យោងតាមតួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃទី៨ មីនា ថា ប្រទេសចិនបានជួបនឹងឱនភាពពាណិជ្ជកម្មហួសការស្មានចំនួន២២,៩៨ពាន់លានដុល្លារកាលពីខែកុម្ភៈ ដោយក្រុមអាជ្ញាធរបានស្តីបន្ទោសទៅលើរដូវកាលឈប់សម្រាកនៅក្នុងប្រទេសចំពោះដំណើរការដ៏ទន់ខ្សោយនេះ ។
នៅក្នុងខែដូចគ្នាកាលពីឆ្នាំមុន ចិនបានទទួលអតិរេកពាណិជ្ជកម្មដល់ទៅ១៤,៨ពាន់លានដុល្លារ ។ ការនាំចេញធ្លាក់ចុះ១៨,១% ដល់១១៤,១០ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង១០,១%ដល់១៣៧,០៨ពាន់លានដុល្លារ ។
យោងតាមអគ្គរដ្ឋបាលគយ ឱ្យដឹងថា កត្តារដូវកាលពិធីបុណ្យចូលឆ្នាំថ្មីចិនបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងគំហុកបែបនេះ រួមផ្សំនឹងឱនភាពប្រចាំខែ ។ ក្រុមហ៊ុនពាណិជ្ជកម្មចិនតែងតែមានទម្លាប់បង្កើនការនាំចេញឱ្យបានច្រើន នៅមុខថ្ងៃចូលឆ្នាំថ្មី ហើយបន្ទាប់មកផ្តោតលើការនាំចូលភ្លាម ។
លោកចូវ ហាវ សេដ្ឋកិច្ចវិទូធនាគារANZ នៅទីក្រុងសៀងហៃនិយាយប្រាប់សារព័ត៌មានAFP ថាជាទូទៅយើងមានសុទិដ្ឋិនិយមខ្លះដែរ ចំពោះទស្សនវិស័យពាណិជ្ជកម្មនៅក្នុងឆ្នាំនេះ ។ លោកថាឱនភាពដ៏ភ្ញាក់ផ្អើលនាពេលនេះ គឺទំនងជាកើតចេញពីកិច្ចខិតខំរបស់រាដ្ឋាភិបាលក្នុងការទប់ស្កាត់លំហូរមូលធនដែលគិតទុកជាមុន បំណងដើម្បីទទួលបានប្រាប់ចំណេញពីការឡើងថ្លៃនៃរូបិយប័ណ្ណយន់របស់ចិន ។
កាលពីដើមឆ្នាំមុន គេបានឃើញការប្រែប្រួលខុសធម្មតាដែលបង្កឡើងដោយការទូទាត់វិក័យបត្រលើស (ការបំប៉ោងតម្លៃទំនិញលើវិក័យបត្រ ) ដោយក្រុមហ៊ុននាំចេញនិងក្រុមហ៊ុននាំចូល ក្នុងគោលបំណងដើម្បីបន្លំលំហូរមូលធនដែលជាការអនុវត្តមួយដែលគេជឿថា រដ្ឋាភិបាលបានបង្ក្រាបនាពេលក្រោយមក ។
អត្រាដោះដូររូបិយប័ណ្ណរបស់ប្រាក់យន់ធៀបប្រាក់ដុល្លារអាមេរិកត្រូវបានកំណត់ប្រចាំថ្ងៃដោយធនាគារកណ្តាលចិន ដែលអនុញ្ញាតឱ្យប្រាក់យន់ធ្វើការដោះដូរកើនឡើងតែ១% ឬក្រោមនេះ ៕
ចែករំលែកព័តមាននេះ