថ្នាក់ គេឃើញរថយន្ដនេះបើកចូលទៅផឹកស៊ីនៅហាងលក់គ្រឿងក្លែមមួយកន្លែង នៅតំបន់ស្លាកសំរោង ស្ថិតក្នុងភូមិសាស្រ្ដឃុំដារ ស្រុកមេមត់ ដែលមានគ្នា២នាក់ ។
ក្រោយពីផឹកស៊ីហើយ អ្នកបើកបរបានបើករថយន្ដចេញពីហាងក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ភូមិចំការគ ឃុំដារ ក៏រេចង្កូតជ្រុលទៅបុកដើមអាកាស្យាពេញទំហឹងតែម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានជួយអន្ដរាគមន៍ ប៉ុន្ដែបើកទ្វាររថយន្ដសង្គ្រោះបានតែម្នាក់ប៉ុណ្ណោះគឺឈ្មោះ នាដ ។ ចំណែកអ្នកបើកបរវិញកៀបជើងជាប់នឹងទ្វាររថយន្ដ ហើយបន្ដិចក្រោយមករថយន្ដផ្ទុះឆេះចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅតែម្ដង ដោយមិនមាននរណាម្នាក់ហា៊នចូលទៅជួយទេ គឺត្រូវភ្លើងឆេះយ៉ាងអាណោចអាធ័ម នៅសល់តែគ្រោងឆ្អឹង ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ បញ្ជាក់ថា នាយប់ថ្ងៃដដែលនោះ មន្ដ្រីនគរបាលស្រុកមេមត់បានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងប្រមូលគ្រោងឆ្អឹងអ្នកបើកបររថយន្ដ ប្រគល់ឱ្យឪពុកក្មេកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ដដែលភ្លើងឆេះអស់ដែរសល់តែដែក ត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ៕
ចែករំលែកព័តមាននេះ