រាជធានីភ្នំពេញ ៖ ផ្លូវជុំវិញទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យធ្វើដំណើរជាធម្មតាវិញហើយ បន្ទាប់ពីមានការប្រមូលផ្ដុំកម្មករ-កម្មការិនី ដែលដឹកនាំដោយសហព័ន្ធសហជីព និងសមាគមទាំង១៨ដែលអាជ្ញាធរចាត់ទុកថា បានបំពានទៅនឹងអ្វីដែលសាលារាជធានីភ្នំពេញ បានបដិសេធក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ មីនា កន្លងមក ។
ទោះបីអត់ច្បាប់ក៏ពួកគេមានះនាំគ្នារៀបចំវេទិការសាធារណៈ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះដាក់កម្លាំងការពារ និងដាក់បារ៉ាស់ព័ទ្ធជុំវិញ និងមិនអនុញ្ញាតឱ្យប្រមូលផ្ដុំនៅលើទីលានប្រជាធិបតេយ្យឡើយ ធ្វើឱ្យកើតមានបរិយាកាសអាប់អួ ។ មន្ដ្រីសាលាខណ្ឌដូនពេញ ដែលតាមសភាពការណ៍នៅទីលានប្រជាធិបតេយ្យបានឱ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៨ មីនា ដែលជាថ្ងៃប្រារព្ធទិវាអន្ដរជាតិនារី ៨ មីនា បារ៉ាស់នៅជុំវិញទីលានប្រជាធិបតេយ្យត្រូវបានសមត្ថកិច្ចដកចេញទៅវិញអស់ហើយ និងបានអនុញ្ញាតឱ្យធ្វើដំណើរជាធម្មតាឡើងវិញដែរ ក្រោយពីកម្មករ-កម្មការិនីដែលដឹកនាំដោយសហព័ន្ធសហជីព និងសមាគមទាំង១៨នោះមានចរិតលាយឡំនឹងនយោបាយ ព្យាយាមសម្រុកចូលទីលានប្រជាធិបតេយ្យរៀបចំវេទិកាសាធារណៈ ។ ដោយឡែក សហគមន៍បឹងកក់ ថ្មគោល បុរីកីឡា និងសហគមន៍ផ្សេងៗដែលចេតនាដង្ហែក្បួនទាំងគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ទៅកាន់ក្រសួងកិច្ចការនារី ដើម្បីដាក់ញត្ដិក៏ត្រូវកម្លាំងសមត្ថកិច្ចរារាំងមិនឱ្យដង្ហែក្បួនចេញដែរ ។
ការប្រមូលផ្ដុំរបស់កម្មករ-កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋនៅជិតទីលានប្រជាធិបតេយ្យ និងមកពីសហគមន៍ដីធ្លីនៅតំបន់បឹងកក់ គឺមិនមានការប៉ះទង្គិចគ្នារហូតឈានដល់ការប្រើហិង្សាទេ ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចចម្រុះទទួលរងនូវពាក្យមិនសមរម្យ ខណៈពេលដែលសមត្ថកិច្ចធ្វើការរារាំងមិនឱ្យពួកគេដង្ហែក្បួន និងចូលទៅធ្វើវេទិកាសាធារណៈ ។ នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៨ មីនា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្សុី និងលោក កឹម សុខា ព្រមទាំងលោក ម៉ម សូណង់ដូ បានចុះមកជួបសកម្មជន សហជីពដែលឈរនៅក្បែរៗទីលានប្រជាធិបតេយ្យ ក្នុងបំណងព្យាយាមចូលទៅរៀបចំវេទិកាសាធារណៈ ប៉ុន្ដែត្រូវបានសមត្ថកិច្ចរារាំង ។ នៅពេលជួបជាមួយសកម្មជន សហជីពជាច្រើននៅក្បែរទីលានប្រជាធិបតេយ្យ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្សុី ក៏ដូចជាលោក ម៉ម សូណង់ដូ ក៏បានថ្លែងទៅកាន់អ្នកចូលរួមអំពីបញ្ហាសិទ្ធិនារី នៅក្នុងឱកាសទិវានារីអន្ដរជាតិ លើកទី១០៣ ហើយនៅក្នុងទិដ្ឋភាពជាក់ស្ដែង មកដល់ពេលនេះមានសកម្មជន សហជីពមួយចំនួនបានធ្វើដំណើរចាកចេញជាបណ្ដើរៗ ដោយសារតែការព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យមិនបានសម្រេច ហើយក៏មានតំណាងសហជីពមួយចំនួនថ្លែងទៅកាន់អ្នកចូលរួម ខណៈពេលប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ នាំគ្នាឡើងជិះរថយន្ដចាកចេញពីស្ពាននាគយ៉ាងប្រញាប់ប្រញាល់ ។
បើតាមគម្រោងវេទិកាសាធារណៈនោះរៀបចំឡើងដើម្បីទាមទារប្រាក់ឈ្នួល១៦០ដុល្លារ និងឱ្យដោះលែងសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងមនុស្សសរុប២១នាក់ ដែលកំពុងជាប់ឃុំឃាំង ។ ដោយឡែក នៅថ្ងៃទិវាអន្ដរជាតិនារី ៨ មីនា នេះដែរ ក្រុមសកម្មជនបឹងកក់ បានប្រើប្រាស់ទិវានេះជួបជុំរវាងស្រ្ដីសហគមន៍ដែលមានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ រួចគ្រោងដង្ហែក្បួនចេញពីបឹងកក់ទៅកាន់ក្រសួងកិច្ចការនារី ដើម្បីដាក់ញត្ដិ ក៏ប៉ុន្ដែមិនត្រូវបានអាជ្ញាធរអនុញ្ញាតទេ ខណៈពេលពួកគេព្យាយាមដង្ហែក្បួនមកដល់កែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ការប្រឈមមុខគ្នានេះ ត្រូវបានរំសាយ ក្រោយពីមន្ដ្រីសាលារាជធានីភ្នំពេញ ទទួលយកញត្ដិរបស់អ្នកមានជម្លោះដីធ្លីទាំង២១សហគមន៍ នៅតំបន់បឹងកក់ដោយផ្ទាល់ ។ មន្ដ្រីសាលាខណ្ឌបញ្ជាក់ថា លោកសង្កេតឃើញថា ភាគច្រើនកម្មករ-កម្មការិនីនៅតាមបណ្ដារោងចក្រ ពួកគេមិនបានមកចូលរួមច្រើនទេ ជាមួយខាងសហព័ន្ធសហជីព និងសមាគមទាំង១៨ ហើយភាគច្រើនគឺអ្នកសង្កេតការណ៍មកពីអង្គការនានា មានរួមទាំងសកម្មជនបរទេសរបស់គណបក្សសង្គ្រោះជាតិតែម្ដង។ចំណែកក្រុមសហជីពបានឆ្លើយតបថា រឿងមកច្រើនមកតិចមិនសំខាន់ឡើយ បញ្ហារារាំងនេះឯងដែលធ្វើឱ្យពួកគេមានការភ័យខ្លាច ។
លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ មីនា នៅក្នុងឱកាសសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៅក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដែលមិនអនុញ្ញាតឱ្យមានការជួបជុំលើទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី៨ មីនា ដោយសារខ្លាចធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ នាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ ។ ទោះបីជាយ៉ាងណា សាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតឱ្យក្រុមសហជីពទាំងអស់នោះប្រារព្ធពិធីរបស់ខ្លួននៅតាមទីស្នាក់ការរៀងៗខ្លួនដែរ ៕
ចែករំលែកព័តមាននេះ