រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ដោយសារខឹងបងប្រុសមិនឱ្យទៅលេងផ្ទះសង្សារថ្ងៃសិទ្ធិនារី បានលេបថ្នាំប៉ារ៉ាសេម៉លអស់៣២គ្រាប់ប៉ងសម្លាប់ខ្លួន ។ រីឯកម្មការិនីម្នាក់ទៀតខឹងបងស្រីជីដូនមួយបង្ខំឱ្យទៅជួយលក់បាយ ត្រូវបែកឆ្ងាយពីសង្សារ ក៏លេបថ្នាំងងុយដេកអស់៣គ្រាប់ និងយុវជនម្នាក់ទៀតខឹងបងប្អូនស្តីបន្ទោសរឿងយកទូរស័ព្ទទៅលក់ ក៏រត់ទៅផឹកស្រា និងលេបថ្នាំប៉ារ៉ាសេម៉លអស់ជាង៣០គ្រាប់ ប៉ងបញ្ចប់ជីវិតដែរ ។
កម្មការិនីទាំង២នាក់ និងយុវជនម្នាក់ដែលជ្រើសរើសយកការលេបថ្នាំធ្វើអត្តឃាតទាំងនេះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈជាបន្តបន្ទាប់។
ទាក់ទិនករណីទី១ គឺកម្មការិនីកាត់ដេរម្នាក់នៅថ្ងៃឈប់សម្រាកបុណ្យទិវាសិទ្ធិនារី ៨ មីនា បានសុំបងប្រុសទៅលេងផ្ទះសង្សារនៅខេត្តព្រៃវែង តែបងប្រុសមិនព្រមឱ្យទៅ ក៏តូចចិត្តលេបថ្នាំប៉ារ៉ាសេម៉លអស់៣២គ្រាប់ប៉ងធ្វើអត្តឃាត កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៧ មីនា នៅផ្ទះជួលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
កម្មការិនីរូបនេះឈ្មោះ ស៊ន សំអូន អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលកើេតហេតុខាងលើ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្រោយពេលលេបថ្នាំរួចហើយ ទើបបងប្រុសដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលជួយសង្គ្រោះទាន់ពេល ហើយត្រឡប់ទៅផ្ទះវិញ។
ចំណែកករណីទី២ កម្មការិនីកាត់ដេរម្នាក់ទៀតខឹងបងស្រីជីដូនមួយបង្ខំឱ្យទៅជួយលក់ដូរបែកពីសង្សារ ក៏លេបថ្នាំងងុយដេកអស់៣គ្រាប់ប៉ងធ្វើអត្តឃាត កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
កម្មការិនីកាត់ដេររូបនេះឈ្មោះរុ៉ង អាយុ១៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកតាអុង ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានសង្សារធ្វើការជាមួយគ្នា ហើយបងស្រីជីដូនមួយមានមុខរបរលក់បាយនៅក្រុងព្រះសីហនុ ដោយអត់មានអ្នកជួយ ក៏ហៅឱ្យនាងទៅជួយលក់ជាមួយ និងឱ្យឈប់ពីការងារ បុ៉ន្តែនាងមិនព្រមទៅ ព្រោះមិនចង់បែកឆ្ងាយពីសង្សារ ទើបនាងសុខចិត្តលេបថ្នាំងងុយដេកដើម្បីសម្លាប់ខ្លួន ។ គ្រាន់តែលេបថ្នាំងងុយដេកអស់៣គ្រាប់ ក៏សន្លប់ស្តូកស្តឹង ត្រូវសាច់ញាតិដឹកតាមរ៉ឺម៉កម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈផងដែរ ។ ដោយឡែក ករណីទី៣ យុវជនម្នាក់ដែលបងស្រីទិញទូរស័ព្ទឱ្យប្រើ បែរជាយកទៅលក់បានលុយចាយវាយអស់ ត្រូវបងស្រីស្តីបន្ទោសក៏លេបថ្នាំប៉ារ៉ាសេម៉លអស់ជាង៣០គ្រាប់ធ្វើអត្តឃាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៧ មីនា នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
យុវជនរូបនេះឈ្មោះ ស៊ី ដារិទ្ធិ អាយុ២៧ឆ្នាំ បានមកយាមដីឱ្យបងនៅចំណុចកើតហេតុខាងលើ ហើយបងស្រីបានទិញទូរស័ព្ទសាំស៊ុងមួយគ្រឿងទុកសម្រាប់ទាក់ទងគ្នា ស្រាប់តែប្អូនប្រុសរូបនេះយកទូរស័ព្ទនោះទៅលក់ ហើយបងស្រីទូរស័ព្ទអត់ចូល ទើបដឹងថា គេយកទូរស័ព្ទទៅលក់ បានស្តីបន្ទោស កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៧ មីនា ទើបគេមានចិត្តខឹង ក៏ទៅផឹកស្រា ហើយរត់ឡើងទៅសម្ងំនៅក្នុងបន្ទប់ឡៅតឿលេបថ្នាំប៉ារ៉ាសេម៉លអស់ជាង៣០គ្រាប់ រួចរត់ចុះមកខាងក្រោមវិញសន្លប់ស្តូកស្តឹង ទើបបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈសង្គ្រោះទាន់ពេលផងដែរ ៕
ចែករំលែកព័តមាននេះ